ភ្នំពេញ៖ គណៈកម្មការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន SUN & MOON HOTEL CO., LTD. សម្រាបគម្រោងសាងសង់និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៤ នៅកណ្ដាលក្រុងភ្នំពេញ។
ដោយយោងតាមការបញ្ជាក់របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឲ្យដឹងថា គម្រោងសាងសង់និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៤ ចំនួន ២០០បន្ទប់ មានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ ២៨៥ មហាវិថីព្រះនរោត្តម ជាប់ស្ពានព្រះមុនីវង្ស កែងផ្លូវលេខ២៣៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ បន្ថែមពីនេះក្រុមហ៊ុននឹងបោះទុនវិនិយោគប្រមាណ ៣៥.២ លានដុល្លារអាមេរិក ដោយអាចបង្កើតឱកាសការងារបានចំនួន ៥៣៥កន្លែង។

សូមជម្រាបផងដែរថា គម្រោងសាងសង់សណ្ឋាគារលំដាបផ្កាយ៤ នេះនឹងចូលរួមចំណែកជួយដល់វិស័យទេសចរណ៍កម្ពុជា ក៏ដូចជាជួយដល់ប្រជាពលរដ្ឋតាមរយៈការផ្ដល់ឱកាសកាងារ ជាពិសេសសម្រាប់អ្នកដែលបានបាត់បង់ការងារនៅក្នុងវិស័យនេះមួយចំនួន ដើម្បីដោះស្រាយបញ្ហាជីវភាពរបស់ពួកគេ៕

អត្ថបទ៖ លីនី


