ការលក់ផ្ទះនៅសិង្ហបុរីហក់ឡើងខ្ពស់ក្នុងខែឧសភា បើទោះបីជាប្រទេសនៅតែបិទទ្វារទប់ស្កាត់វីរុស Covid-19
អចលនទ្រព្យ June 16, 2020 Chan Sreyny

ការលក់ផ្ទះនៅសិង្ហបុរីកាលពីខែឧសភាស្ទុះងើបឡើងវិញ​ ពោលគឺកើនឡើងជាងខែមេសា ដោយសារអ្នកទិញកាន់តែច្រើននៅតែសម្លឹងឃើញអចលនទ្រព្យនៅក្នុងទីក្រុង បើទោះបីជាទីក្រុងនៅតែស្ថិតក្រោមការបិទទ្វារដើម្បីទប់ស្កាត់វីរុស Covid-19។ យោងតាមទិន្នន័យរបស់អាជ្ញាធរអភិវឌ្ឍន៍ទីក្រុងដែលបានចេញផ្សាយកាលពីថ្ងៃច័ន្ទបានឲ្យដឹងថា ផ្ទះថ្មីៗដែលបានលក់ចេញកើនឡើង ៧៥% ស្មើនឹង ៤៨៦ខ្នងកាលពីខែមុន បើប្រៀបធៀបនឹង​ខែមេសាមានត្រឹមតែ ២៧៧ខ្នង។

ការកើនឡើងនេះបានបង្ហាញតួលេខដ៏គួរឲ្យភ្ញាក់ផ្អើល ខណៈអ្នកវិភាគបានរំពឹងថា ការលក់នៅខែឧសភានឹងធ្លាក់ចុះទាបជាងខែមេសាទៅទៀត ដោយសារតែប្រទេសសិង្ហបុរីនៅតែស្ថិតក្រោមការបិទទ្វារប្រទេសដោយតម្រូវឲ្យមនុស្សស្នាក់នៅតែផ្ទះ។ ទោះបីជាការលក់កើនឡើងនៅក្នុងខែឧសភាក្ដី តែបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានឹងឆ្នាំមុនការលក់បានធ្លាក់ចុះប្រហែល ៥០%។

យ៉ាងណាមិញរដ្ឋាភិបាលសិង្ហបុរី ក៏បានលើកទឹកចិត្តតាមរយៈការបន្ធូរបន្ថយដល់អ្នកអភិវឌ្ឍន៍អចលនទ្រព្យដោយអូសបន្លាយពេលនៃការលក់សម្រាប់លំនៅដ្ឋាន និងពេលវេលាសម្រាប់គម្រោងដែលត្រូវបញ្ចប់។ បើយោងតាមអ្នកវិភាគ បានរំពឹងថាការលក់ឡើងវិញនឹងចាប់ផ្ដើមល្អប្រសើរវិញចាប់ពីខែកក្កដាឆ្នាំនេះទៅ៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost