រដ្ឋាភិបាលថៃ បដិសេធផ្តល់ហិរញ្ញវត្ថុស្តារក្រុមហ៊ុន អាកាសចរណ៍ Thai Airways ព្រោះទុកប្រាក់ដោះស្រាយវិបត្តិ Covid-19 និងពង្រឹងសេដ្ឋកិច្ច តែរដ្ឋាភិបាលសម្រេចយកជម្រើសមួយនេះវិញ សម្រាប់ស្ដារ Thai Airways
អាជីវកម្ម May 20, 2020 Chan Sreyny

គណៈរដ្ឋមន្រ្តីថៃកាលពីថ្ងៃអង្គារទី១៩ ខែឧសភា ឆ្នាំ២០២០ ម្សិលមិញនេះ បានធ្វើការសម្រេចចិត្តថា ក្រុមហ៊ុនអាកាសចរណ៍ Thai Airways International Plc ត្រូវឆ្លងកាត់ការស្ដារនីតិសម្បទាតាមរយៈតុលាការក្ស័យធននៅក្នុងសេចក្ដីសម្រេច «ពិបាក ប៉ុន្តែចាំបាច់» ដែលអាចបង្កើតជំំហានស្មុគស្មាញ និងកាន់តែពិបាកដល់ក្រុមហ៊ុនអាកាសចរណ៍ជាតិនេះ នេះបើយោងតាមនាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា។

លោកនាយករដ្ឋមន្រ្តីបានបកស្រាយថា គណៈរដ្ឋមន្រ្តីបានសម្រេចចិត្តបោះបង់ចោលការផ្តល់ហិរញ្ញវត្ថុដល់ក្រុមហ៊ុនអាកាសចរណ៍ ព្រោះត្រូវតែសន្សំប្រាក់សម្រាប់គម្រោងផ្តល់ជំនួយដែលចាំបាច់ដើម្បីកាត់បន្ថយវិបត្តិ Covid-19 និងពង្រឹងសេដ្ឋកិច្ចឡើងវិញ។ លោកបានលើកឡើងដូច្នេះថា៖ «ថ្ងៃនេះខ្ញុំត្រូវធ្វើការសម្រេចចិត្តដ៏ពិបាកទាក់ទងនឹង Thai Airways ប៉ុន្តែវាគឺជារឿងមួយដែលខ្ញុំដឹងថាជាផលប្រយោជន៍ល្អបំផុតសម្រាប់សាធារណជន និងប្រទេសរបស់យើង »។

គួរឲ្យដឹងផងដែរថារដ្ឋាភិបាលបានដាក់ចេញនូវជម្រើសបី សម្រាប់ស្ដារឡើងវិញនៃ Thai Airways ដោយទី១.រកប្រាក់បន្ថែមដើម្បីឱ្យក្រុមហ៊ុនអាកាសចរណ៍នៅតែបន្តប្រតិបត្តិការ ទី២.អនុញ្ញាតឱ្យក្រុមហ៊ុនក្ស័យធន និងទី៣.ទុកឱ្យតុលាការក្ស័យធនជាអ្នកស្ដារក្រុមហ៊ុនឡើងវិញ ដោយលោកនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា “ យើងបានសម្រេចចិត្តលើជម្រើសទី ៣”។ យោងតាមក្រសួងដឹកជញ្ជូនពាក្យបណ្តឹងក្ស័យធនដើម្បីធ្វើឱ្យមានការស្តារឡើងវិញនឹងត្រូវដាក់ទៅតុលាការទាំងនៅក្នុងប្រទេសថៃ និងសហរដ្ឋអាមេរិក ដោយសារប្រហែល ៣៥% នៃម្ចាស់បំណុលរបស់ក្រុមហ៊ុនអាកាសចរណ៍នេះមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។

ជាមួយគ្នានេះដែរការស្តារឡើងវិញដោយតុលាការនឹងពាក់ព័ន្ធទៅលើការកាត់បន្ថយភាគហ៊ុនភាគច្រើនរបស់ក្រសួងហិរញ្ញវត្ថុនៅក្នុងក្រុមហ៊ុន Thai Airways និងធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍បាត់បង់ភាពជាសហគ្រាសរបស់រដ្ឋ។ ឧត្តមសេនីយ៍ប្រាយុទ្ធបាននិយាយថា ក្រុមហ៊ុន Thai Airways គួរតែត្រូវបានអនុញ្ញាតឱ្យបន្តប្រតិបត្តិការដើម្បីបង្កើតប្រាក់ចំណូលដូច្នេះក្រុមហ៊ុនអាចមានកម្លាំងជំរុញអាជីវកម្មឡើងវិញ។ លោកនាយករដ្ឋមន្រ្តីក៏បានបន្ថែមផងដែរថា តុលាការក្ស័យធននឹងចាត់តាំងអ្នកជំនាញដើម្បីប្រតិបត្តិការស្ដារក្រុមហ៊ុន Thai Airways ដែលនឹងបង្វែរក្រុមហ៊ុនអាកាសចរណ៍នេះមកវិញ៕

ប្រភព៖ bangkokpost
អត្ថបទ៖ លីនី