Makro នៅក្នុងប្រទេសថៃបានប្រកាសថាខ្លួននឹងជួលបុគ្គលិកចំនួន ៧១០ នាក់ ដើម្បីបង្កើនសេវាកម្មចែកចាយតាមអ៉ីនធឺណេតរបស់ខ្លួន រួមទាំងបង្កើតការងារដល់អ្នកដែលបាត់បង់ការងារនៅក្នុងវិបត្តិដែលបង្កឡើងដោយវីរុសករ៉ូណា។ លោក Siriporn Dechsingha នាយកប្រតិបត្តិក្រុមហ៊ុន Siam Makro Pcl បានមានប្រសាសន៍ថា ក្រុមហ៊ុនមានបំណងជួយដល់ប្រជាជន ដែលបានបាត់បង់ការងារដោយសារវិធានការទប់ស្កាត់ការរីករាលដាលនៃ Covid-19 របស់រាជរដ្ឋាភិបាល។
ជាមួយគ្នានេះដែរផ្សារលក់ដុំ និងរាយមួយនេះនឹងជួលមនុស្ស ២៥០ នាក់សម្រាប់ការវេចខ្ចប់ និងការរៀបចំផលិតផល ហើយបុគ្គលិកទាំងអស់នឹងត្រូវបានបណ្តុះបណ្តាលជំនាញក្នុងប្រព័ន្ធទិញទំនិញតាមអ៉ីនធឺណេតផងដែរ។ ដោយឡែកក្រុមហ៊ុនក៏ជ្រើសរើសផ្នែកសេវាកម្មដឹកជញ្ជូនដោយម៉ូតូចំនួន ៣០០ នាក់ អ្នកដឹកជញ្ជូនតាមរថយន្ត ៨០ នាក់ និងបុគ្គលិកលើកទំនិញ ៨០ នាក់។ លើសពីនេះ Makro ក៏កំពុងចាប់ផ្តើមគម្រោងដើម្បីគាំទ្រនិងណែនាំដល់អ្នកដែលចង់បើកហាងលក់គ្រឿងទេស ដើម្បីបង្កើនចំនួនហាងឲ្យបាន ១៤១ នៅក្នុងប្រទេសថៃ ដោយក្រុមហ៊ុនបានឲ្យដឹងថា សហគ្រិនជាង ១ម៉ឺននាក់បានចុះឈ្មោះសម្រាប់គម្រោងនេះ៕


ប្រភព៖ nationthailand
អត្ថបទ៖ លីនី


