ភ្នំពេញ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០៖ ក្រុមហ៊ុន Facebook និងអង្គការ PACT នៅថ្ងៃនេះបានចាប់ផ្តើមបើកវគ្គ បណ្តុះបណ្តាលដល់សិក្ខាកាម ដែលនឹងធ្វើជាគ្រូបង្រៀនក្នុងកម្មវិធី SheMeansBusiness ដែលជាកម្មវិធីថ្មីមួយមានគោលបំណងបណ្តុះបណ្តាលដល់សហគ្រិនជាស្ត្រីកម្ពុជាចំនួន ១៧០០នាក់ ខាងផ្នែកចំណេះដឹងទីផ្សារឌីជីថលរហូតដល់ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។
កម្មវិធី SheMeansBusiness ត្រូវបានចាប់ផ្តើមដាក់ឲ្យដំណើរការកាលពីខែធ្នូ ឆ្នាំ២០១៩ ដើម្បីជួយដល់ស្ត្រីជាសហគ្រិនទូទាំងប្រទេសកម្ពុជា ឲ្យអភិវឌ្ឍអាជីវកម្មរបស់ខ្លួន តាមរយៈការទាញយកអត្ថប្រយោជន៍ពីសេដ្ឋកិច្ចឌីជីថលដែលកំពុងតែរីកចម្រើននៅកម្ពុជា។ កម្មវិធីនេះនឹងផ្ដល់ឲ្យសហគ្រិនស្ត្រីនូវចំណេះដឹង បណ្ដាញទំនាក់ទំនង ជំនាញ និងបច្ចេកវិទ្យា ដែលត្រូវការជាចាំបាច់ដើម្បីបង្កើត និងពង្រីក អាជីវកម្មអនឡាញរបស់ពួកគេឲ្យកាន់តែរីកចម្រើន។

ទន្ទឹមនឹងនេះដែរកម្មវិធីនឹងរៀបចំឡើងក្រោមភាពជាដៃគូជាមួយនឹងគម្រោងសហគ្រិនស្ត្រី (WE Act) របស់ភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិហៅកាត់ថា USAID ដែលគ្រប់គ្រងដោយអង្គការ Pact។ ហើយគម្រោង We Act នឹងជួយផ្ដល់ឲ្យសហគ្រិនជាស្ត្រីវ័យក្មេងនូវចំណេះដឹង ឧបករណ៍ និងធនធានផ្សេងៗដែលត្រូវការជាចាំបាច់ដើម្បីសម្រេចបានជោគជ័យក្នុងទីផ្សារ។
ក្រោមភាពជាដៃគូនេះក្រុមហ៊ុន Facebook និងអង្គការ Pact បានរៀបចំវគ្គបណ្តុះបណ្តាលតាមតំបន់ជាច្រើនដើម្បីបំប៉ន បង្វឹក និងផ្តល់លិខិតបញ្ជាក់អំពីការបណ្ដុះបណ្ដាលដល់គ្រូបង្រៀនចំនួន១១នាក់ ក្នុងឆ្នាំនេះ ហើយអ្នកទាំងនោះនឹងបណ្តុះបណ្តាលសហគ្រិនស្ត្រីវ័យក្មេងចំនួន ១៧០០ នាក់ដែលគាំទ្រដោយកម្មវិធី WE Act ។ បើយោងតាមលោកស្រី Sabine Joukes ប្រធានគម្រោង WE Act បានមានប្រសាសន៍ថា៖ « ការនាំយកកម្មវិធី SheMeansBusiness មកកាន់ប្រទេសកម្ពុជានេះ នឹងជួយយស្ត្រីរៀនពីរបៀបចាប់ផ្តើម និងអភិវឌ្ឍអាជីកម្មរបស់ខ្លួន តាមរយៈការប្រើប្រាស់កម្មវិធីតាមអនឡាញដែលមានសក្តានុពលដ៏អស្ចារ្យ ជាពិសេសនៅពេលដែលសហគ្រិនប្រឈមនឹងបញ្ហាវីរុសកូវីដ-១៩ថ្មី។»
ជាមួយគ្នានេះដែរការរក្សាគម្លាតនៅក្នុងសង្គម ដោយសារតែវីរុសកូវីដ១៩(Covid-19) បានធ្វើឲ្យសហគ្រិន ទទួលរងផលប៉ះពាល់យ៉ាងខ្លាំង ហេតុដូច្នេះកម្មវិធីបណ្តុះបណ្តាលនេះ នឹងជួយឱ្យសហគ្រិនស្ត្រីជាច្រើនអាចធ្វើអាជីវកម្មរបស់ពួកគេ តាមអនឡាញវិញបានដោយជោគជ័យនៅពេលដែលពួកគេត្រូវការបំផុត។ បន្ថែមពីនេះក្រុមហ៊ុន Facebook បាននិងកំពុងជម្រុញឲ្យប្រជាពលរដ្ឋចូលរួមគាំទ្រដល់ស្ត្រីទាំងអស់ ដែលគ្រប់គ្រងអាជីវកម្មខ្នាតតូចនៅកម្ពុជា តាមរយៈការចែករំលែកទំព័រអាជីវកម្ម រូបភាព និងវីដេអូនានារបស់ស្ត្រីទាំងនោះលើបណ្តាញសង្គម Facebook របស់ខ្លួន ដោយភ្ជាប់នឹងពាក្យថា #SheMeansBusiness។ ដើម្បីទទួលបានព័ត៌មាន និងការលើកទឹកចិត្តបន្ថែម សូមចូលទៅកាន់គេហទំព័រ www.shemeansbusiness.fb.com៕


