ថៃ៖ គណៈរដ្ឋមន្រ្តីថៃបានអនុម័តកាលពីពេលថ្មីៗនេះនូវសេចក្ដីព្រាងច្បាប់ដែលតម្រូវឲ្យអ្នកផ្ដល់សេវាឌីជីថលបរទេសបង់ពន្ធលើតម្លៃបន្ថែម (VAT) ដែលធ្វើឲ្យប្រទេសថៃក្លាយជាប្រទេសចុងក្រោយបង្អស់នៅអាស៊ីអាគ្នេយ៍ ដែលស្វែងរកការជំរុញប្រាក់ចំណូលពន្ធពីក្រុមហ៊ុនបច្ចេកវិទ្យាអន្តរជាតិ។ ខណៈកាលពីខែមុន ប្រទេសឥណ្ឌូនេស៊ីបានអនុម័តច្បាប់មួយដែលតម្រូវឲ្យក្រុមហ៊ុនអ៉ីនធឺណេតធំៗ បង់ពន្ធលើតម្លៃលក់ផលិតផល និងសេវាកម្មឌីជីថលចាប់ពីខែកក្កដា ហើយប្រទេសហ្វីលីពីនសមាជិកសភាបានណែនាំច្បាប់ស្រដៀងគ្នានៅក្នុងសភាដើម្បីបង់ពន្ធសេវាកម្មឌីជីថល។
បើតាមអ្នកនាំពាក្យរដ្ឋាភិបាលលោកស្រី Ratchada Thanadirek បានឲ្យដឹងថា រដ្ឋាភិបាលថៃនឹងតម្រូវឲ្យក្រុមហ៊ុន រឺ វេទិការដែលរកចំណូលបានលើសពី ១.៨ លានបាតក្នុងមួយឆ្នាំពីការផ្ដល់សេវាកម្មឌីជីថលនៅក្នុងប្រទេសឲ្យបង់ពន្ធ (VAT) ៧% ពីការលក់។ លោកស្រីបានបន្ថែមថា ប្រទេសថៃរំពឹងថានឹងបន្ថែមថវិកាប្រមាណ ៣ ពាន់លានបាតទៅក្នុងថវិការបស់ខ្លួនជារៀងរាល់ឆ្នាំពីការផ្លាស់ប្តូរនេះ។

ដោយឡែកលោក Thanawat Malabuppha ប្រធានសមាគមពាណិជ្ជកម្មអេឡិចត្រូនិកថៃបានប្រាប់រ៉យទ័រថា លោកស្វាគមន៍ចំពោះការផ្លាស់ប្តូរនេះ ព្រោះវានឹងជួយដល់ពាណិជ្ជកម្មថៃ។ ដោយលោកបានបញ្ជាក់បន្ថែមថា៖ «អ្នកដែលរកលុយពីប្រជាជនថៃ គួរតែបង់ពន្ធដល់ប្រទេស»។

បន្ថែមពីនេះទៅទៀតក្រុមអ្នកវិភាគបាននិយាយថា រោគរាតត្បាត Covid-19 បានជំរុញដល់រដ្ឋាភិបាលនៅជុំវិញពិភពលោកក្នុងបន្ថែមការបង់ពន្ធលើក្រុមហ៊ុនអ៉ីនធឺណេត បន្ទបាប់ពីមើលឃើញពីការបង្កើនប្រាក់ចំណូលរបស់ក្រុមហ៊ុន ខណៈប្រជាជនស្នាក់នៅផ្ទះអំឡុងពេលមានការចាក់សោរជាសកល។
ជាមួយគ្នានេះដែរមានប្រទេសជិត ១៤០ មកពីអង្គការដើម្បីសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) កំពុងចរចាអំពីការសរសេរឡើងវិញនូវច្បាប់ពន្ធគោលមួយ ដើម្បីពិចារណាអំពីការកើនឡើងនៃក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដូចជា Amazon, Facebook, Apple និង Google។ គួរឲ្យដឹងផងដែរថា ប្រទេសថៃបានគិតពិចារណាពីការគិតពន្ធអាជីវកម្មឌីជីថលជាច្រើនឆ្នាំមកហើយ ដោយសង្ឃឹមថានឹងទាញយកសេដ្ឋកិច្ចឌីជីថលរបស់ប្រទេស ឲ្យក្លាយទៅជាប្រទេសមួយដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងតំបន់៕
ប្រភព៖ bangkokpost
អត្ថបទ៖ លីនី


