ក្រុមហ៊ុន Amazon ត្រូវបានគេឲ្យដឹងថាគ្រោងនឹងកាន់កាប់ក្រុមហ៊ុន JC Penney ដែលជាបណ្ដាញលក់រាយដំបូង និងធំជាងគេបំផុតនៅសហរដ្ឋអាមេរិក ដែលបានបង្ខំចិត្តប្រកាសក្ស័យធនកាលពីពាក់កណ្ដាលខែឧសភា កន្លងទៅនេះ។ យោងតាមរបាយការណ៍របស់អង្គភាព WWD បានឲ្យដឹងថា ក្រុមហ៊ុន Amazon មានក្រុមអ្នកគ្រប់គ្រង់ និងអ្នកពិគ្រោះយោបល់ជាន់ខ្ពស់នៅទីស្នាក់ការកណ្តាល JC Penney នៅរដ្ឋតិចសាសពីចំនួន និងផលប័ត្រហាងលក់រាយ។
ជាមួយគ្នានេះ ខណៈដែល JC Penney និយាយថាខ្លួនគ្រោងនឹងបិទជាស្ថាពរនូវ ២៤៥ នៃហាងចំនួន ៨៤៦ របស់ខ្លួននៅទូទាំងប្រទេស ដែលជាផ្នែកមួយនៃការរៀបចំរចនាសម្ព័ន្ធក្រោមការការពារក្ស័យធនជំពូកទី១១ ក្រុមហ៊ុន Amazon ត្រូវបានគេប៉ាន់ស្មានថា អាចកាន់កាប់សិទ្ធលើក្រុមហ៊ុននេះបានទាំងមូល។ ទោះជាយ៉ាងនេះក្ដី ក្រុមហ៊ុន Amazon មិនបានធ្វើការអត្ថាធិប្បាយជាផ្លូវការណាមួយអំពីផែនការរបស់ខ្លួនជាមួយនឹងព័ត៌មានដែលលេចចេញនោះទេ។
យើងតាមអ្នកជំនាញបានប៉ាន់ស្មានថា ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Seattle មួយនេះបានកាន់កាប់ទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិករបស់សហរដ្ឋអាមេរិករួចហើយ ដោយមានចំណែកទីផ្សារប្រហែល ៤៩%។ អាជីវកម្មខ្នាតតូចនៅទូទាំងសហរដ្ឋអាមេរិកតាមសេចក្តីរាយការណ៍បានលក់របស់របរចំនួន ៤០០០ មុខនៅលើវេទិការបស់ Amazon។ ប៉ុន្តែទោះយ៉ាងណាក៏ដោយក្នុងនាមជាក្រុមហ៊ុនដើមកំណើតឌីជីថលក្រុមហ៊ុន Amazon មានបទពិសោធន៍តិចតួចណាស់នៅក្នុងទម្រង់ហាងលក់ទំនិញ។

ដោយក្នុងឆ្នាំ ២០១៧ ក្រុមហ៊ុននេះបានទិញខ្សែសង្វាក់គ្រឿងទេស ហាងលក់ទំនិញ Whole Foods ដែលបច្ចុប្បន្នវាបានពង្រីកដល់ ៥០០ ហាងនៅសហរដ្ឋអាមេរិក ហើយវាក៏បានបង្កើតនូវហាងលក់គ្រឿងទេសងាយស្រួលតូចមួយដែលមានឈ្មោះថា Amazon Go ដែលឥឡូវមានចំនួន ២៦ កន្លែង។ យ៉ាងណាមិញប្រសិនបើ Amazon ទិញ JC Penney ឈ្មោះយីហោមួយនេះនឹងមិនស្ថិតស្ថេរនោះទេ ខណៈអ្នកវិភាគប៉ាន់ស្មានជាមធ្យមថាក្រុមហ៊ុន Amazon មានទុនបំរុងសាច់ប្រាក់ប្រមាណ ៤៣.៧ ពាន់លានដុល្លារដូច្នេះការទិញអាជីវកម្មកាន់កាប់ទ្រព្យសម្បត្តិ និងហាងកែទម្រង់ទាំងស្រុងនឹងក្លាយជាបញ្ហាប្រឈមតិចជាងអ្នកលក់រាយដទៃទៀត។
បន្ថែមពីនេះក្រុមហ៊ុន Amazon មានសក្តានុពលអាចបំលែងហាង JC Penney ទៅជាម៉ូឌែលកូនកាត់នៃមជ្ឈមណ្ឌលលក់ដុំនិងរាយ ដែលនេះនឹងផ្តល់ឱ្យអតិថិជនតាមអ៉ីនធឺណេតនូវកន្លែងដើម្បីមើលទំនិញតាមគំរូអាជីវកម្មបែបប្រហាក់ប្រហែលនឹងអ្វីដែលអ្នកលក់រាយបែបបុរាណនៅជុំវិញពិភពលោក និងក្រុមហ៊ុនអេឡិចត្រូនិចធំៗ ដូចជា Alibaba និង JD នៅក្នុងប្រទេសចិនបានព្យាយាមអភិវឌ្ឍក្នុងកំឡុងពេលពាក់កណ្តាលទសវត្សចុងក្រោយនេះ។

យោងតាមប្រភពមួយផ្សេងទៀតក៏បានប្រាប់អង្គភាព WWD ថាក្រុមហ៊ុន Amazon ចាប់អារម្មណ៍នឹង JC Penney ចំពោះភាពខ្លាំងរបស់ខ្លួននៅក្នុងវិស័យសម្លៀកបំពាក់។ ប្រភពដែលមិនបញ្ចេញឈ្មោះបាននិយាយថា « ក្រុមហ៊ុន Amazon កំពុងខិតខំព្យាយាមយ៉ាងខ្លាំង ដើម្បីចង់ពង្រីកអាជីវកម្មសម្លៀកបំពាក់របស់ខ្លួន »៕
ប្រភព៖ retailnews
អត្ថបទ៖ លីនី


