លោក Mukesh Ambani ដែលជាអ្នកមានបំផុតនៅទ្វីបអាស៉ីពេលនេះកំពុងឡើងជើងខ្លាំង ដោយបានទទួលប្រាក់មូលនិធិសរុបរហូតដល់ទៅ ៨ ពាន់លានដុល្លារ ក្នុងរយៈពេលតិចជាង ៣សប្ដាហ៍ប៉ុណ្ណោះ។ មហាសេដ្ឋីឥណ្ឌារូបនេះជាម្ចាស់ក្រុមហ៊ុនហ្គាសនិងប្រេងយក្ស Reliance Industries ហើយនាពេលថ្មីៗនេះក្រុមហ៊ុនគាត់មួយទៀតគឺ Jio Platforms ដែលបម្រើទូរគមនាគមន៍និងឌីជីថល បានទទួលប្រាក់មូលនិធិចំនួន ១.៥ ពាន់លានដុល្លារអាមេរិក ពីក្រុមហ៊ុន Vista Equity Partners របស់អាមេរិក។
ចំនួននេះគឺស្មើនឹង ២.៣% នៃភាគហ៊ុនទាំងមូលរបស់ក្រុមហ៊ុន Jio Platforms ហើយវាក៏ជាមូលនិធិទី៣ ផងដែរ ដែលក្រុមហ៊ុនរបស់លោក Mukesh Ambani ទទួលបានការជ្រោមជ្រែង។ ក្រុមហ៊ុនរបស់លោកចាប់ផ្ដើមទទួលការចាប់អារម្មណ៍កាន់តែខ្លាំង បន្ទាប់ពី Facebook បានចំណាយប្រាក់មូលនិធិចំនួន ៥.៧ ពាន់លានដុល្លារ ដែលស្មើនឹង ១០% នៃភាគហ៊ុនរបស់ក្រុមហ៊ុន Jio Platforms កាលពីខែមុន ហើយបន្ទាប់មកទៀតគឺ Silver Lake Partners ក៏បានចំណាយប្រាក់ ៧៤៨លានដុល្លារ ដើម្បីទិញយកភាគហ៊ុនជាង ១% ពីក្រុមហ៊ុននេះដែរ។
សរុបមកគឺក្រុមហ៊ុនឥណ្ឌាមួយនេះទទួលបានប្រាក់ ៨ពាន់លានដុល្លារ ដែលស្មើនឹងហ៊ុន ១៣.៥% ត្រឹមរយៈពេលមិនដល់ ៣សប្ដាហ៍ ហើយក៏បានធ្វើឱ្យក្រុមហ៊ុននេះមានតម្លៃ។ គួរឱ្យដឹងដែរថា សេដ្ឋីរូបនេះមានទ្រព្យសម្បត្តិចំនួន ៤៩.៣ ពាន់លានដុល្លារ ដែលវ៉ាដាច់លោក Jack Ma ស្ថាបនិក Alibaba ទៅទៀត៕


អត្ថបទ៖ លីដា
ប្រភព៖ Forbes


