៥ ចំណុចដែលធ្វើឲ្យវៀតណាមអាចទាក់ចិត្តវិនិយោគិនបរទេសផ្លាស់ប្ដូរផលិតកម្មចេញពីប្រទេសចិន មិនឲ្យទៅបណ្ដាប្រទេសដទៃក្នុងតំបន់អាស៊ាន
អចលនទ្រព្យ May 16, 2020 Chan Sreyny

ឧស្សាហកម្មអចនលទ្រព្យរបស់វៀតណាមនឹងទទួលបានអត្ថប្រយោជន៍ច្រើននៅពេលដែលវិនិយោគិនបរទេសផ្លាស់ប្ដូរផលិតកម្មចេញពីប្រទេសចិន បន្ទាប់ពីការផ្ទុះឡើង និងរីករាលដាលនៃវីរុស Covid-19។ របាយការណ៍ដែលទើបនឹងចេញថ្មីៗនេះ របស់ក្រុមហ៊ុន VNDIRECT ដែលជាឈ្មួញកណ្តាលនាំមុខគេនៅប្រទេសវៀតណាមបានឲ្យដឹងថា និន្នាការនៃការផ្លាស់ប្តូរផលិតកម្មចេញពីប្រទេសចិនត្រូវបានគេបង្ហាញឱ្យឃើញកាន់តែច្បាស់ បន្ទាប់ពីប្រទេសចិនផ្ទុះឡើងនៃវីរុសរាតត្បាត ហើយប្រទេសវៀតណាម ទទួលបានការចាប់អារម្មណ៍ជាងបណ្តាប្រទេសផ្សេងៗ នៅអាស៊ីអាគ្នេយ៍។

តាមរបាយការណ៍ដដែលបានឲ្យដឹងថា វៀតណាមមានភាពទាក់ទាញក្នុងគោលដៅផ្លាស់ប្ដូរផលិតកម្មពីប្រទេសចិនជាងបណ្ដាប្រទេសផ្សេងៗក្នុងតំបន់ដោយសារកត្តាចំនួន ៥ ដូចជា៖ ទីតាំង តម្លៃដីទាប តម្លៃពលកម្មទាប ពន្ធលើប្រាក់ចំណូលទាប និងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើន។ ជាក់ស្ដែងតម្លៃដីឧស្សាហកម្មជាមធ្យមមានតម្លៃ ១០៣.៥ ដុល្លារក្នុងមួយម៉ែត្រការ៉េប្រៀបធៀបនឹងប្រទេសម៉ាឡេស៊ីតម្លៃ (២២.៥ ដុល្លារ) និងប្រទេសថៃតម្លៃ (១៨២.៥ ដុល្លារ)។

ទន្ទឹមនឹងនេះ ពន្ធលើប្រាក់ចំណូលពីអាជីវកម្មរបស់វៀតណាមត្រឹមតែ ២០% ស្ថិតក្នុងចំណោមអត្រាទាបបំផុតនៅអាស៊ីអាគ្នេយ៍ បើប្រៀបធៀបទៅនឹងប្រទេសម៉ាឡេស៊ី ២៤% មីយ៉ាន់ម៉ា ២៥% និងហ្វីលីពីន ៣០%។ ប្រទេសវៀតណាមក៏ផ្តល់ការលើកទឹកចិត្តពន្ធបន្ថែមទៀតដល់ក្រុមហ៊ុនដែលប្រតិបត្តិការនៅក្នុងសួនឧស្សាហកម្មផងដែរ។ លើសពីនេះ​ទៅទៀតកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើនរបស់ប្រទេសនេះ ជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុបនិងវៀតណាមដែលនឹងចូលជាធរមាននៅឆ្នាំនេះនឹងក្លាយជាកត្តាវិជ្ជមានមួយទៀតក្នុងការទាក់ទាញវិនិយោគិនបរទេស។

ជាមួយគ្នានេះដែរអ្នកនៅក្នុងឧស្សាហកម្មនេះបាននិយាយថា ប្រទេសវៀតណាមដែលមានសួនឧស្សាហកម្មចំនួន ២៥៨ កំពុងដំណើរការនៅដំណាច់ឆ្នាំនេះ មានសក្តានុពលយ៉ាងខ្លាំងក្នុងការស្វាគមន៍ការវិនិយោគបរទេសដែលបានបង្វែរចេញពីប្រទេសចិន ខណៈដែលក្រុមហ៊ុន Apple, Google និង Microsoft ត្រូវបានគេរាយការណ៍ថាគ្រោងនឹងចាប់ផ្តើមផលិតកម្មនៅប្រទេសវៀតណាមក្នុងឆ្នាំនេះផងដែរ។

ក្រុមអ្នកវិភាគ NDIRECT បាននិយាយថា ប្រទេសវៀតណាមបានត្រៀមខ្លួនរួចជាស្រេចដើម្បីក្លាយជាមជ្ឈមណ្ឌលផលិតកម្មជំនួសឲ្យប្រទេសចិនដោយបន្ថែមថា ខេត្តភាគខាងត្បូងនៃខេត្ត Ba Ria-Vung Tau និងខេត្តភាគខាងជើងនៃ Bac Giang និង Hai Duong អាចក្លាយជាចំណុចឧស្សាហកម្មថ្មីមួយដោយសារការកែលម្អហេដ្ឋារចនាសម្ព័ន្ធ៕

ប្រភព៖ vnexpress
អត្ថបទ៖ លីនី