វិបត្តិជំងឺ COVID-19 កំពុងធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍ក្ស័យធន់ ដែលសូម្បីមហាសេដ្ឋីដូចលោក Richard Branson ប្រឹងប្រែងគ្រប់បែបយ៉ាងឱ្យតែក្រុមហ៊ុនមិនរលំ
អាជីវកម្ម May 28, 2020 Khmernote

លោក Richard Branson បានកសាងអាណាចក្រនិងយីហោ ដែលត្រូវបានគេទទួលស្គាល់ពីទូទាំងសកលលោក តាមរយៈភាពប៉ិនប្រសប់ គំនិត និងភាពអង់អាចរបស់គាត់។ ប៉ុន្តែអនាគតនៃអាណាចក្រដែលគាត់បានបង្កើតឡើងនេះ វាបានពឹងផ្អែកទាំងស្រុងទៅលើអាជីវកម្មការធ្វើដំណើរ និងការកម្សាន្ត ដែលជាហេតុធ្វើឱ្យគាត់ក៏មិនខុសពីមេក្រុមហ៊ុនដទៃទៀតដែរ។ ជាក់ស្ដែងលោក Richard Branson គឺកំពុងព្យាយាមជួយសង្គ្រោះក្រុមហ៊ុនអាកាសចរណ៍ Virgin Atlantic និង Virgin Australia របស់គាត់ដែលកំពុងមានការលំបាកផ្នែកហិរញ្ញវត្ថុ នៅពេលដែលការហោះហើរនៅទូទាំងពិភពលោកត្រូវបានជាប់គាំងដោយសារការរំខាននៃជំងឺ COVID-19 ។

សូម្បីដំណើរកម្សាន្តតាមនាវាដែលគ្រោងនឹងធ្វើដំណើរជាលើកដំបូងនៅនិទាឃរដូវនេះក៏ត្រូវបានពន្យាពេល ហើយបណ្តាខ្សែសង្វាក់សណ្ឋាគាររបស់ Virgin Group ក៏ត្រូវបានបិទទ្វារ ឬត្រូវបានកាត់បន្ថយពលកម្ម និងបើកតែសណ្ឋាគារ ២ ទៅ ៣ ប៉ុណ្ណោះ។ ខណៈពេលនេះលោក Richard Branson កំពុងស្វែងរកមូលនិធិ ហើយលោកក៏កំពុងលក់ភាគហ៊ុនទេសចរណ៍អវកាស Virgin Galactic និងបញ្ចាំកោះឯកជនរបស់គាត់ផងដែរ ដើម្បីប្រមូលដើមទុនជួយអាជីវកម្មផ្សេងៗទៀត។ ប៉ុន្តែយ៉ាងណាក្រុមហ៊ុន Virgin បានប្រាប់ CNBC ថា ពួកគេមានទស្សនៈវែងឆ្ងាយ និងមានដើមទុនគ្រប់គ្រាន់ទម្រាំវិបត្តិនេះឆ្លងផុត ប៉ុន្តែក្រុមហ៊ុននៅតែស្វែងរកឱកាសវិនិយោគថ្មីៗ៕

អត្ថបទ៖ លីដា
ប្រភព៖ CNBC