ចាប់តាំងពីមានរោគរាតត្បាតដោយសារវីរុស Covid-19 អាជីវកម្មនៅក្នុងប្រទេសសិង្ហបុរីជាច្រើនត្រូវបានបិទទ្វារ ដោយសារការធ្លាក់ចុះតម្រូវការ និងការអនុវត្តវិធានការទប់ស្កាត់ការរីករាលដាលនៃវីរុសរបស់រដ្ឋាភិបាលផងដែរ។ ជាក់ស្ដែងនៅក្នុងខែមេសាមានក្រុមហ៊ុនប្រហែល ៣,៨០០ ក្រុមហ៊ុនបានបិទទ្វារ នេះបើយោងតាមលោក Chee Hong Tat ទេសរដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មបានបង្ហើបឲ្យដឹងកាលពីថ្ងៃសុក្រម្សិលមិញនេះ។
ជាមួយគ្នានេះលោក Chee បានបន្តថា ចំនួនអាជីវកម្មដែលបិទទ្វារនឹងកើនឡើងច្រើនបន្ថែមទៀត ហើយអាជីវកម្មដែលបង្កើតថ្មីៗនៅតែបន្តធ្លាក់ចុះ នៅប៉ុន្មានខែខាងមុខនេះ ដោយសារវីរុស Covid-19 ដែលកំពុងបន្តបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរបស់សិង្ហបុរី។ ជាក់ស្ដែងនៅក្នុងឆ្នាំនេះ មានតែអាជីវកម្មប្រមាណ ៣៨០០ ត្រូវបានបង្កើតឡើងនៅក្នុងខែមេសា ទាបជាង ៣០% ក្នុងរយៈពេលដូចគ្នានៅចន្លោះឆ្នាំ ២០១៥ និងឆ្នាំ ២០១៩។

លោក Chee ក៏បានបញ្ជាក់ផងដែរថា ជំងឺរាតត្បាតដោយវីរុស Covid-19 បានដាក់បន្ទុកទៅលើអាជីវកម្មនៅក្នុងវិស័យជាច្រើន ដូចជាវិស័យទេសចរណ៍ ជាពិសេសវិស័យដែលផ្ដោតលើផ្នែកខាងក្រៅដូចជាពាណិជ្ជកម្មលក់ដុំដែលនឹងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក។ យ៉ាងណាមិញរដ្ឋាភិបាលត្រូវបានគេឲ្យដឹងកំពុងត្រៀមបញ្ចេញកញ្ចប់ថវិកាថ្មី ដើម្បីជួយសង្រ្គោះសេដ្ឋកិច្ច និងរួមបញ្ចូលគ្រោងការណ៍ដើម្បីពង្រីកឱកាសការងារទាំងក្នុងវិស័យសាធារណៈ និងឯកជន បន្ទាប់ពីសេដ្ឋវិទូបានព្រមានថា ការបិទអាជីវកម្មកាន់តែច្រើននេះនឹងមានផលប៉ះពាល់ដល់ទីផ្សារការងារ៕

ប្រភព៖ channelnewsasia
អត្ថបទ៖ លីនី


