យោងតាមទីភ្នាក់ងារស្រាជ្រាវឥណទានឯកជនដែលមានមូលដ្ឋាននៅទីក្រុងតូក្យូបានឱ្យដឹងថា គិតត្រឹមរសៀលថ្ងៃច័ន្ទ ចំនួននៃអាជីវកម្មដែលបានក្ស័យធននៅក្នុងប្រទេសជប៉ុនដោយសារតែវីរុសកូវីដ-១៩ មានលើសពី ២០០ អាជីវកម្ម។ ក្នុងនោះអាជីវកម្មដែលបម្រើនៅក្នុងវិស័យស្នាក់នៅដែលបានក្ស័យធនមានចំនួនច្រើនជាងគេបំផុត ខណៈការរឹតត្បិតលើចលនាប្រជាជននៅតែមាន ទោះបីជាស្ថានភាពអាសន្នរបស់រដ្ឋាភិបាលលើការរីករាលដាលនៃជំងឺរាតត្បាតត្រូវបានដកទាំងស្រុងនៅថ្ងៃទី២៥ ខែឧសភាក៏ដោយ។
ជាមួយគ្នានេះដែរ អាជីវកម្មនៅក្នុងវិស័យម្ហូបអាហារឈរនៅលំដាប់បន្ទាប់ពីអាជីវកម្មស្នាក់នៅ រួមជាមួយអាជីវកម្មក្នុងវិស័យសម្លៀកបំពាក់ និងអ្នកលក់រាយស្បែកជើង។ បើតាមប្រភពដដែលបានឲ្យដឹងបន្ថែមថា អាជីវកម្មក្ស័យធនបានកើតឡើងនៅក្នុងខេត្ត ក្រុងចំនួន ៣៦ ក្នុងចំណោមតទាំង ៤៧ នៃប្រទេស។ ក្នុងនោះទីក្រុងតូក្យូមានចំនួនខ្ពស់បំផុត បន្ទាប់មក Hokkaido ,Osaka , Hyogo និង Shizuoka។

ជាមួយគ្នានេះដែរមូលហេតុដែលធ្វើឲ្យអាជីវកម្មជាច្រើនក្ស័យធនជាបន្តបន្ទាប់បែបនេះ ត្រូវបានគេអះអាងថា បណ្ដាលមកពីការរីករាលដាលនៃមេរោគ ដែលធ្វើឲ្យតម្រូវការធ្លាក់ចុះជំរុញឲ្យអាជីវកម្មទាំងនោះឈានដល់ចំណុចបំបែក។ យ៉ាងណាមិញដើម្បីការពារក្រុមហ៊ុននានាពីការធ្លាក់ចុះសេដ្ឋកិច្ច រដ្ឋាភិបាលបានព្រាងកញ្ចប់ជំនួយដែលមានទឹកប្រាក់ចំនួន ១១៧ ទ្រីលានយ៉េន ដើម្បីអនុវត្តវិធានការណ៍ជាច្រើនដូចជាការផ្តល់ប្រាក់កម្ចីគ្មានការប្រាក់ សម្រាប់ក្រុមហ៊ុនដែលកំពុងជួបការលំបាក និងផ្តល់ការទូទាត់ពន្ធដល់ពួកគេ។

បន្ថែមពីនេះរដ្ឋាភិបាលក៏បានអនុម័តលើសេចក្តីព្រាងថវិកាបន្ថែមជាលើកទី ២ កាលពីសប្តាហ៍មុនដើម្បីផ្តល់ហិរញ្ញប្បទានដល់កញ្ចប់ថវិកាចំនួន ១១៧ ទ្រីលានយ៉េនផ្សេងទៀត។ វិធានការណ៍ថ្មីៗរួមមានការជំរុញប្រាក់កម្ចី និងគ្របដណ្តប់ ១ ភាគ ៣ ឬ ២ ភាគ ៣ នៃថ្លៃឈ្នួលសម្រាប់ប្រតិបត្តិករអាជីវកម្មដែលមានបញ្ហា វិក័យប័ត្រថវិកាបន្ថែមលើកទី២ ត្រូវបានគេរំពឹងថានឹងត្រូវដាក់ជូនក្រុមប្រឹក្សានៅសប្ដាហ៍ក្រោយ៕

ប្រភព៖ japantimes
អត្ថបទ៖ លីនី


