ក្រុមហ៊ុន តូយ៉ូតា វៀតណាម និងហុងដា វៀតណាមបានប្រកាសពីការលក់រថយន្តដាច់បំផុតកាលពីខែមីនា ក្នុងចំណោមសមាជិកសមាគមរោងចក្រផលិតរថយន្តវៀតណាម (VAMA) បើទោះបីជាការលក់ធ្លាក់ចុះជាងឆ្នាំមុនក៏ដោយ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNA។ តាមប្រភពដដែលបានឲ្យដឹងថា ក្រុមហ៊ុនតូយ៉ូតាវៀតណាមបានលក់រថយន្តចំនួន ៥,១៤៣ គ្រឿងដោយមិនរាប់បញ្ចូលរថយន្តម៉ាក Lexus នៅក្នុងខែមីនា ដែលធ្លាក់ចុះ ៤៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទន្ទឹមនឹងនេះដែរក្រុមហ៊ុនតូយ៉ូតាបានកត់ត្រាការលក់រថយន្តដែលបានដំឡើងនៅក្នុងប្រទេសចំនួន ៣,៥៤៣ គ្រឿង ក្នុងនោះរួមមាន៖ រយយន្តម៉ាក Toyota Vios ( ២,២៩៣ គ្រឿងធ្លាក់ចុះ ២៨% ពីមួយឆ្នាំទៅមួយឆ្នាំ), Toyota Innova (៥៤៤ គ្រឿងធ្លាក់ចុះ ៦៨%) , Toyota Corolla Altis (២២៦ គ្រឿងធ្លាក់ចុះ ១៩% ) និង Toyota Fortuner (៦៥៦ គ្រឿងធ្លាក់ចុះ ១៩%)។ ជាមួយគ្នានេះដែរការលក់រថយន្តដែលបានសាងសង់រួចរាល់កាលពីខែមុនបានឈានដល់ចំនួន ១៦០០ គ្រឿងក្នុងនោះមានរថយន្តម៉ាក Toyota Camry ចំនួន ៤២០ គ្រឿង (កើនឡើង ១៤ % ពីមួយឆ្នាំទៅមួយឆ្នាំ)។

ដោយឡែកក្រុមហ៊ុនហុងដាវៀតណាមក៏មិនអន់ដែរដោយបានលក់រថយន្តតចំនួន ១,៩៦៨ គ្រឿង ក្នុងខែមីនាកើនឡើង ៤០% បើប្រៀបធៀបទៅនឹងខែកុម្ភៈ ប៉ុន្តែនៅតែធ្លាក់ចុះ ២៧ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះម៉ូឌែលដែលលក់ដាច់ជាងគេបំផុត គឺ Honda CR-V ដែលលក់បាន ៥៦៤ គ្រឿងស្មើនឹង ២៩% នៃចំនួនសរុប បន្ទាប់មកគឺ Honda City ចំនួន ៤៧៦ គ្រឿងស្មើនឹង ២៤%៕


ប្រភព៖ vietnamplus
អត្ថបទ៖ លីនី


