ក្រុមហ៊ុនលក់រាយធំៗ ចំនួន ២ របស់អាមេរិក បង្ខំចិត្តប្រកាសក្ស័យធនជាបន្តបន្ទាប់ ដោយសារការរាតត្បាតពីកូវីដ១៩
អាជីវកម្ម May 15, 2020 Chan Sreyny

ក្រុមហ៊ុនលក់រាយដ៏ធំបំផុតមួយរបស់អាមេរិកដែលមានវ័យចំណាស់មកហើយ ពោលគឺត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩១៣ ក្លាយជាហាងលក់រាយដំបូងគេរបស់សហរដ្ឋអាមេរិកបានបង្ខំចិត្តប្រកាសក្ស័យធននៅថ្ងៃនេះ។ យោងតាមរបាយការណ៍របស់សារព័ត៌មាន CNBC រាយការណ៍ថា JC Penney បានត្រៀមខ្លួនរួចជាស្រេចដើម្បីដាក់ពាក្យការពារការក្ស័យធនជំពូកទី ១១ នៅថ្ងៃសុក្រនេះ។

បើតាមប្រភពដដែលបានបញ្ជាក់ថា បណ្ដាញលក់រាយនេះកំពុងចរចារជាមួយប្រាក់កម្ចីចំនួន ៤៥០ លានដុល្លារ ដោយអាចនឹងទទួលបានពាក់កណ្តាលនៃចំនួនទឹកប្រាក់កម្ចីនោះនៅថ្ងៃដំបូងនៃការក្ស័យធន។ ប៉ុន្តែទោះបីជាយ៉ាងណាក្ដី ប្រភពព័ត៌មានបានឲ្យដឹងថា កិច្ចពិភាក្សាអាចនឹងឈានដល់ចុងសប្តាហ៍ ហើយពន្យារពេលការដាក់ឯកសារនេះ។

គួរឲ្យដឹងផងដែរថា JC Penney នឹងក្លាយជាអ្នកលក់រាយធំទី២ ដែលត្រូវបានបង្ខំឱ្យក្ស័យធនដោយសារវិបត្តិដែលបង្កឡើងដោយវីរុស Covid-19។ ខណៈអ្នកលក់រាយធំមួយទៀតដែលត្រូវបានគេស្គាល់ថា Neiman Marcus Group Inc បានប្រកាសក្ស័យធនកាលពីសប្ដាហ៍មុន ដោយសារជំងឺរាតត្បាតដែលបានបង្ខំឱ្យហាងលក់រាយនានាត្រូវបិទទ្វារបាត់បង់ប្រាក់ចំណូល៕

ប្រភព៖teletrader ,cnbc
អត្ថបទ៖ លីនី