ស្ងាត់ៗ! Facebook ប្រកាសថាកំពុងសាងសង់ខ្សែកាបក្រោមសមុទ្រដ៏ធំមួយនៅជុំវិញទ្វីបអាហ្រ្វិក ដើម្បីជំរុញការប្រើអ៉ីនធឺណេតនៅទ្វីបនេះ
អាជីវកម្ម May 15, 2020 Chan Sreyny

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC បានឲ្យដឹងថា ក្រុមហ៊ុន Facebook កំពុងសាងសង់ខ្សែកាបក្រោមទឹកដ៏ធំមួយនៅជុំវិញទ្វីបអាហ្រ្វិកក្នុងគោលបំណងនាំយកបណ្ដាញអ៉ីនធឺណេតទៅកាន់ប្រជាជននៅទ្វីបអាហ្រ្វិកដែលមានច្រើនជាង ១.៣ ពាន់លាននាក់សម្រាប់ប្រើប្រាស់។

កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០នេះ ក្រុមហ៊ុនបណ្ដាញសង្គមឈានមុខគេមួយនេះបានប្រកាសថា ខ្លួនកំពុងសាងសង់ខ្សែកាបក្រោមទឹកដ៏ធំមួយ ដែលមានចម្ងាយ ៣៧,០០០ គីឡូម៉ែត្រ ដោយចាប់ដៃគូជាមួយក្រុមហ៊ុន China Mobile ក្រុមហ៊ុន MTN របស់អាហ្វ្រិកខាងត្បូង ក្រុមហ៊ុន Orange របស់ប្រទេសអង់គ្លេស និងក្រុមហ៊ុន Vodafone របស់ប្រទេសអង់គ្លេស ក៏ដូចជាប្រតិបត្តិករបណ្តាញក្នុងស្រុកក្នុងគម្រោងនេះដែលមានឈ្មោះថា 2Africa ។

តាមប្រភពដដែលបានឲ្យដឹងថា គម្រោងសាងសង់ខ្សែកាបនេះ ត្រូវបានសាងសង់ដោយអ្នកផ្តល់ប្រព័ន្ធខ្សែកាបដែលគ្រប់គ្រងដោយក្រុមហ៊ុន Nokia ដែលមានឈ្មោះថា Alcatel Submarine Networks។ គោលដៅចម្បងនៃគំនិតផ្ដួចផ្ដើមនេះ គឺដើម្បីនាំមកនូវការតភ្ជាប់ប្រព័ន្ធអ៉ឺនធឺណេតទៅកាន់ទ្វីបអាហ្វ្រិក ដោយក្រុមហ៊ុននេះបានសរសេរនៅក្នុងប្លុកមួយកាលពីថ្ងៃពុធថា ទ្វីបនេះគឺជាតំបន់ដែលមានការតភ្ជាប់តិចតួចបំផុតនៅលើពិភពលោក។

ខណៈខ្សែកាបក្រោមដីនេះនឹងតភ្ជាប់បណ្តាប្រទេសចំនួន ២៣ នៅទ្វីបអាហ្រ្វិក មជ្ឈឹមបូព៌ា និងអឺរ៉ុប ហើយក្រុមហ៊ុនបានបញ្ជាក់ខ្លួននឹងផ្តល់សមត្ថភាពបណ្តាញខ្សែកាបសរុបទាំងអស់ដល់ទៅជិតបីដង ដែលកំពុងបម្រើក្នុងទ្វីបអាហ្រ្វិកនាពេលបច្ចុប្បន្ននេះ។ យ៉ាងណាមិញចំពោះគម្រោងសាងសង់ខ្សែកាបក្រោមទឹកដ៏ធំបំផុតនេះ មិនទាន់បង្ហាញលំអិតថាតើមូលនិធិ Facebook និងដៃគូរបស់ខ្លួនបានផ្តល់ថវិកាដល់គម្រោងនេះប៉ុន្មាននោះទេ៕

ប្រភព៖ cnbc
អត្ថបទ៖ លីនី