ដើម្បីកាត់បន្ថយការបំពុល ក្រុមហ៊ុនមួយបានបំលែងកាកសំណល់ប្លាស្ទិក ដើម្បីធ្វើថ្នល់ដែលធន់ ជាប់រឹងមាំ ជាងថ្នល់ធ្វើពីកៅស៊ូធម្មតារហូតដល់ទៅ ៣ដង
អាជីវកម្ម May 19, 2020 Chan Sreyny

សព្វថ្ងៃមនុស្សភាគច្រើនទទួលស្គាល់បញ្ហាបំពុលបរិយាកាសដោយប្លាស្ទិក ហើយមនុស្សជាច្រើនទៀតបានកំពុងរកវិធីដោះស្រាយ និងទប់ស្កាត់ការបំពុលទាំងនោះ។ ជាក់ស្ដែងដើម្បីទប់ទល់នឹងបរិមាណកាកសំណល់ដែលមិនចេះរីងស្ងួត និងកើនឡើងកាន់តែច្រើនឡើងៗពីការប្រើប្រាស់ប្រចាំថ្ងៃ ប្រជាជន និងរដ្ឋាភិបាលនៅតាមបណ្ដាប្រទេសជាច្រើនកំពុងព្យាយាមរិះរកគ្រប់មធ្យោបាយដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដែលជាកាកសំណល់ចំណាយពេលរាប់ពាន់ឆ្នាំដើម្បីរំលាយ។

ក្នុងចំណោមអ្នកដែលបានចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកលោក Toby McCartney ជាវិស្វករដែលបានមើលឃើញពីប្រយោជន៍នៃប្រើប្រាស់កាកសំណល់ប្លាស្ទិក។ បុរសជនជាតិ Scotland រូបនេះបានប្រើប្រាស់កាកសំណល់ប្លាស្ទិកធ្វើជាកៅស៊ូសម្រាប់ចាក់លើថ្នល់ដែលមានភាពធន់ ជាប់រឹងមាំ ជាងថ្នល់ធ្វើពីកៅស៊ូធម្មតារហូតដល់ទៅ ៣ដង។

ការបង្កើតភាពច្នៃប្រឌិត ជាមួយនឹងគុណសម្បត្តិដ៏អស្ចារ្យនេះ Toby McCartney នាយកប្រតិបត្តិក្រុមហ៊ុនសាងសង់ថ្នល់ MacRebur បានឲ្យដឹងថា មានរឿងពីរយ៉ាងដែលអាចឲ្យរូបលោកនឹកឃើញពីរបៀបនៃការប្រើប្រាស់កាកសំណល់នេះឲ្យមានប្រយោជន៍ ហើយបានចាប់ផ្ដើមបង្កើតក្រុមហ៊ុនមួយនេះឡើង។ គំនិតនេះបានកើតឡើងនៅពេលដែលនាយកប្រតិបត្តិរូបនេះកំពុងធ្វើការនៅប្រទេសឥណ្ឌា ភាគខាងត្បូង ដោយជួយមនុស្សដែលធ្វើការនៅកន្លែងចាក់សំរាម និង អ្នករើសសំរាមដែលការងាររបស់ពួកគេ គឺប្រមូលរបស់របរដែលអាចប្រើឡើងវិញបាន ហើយបំលែងវាឱ្យក្លាយពីសំរាមទៅជារបស់អ្វីមួយដែលមានប្រយោជន៍ម្តងទៀត។

ជាមួយគ្នានេះរឿង ២ យ៉ាងដែលបានបំផុសគំនិតនេះឡើង គឺទី១ ការព្រួយបារម្ភរបស់កូនស្រីគាត់អំពីប្លាស្ទិកដ៏ច្រើននៅក្នុងមហាសមុទ្រ គឺជារឿងមួយដែលធ្វើឲ្យ គាត់រំជួលចិត្តយ៉ាងខ្លាំងនៅពេលគាត់គិតថាកូនរបស់គាត់មិនគួរធំឡើងនៅក្នុងពិភពលោកដែលរូបភាពសមុទ្រស្រស់ស្អាតនឹងត្រូវបានបំផ្លាញដោយកាកសំណល់ប្លាស្ទិច។ ទី២ គឺនៅពេលធ្វើដំណើរទៅប្រទេសឥណ្ឌា គាត់បានកត់សម្គាល់ឃើញថាប្រជាជនក្នុងតំបន់ រំលាយសំរាមប្លាស្ទិកដើម្បីចាក់បំពេញជង្ហុកនៅលើផ្លូវរបស់ពួកគេ ដែលបានផ្តល់ឱ្យគាត់នូវគំនិតដើម្បីចាប់ផ្តើមក្រុមហ៊ុនឡើង។

យ៉ាងណាមិញ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN លោក McCartney បានអះអាងថា ដោយសារតែរូបមន្តពិសេសផ្លូវថ្នល់ដែលពួកគេសាងសង់គឺខ្លាំង និងជាប់ធន់ជាងផ្លូវធម្មតា ៦០% ។ លោកក៏បានកត់សម្គាល់ផងដែរថា ការសាកល្បងមន្ទីរពិសោធន៍ដែលពួកគេដំណើរការគម្រោងថា ផ្លូវដែលផលិតចេញពីផលិតផលរបស់ពួកគេដែលបំលែងពីប្លាស្ទិកអាចប្រើបានក្នុងមានរយៈពេលយូរជាងផ្លូវធម្មតាដល់ទៅ ៣ ដង៕

ប្រភព៖ brightstories
អត្ថបទ៖ លីនី