ដោយសារវីរុសកូរ៉ូណា អាជីវកម្មជាង ១ លាននៅអង់គ្លេសកំពុងសុំជំនួយបន្ទាន់ពីរដ្ឋាភិបាល ដើម្បីបន្តដង្ហើម
អាជីវកម្ម June 11, 2020 Chan Sreyny

​អាជីវកម្ម ១.១ លាននៅប្រទេសអង់គ្លេស​បានដាក់ពាក្យស្នើសុំប្រាក់កម្ចី ដែលផ្ដល់ដោយរដ្ឋាភិបាលដើម្បីជួយពួកគេឲ្យឆ្លងផុតពីគ្រាដ៏លំបាក ដោយសារវីរុសកូរ៉ូណាដែលកំពុងរាតត្បាត និងបំផ្លាញសេដ្ឋកិច្ច។ ខណៈពេលដែលអាជីវកម្មជាច្រើនបានធ្លាក់វិបត្តិ ការងារជិត ៩លានក៏ត្រូវបានដាក់ក្រោមគ្រោងការណ៍របស់រដ្ឋាភិបាលដែលនឹងផ្ដល់ប្រាក់ខែដល់និយោជិតរហូតដល់ ៨០% នៅពេលពួកគេតម្រូវឲ្យនៅផ្ទះ។

បើតាមការចុះផ្សាយរបស់សារព័ត៌មានអង់គ្លេស Independent បានឲ្យដឹងថាគិតត្រឹមថ្ងៃអាទិត្យកន្លងទៅនេះ អាជីវកម្មជិត ១.១ លាននាក់បានដាក់ពាក្យស្នើសុំគម្រោងជំនួយមួយក្នុងចំណោមគម្រោងទាំង ៣ របស់រដ្ឋាភិបាល។ ដោយគម្រោងប្រាក់កម្ចីគាំទ្រដោយរដ្ឋាភិបាលចំនួន ៣ ត្រូវបានគ្រប់គ្រងដោយអ្នកផ្ដល់ប្រាក់កម្ចីធំៗ ក្នុងរង្វង់ទឹកប្រាក់ ៣៩.៧ ពាន់លានដុល្លារដល់អាជីវកម្មចំនួន ៨៣០,០០០ នៅទូទាំងប្រទេស។

ទោះបីជាយ៉ាងនេះក្ដីលោក Ed Miliband លេខាធិការផ្នែកអាជីវកម្ម និងការងារបាននិយាយថា គ្រោងការណ៍ប្រាក់កម្ចីរបស់រដ្ឋាភិបាលនៅតែមិនទាន់ធ្វើបានគ្រប់គ្រាន់ដើម្បីសង្រ្គោះអាជីវកម្ម ដោយតម្រូវការកំពុងកើនឡើង ប៉ុន្តែវឌ្ឍនភាពកំពុងជាប់គាំងដោយគម្លាតកាន់តែខ្លាំងរវាងពាក្យសុំសរុប និងប្រាក់កម្ចីដែលបានព្រមព្រៀងគ្នា។ គួរបញ្ជាក់ផងដែរថា អាជីវកម្មជាច្រើននៅក្នុងប្រទេសអង់គ្លេសបានប្រឈមនឹងការលំបាកយ៉ាងខ្លាំងអស់រយៈពេលជាច្រើនខែមកហើយ ដូច្នេះអាជីវកម្មខ្លះនឹងមិនអាចទ្រាំទ្របានយូរទៀតនោះទេ៕

ប្រភព៖ independent
អត្ថបទ៖ លីនី