ហាងកាហ្វេលើយន្តហោះដ៏ល្បីរបស់ថៃ “Coffee War” ត្រូវបានបញ្ជាឲ្យបិទជាបណ្ដោះអាសន្ន ដោយសារតែហេតុផលមួយនេះ
អាជីវកម្ម June 25, 2020 Chan Sreyny

ថៃ៖ ហាងកាហ្វេដែលទើបង្កើតថ្មីដ៏ល្បីមួយនៅក្នុងប្រទេសថៃ ដែលទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គមកាលពីពេលថ្មីៗនេះ ត្រូវបានបញ្ជាឲ្យបិទជាបណ្ដោះអាសន្ន។ យោងតាមសារព័ត៌មានថៃ The Thaiger បានឲ្យដឹងថាការបង្គាប់បញ្ជាឲ្យផ្អាកនេះ គឺដោយសារតែគេយល់ថា ក្នុងមួយថ្ងៃៗមានអតិថិជនជនរាប់ពាន់នាក់បានមកកម្សាន្ត​ និងទិញកាហ្វេនៅក្នុងហាងដែលត្រូវបានបង្កើតឡើងនៅក្នុងយន្តហោះ Airbus 330 នេះ ដែលបង្កឲ្យមានការព្រួយបារម្ភចំពោះការរីករាលដាលនៃវីរុស Covid-19។

ជាមួយគ្នានេះដែរ អ្នកចាត់ការ Suttipong Boonloi បានឲ្យដឹងថា ហាងកាហ្វេ “Coffee War” នេះត្រូវបានបង្កើតឡើងនៅលើយន្តហោះដែលមានតម្លៃ ១០លានបាត (ប្រហែល ៣២ ម៉ឺនដុល្លារ) ហើយត្រូវបានច្នៃបងកើតជាហាងកាហ្វេដែលលក់ក្នុងតម្លៃពី ៦០ ទៅ ៨០ បាតក្នុងមួយកែវ។ លោកបានបន្តថា ការបើកដំណើរការហាងកាហ្វេមួយនេះបានអនុវត្តវិធានការណ៍អនាម័យយ៉ាងតឹងរឹងរួចមកហើយ។ លើសពីនេះទៅទៀតមានតែអតិថិជន ៦០ នាក់ប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតិអោយនៅលើយន្តហោះក្នុងពេលតែមួយដោយអតិថិជនម្នាក់ៗកំណត់ត្រឹម ៤០ នាទីនៅខាងក្នុង។

ប៉ុន្តែទោះជាយ៉ាងនេះក្ដីមន្រ្តីសុខភាពសាធារណៈអមដំណើរដោយលោកអធិការស្រុក Sattahip បានស្នើសុំឲ្យហាងកាហ្វេមួយនេះ បិទទ្វាររយៈពេលមួយសប្តាហ៍ក្នុងគោលបំណងជួយកាត់បន្ថយភាពចង្អៀតណែនតាន់តាប់ជាប្រចាំថ្ងៃ និងបំបាត់ការប្រមូលផ្ដុំនៃភ្ញៀវទៅកាន់ទីនោះ។ ក្រុមមន្រ្តីបានអះអាងថា វីរុស Covid-19 នៅតែជាហានិភ័យមួយសម្រាប់ប្រទេសថៃ ហើយប្រមូលផ្ដុំក្នុងចំនួនដ៏ច្រើនបែបនេះនឹងបង្កើនឱកាសនៃការផ្ទុះឡើងជាថ្មីនៃវីរុស ខណៈ Chon Buri និង Pattaya ពេលនេះបានរាយការណ៍ថា រយៈពេល ៦០ ថ្ងៃកន្លងទៅនេះគ្មានករណីឆ្លងថ្មីក្នុងសហគមន៍ណាមួយឡើយ៕

អត្ថបទ៖ លីនី
ប្រភព៖ thethaiger