ខណៈក្រុមហ៊ុនជាច្រើនធ្លាក់ចូលវិបត្តិក្នុងសម័យកូវីដ តែក្រុមហ៊ុនគ្រប់គ្រងដោយគ្រួសារមួយនេះបែរជាទទួលបានប្រាក់ចំណេញស្ទើរមិនគួរឲ្យជឿពីផលិតផលមួយនេះ
អាជីវកម្ម June 23, 2020 Chan Sreyny

ខណៈពេលដែលប្រទេសអ៉ីតាលីបានក្លាយជាប្រទេសដំបូងបង្អស់ដែលបានបិទទ្វារប្រទេសក្នុងអំឡុងពេលរីករាលដាលនៃវីរុស Covid-19 កាលពីដើមខែមីនា ហាងនានាត្រូវបានបិទ និងធ្វើឲ្យក្រុមហ៊ុនជាច្រើនធ្លាក់ចូលក្នុងវិបត្តិ។ ប៉ុន្តែក្រុមហ៊ុនដែលគ្រប់គ្រងដោយគ្រួសារមួយបែរជាទទួលបានប្រាក់ចំណេញច្រើនសន្ធឹកពីវិបត្តិនេះទៅវិញ។

យោងតាមការចុះផ្សាយរបស់ទស្សនាវដ្ដី Forbes បានឲ្យដឹងថា GVS Group ដែលជាក្រុមហ៊ុនផលិតម៉ាស់ (biohazard masks) និងតម្រងវេជ្ជសាស្ត្រ (medical filters) បានមើលឃើញពីតម្រូវការផលិតផលរបស់ខ្លួនសម្រាប់បំពាក់នៅក្នុងបំពង់ខ្យល់ ដែលជាឧបករណ៍ចាំបាច់សម្រាប់ព្យា​បាលអ្នកជំងឺ Covid-19។ ការកើនឡើងនៃតម្រូវការនេះបានធ្វើឲ្យតម្លៃទីផ្សារនៃភាគហ៊ុនរបស់ក្រុមហ៊ុនកើនឡើងដល់ទៅ ១.៩ ពាន់លានដុល្លារអាមេរិកនៅលើផ្សារហ៊ុនអ៉ីតាលីកាលពីថ្ងៃសុក្រសប្ដាហ៍មុន។

ក្រុមហ៊ុន GVS បានគិតគូរពីការបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ចាប់តាំងពីខែកញ្ញាឆ្នាំ២០១៩ ប៉ុន្តែផែនការទាំងនោះត្រូវបានបង្អាក់ដំណើរដោយការផ្ទុះឡើងនៃវីរុស Covid-19 ។ ប៉ុន្តែទោះបីជាយ៉ាងនេះក្ដីវិបត្តិនេះបានប្រែក្លាយជាប្រាក់ចំណេញដែលមិនបានរំពឹងទុកសម្រាប់ក្រុមហ៊ុន ដែលឥឡូវនេះទទួលបានប្រាក់ចំណូលច្រើនជាងពាក់កណ្តាលនៃប្រាក់ចំណូលដែលក្រុមហ៊ុនរកបានពីផ្នែកសុខភាព និងវិទ្យាសាស្ត្ររបស់ខ្លួន។

នាយកប្រតិបត្តិលោក Massimo Scagliarini បានប្រាប់ Forbes កាលពីថ្ងៃសុក្រថា៖ «យើងបានបើកខ្សែសង្វាក់ផលិតកម្មថ្មីសម្រាប់ផលិតម៉ាស់នៅតាមរោងចក្ររបស់យើងនៅជុំវិញពិភពលោក ដោយផ្គត់ផ្គង់ដល់រដ្ឋាភិបាលថ្នាក់ជាតិប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19។ នេះបានផ្តល់ឱ្យយើងនូវលទ្ធផលដ៏អស្ចារ្យស្ទើរមិនគួរឱ្យជឿ»។ គួររំលឹកផងដែរថា ក្រុមហ៊ុនដែលគ្រប់គ្រងដោយក្រុមគ្រួសារមួយនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៧៩ មានមូលដ្ឋាននៅទីប្រជុំជន Zola Predosa ជាយក្រុង Bologna។

មុនពេលបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្រុមហ៊ុននេះត្រូវបានគ្រប់គ្រងទាំងស្រុងដោយនាយកប្រតិបត្តិលោក Massimo Scagliarini និងបងប្អូនបង្កើតរបស់គាត់។ បងប្អូនបង្កើតទាំងបួនឥឡូវកាន់កាប់ភាគហ៊ុន ៦០% នៃភាគហ៊ុនរបស់ក្រុមហ៊ុន។ ខណៈលោក Massimo គឺជាម្ចាស់ភាគហ៊ុនធំជាងគេដែលមានភាគហ៊ុន ២២.៥% បន្ទាប់មកបងប្រុសរបស់គាត់ គឺលោក Marco ដែលមានប្រហែល ២២% ។ សរុបមកភាគហ៊ុនរបស់គ្រួសារឥឡូវនេះមានតម្លៃជិត ១.២ ពាន់លានដុល្លារ។ បន្ថែមពីនេះប្រាក់ចំណូលកាលពីឆ្នាំ២០១៩ បានកើនឡើង ៩% ក្នុងចំនួន ២៥៩ លានដុល្លារហើយប្រាក់ចំណេញសុទ្ធបានកើនឡើង ៤៣% ដល់ ៣៧ លានដុល្លារ៕

អត្ថបទ៖ លីនី
ប្រភព៖ forbes