ក្រុមហ៊ុនអាកាសចរណ៍ Thai Airways បានបាត់បង់ឋានៈជាសហគ្រាសរដ្ឋ បន្ទាប់ពីក្រសួងហរិញ្ញវត្ថុបានលក់ភាគហ៊ុន ៣.១៧% នៅក្នុងក្រុមហ៊ុនដឹកជញ្ជូជនជាតិមួយនេះទៅមូលនិធិ Vayupak 1 កាលពីថ្ងៃសុក្រ នេះបើយោងតាមការបញ្ជាក់របស់រដ្ឋមន្រ្តី ដឹកជញ្ជូនលោក Saksayam Chidchob ដែលបានបញ្ជាក់ប្រាប់កាលពីពេលថ្មីៗនេះ។
គួរឲ្យដឹងផងដែរថា ប្រភពពីមូលនិធិបាននិយាយថា ការទិញភាគហ៊ុនត្រូវបានធ្វើឡើងក្នុងតម្លៃ ៤.០៣ បាតក្នុងមួយហ៊ុន ដោយមានភាគហ៊ុនចំនួន ៦៩ លានដុល្លារស្មើនឹងតម្លៃប្រហែល ២៧៨ លានបាត។ ការទិញនេះបានកាត់បន្ថយការកាន់កាប់របស់ក្រសួងហិរញ្ញវត្ថុក្នុងក្រុមហ៊ុនអាកាសចរណ៍ជាតិដល់ ៤៨% មានន័យថា ក្រុមហ៊ុន Thai Airways លែងជាកម្មសិទ្ធិរបស់រដ្ឋទៀតហើយ។
ប្រភពដដែលបានបន្តថា មូលនិធិ Vayupak 1 មិនមែនសហគ្រាសរបស់រដ្ឋទេ (ឋានៈជាមូលនិធិនិតិបុគ្គល) បើទោះបីជាមូលនិធិនេះត្រូវបានបង្កើតឡើងដោយសេចក្តីសម្រេចគណៈរដ្ឋមន្រ្តីឆ្នាំ ២០០៣ ក៏ដោយ។ យ៉ាងណាមិញប្រភពមួយទៀតនៅក្រសួងហិរញ្ញវត្ថុបានឲ្យដឹងផងដែរថា ក្រុមហ៊ុនអាកាសចរណ៍ឥឡូវនេះនឹងបញ្ជូនពាក្យសុំរបស់ខ្លួនទៅតុលាការក្ស័យធនកណ្តាល សម្រាប់ការស្តារនីតិសម្បទាក្រោមច្បាប់ក្ស័យធន ដោយក្រុមហ៊ុន Thai Airways បានស្នើសុំខ្លួនជាអ្នករៀបចំផែនការស្តារឡើងវិញ។

បើយោងតាមច្បាប់មានតែសមាជិកក្រុមប្រឹក្សាទេដែលអាចត្រូវបានតែងតាំងជាអ្នកគ្រប់គ្រងផែនការដោយកូនបំណុល ទោះយ៉ាងណាម្ចាស់បំណុលអាចជំទាស់នឹងសំណើរបស់កូនបំណុល ខណៈ Thai Airways មានបំណុលមិនទាន់សងដែលមានទឹកប្រាក់ ២០០ ពាន់លានបាតក្នុងនោះ ៣០% ជាបំណុលដែលជំពាក់ក្នុងស្រុក។
ទន្ទឹមនឹងនេះប្រធានស្តីទីរបស់ក្រុមហ៊ុនអាកាសចរណ៍គឺលោក Chakkrit Parapuntakul បានបង្ហោះលើហ្វេសប៊ុកកាលពីពេលថ្មីៗនេះដោយជំរុញឱ្យបុគ្គលិករបស់ក្រុមហ៊ុន ត្រូវត្រៀមខ្លួនសម្រាប់បញ្ហាប្រឈមដ៏លំបាកនៅពេលខាងមុខ។ លោកបានបន្ថែមថា
ចាប់ពីពេលនេះតទៅក្រុមហ៊ុននឹងត្រូវពឹងផ្អែកលើខ្លួនឯង ដោយគ្មានការគាំទ្រផ្នែកហិរញ្ញវត្ថុពីរដ្ឋាភិបាលទៀតនោះទេ៕

ប្រភព៖ bangkokpost
អត្ថបទ៖ លីនី


