ដូចដែលយើងគ្រប់គ្នាបានដឹងរួចមកហើយថា វីរុស Covid-19 បានធ្វើឲ្យមនុស្សជាច្រើនជួបនឹងវិបត្តិហិរញ្ញវត្ថុដោយសារការបាត់បង់ចំណូល បន្ទាប់ពីការងារត្រូវបានផ្អាក អាជីវកម្មមួយចំនួនត្រូវបិទទ្វារ ការលក់ដូរតូចតាចប្រែជាស្ងាត់មិនដូចពេលមុន។ ជាក់ស្ដែងស្រ្តីមេផ្ទះមួយរូបនៅក្នុងប្រទេសសិង្ហបុរីបានជួបនឹងវិបត្តិខ្លាំងមែនទែនដែលមិនធ្លាប់មាន ដោយប្ដីដែលជាអ្នកបើកតាក់ស៊ីដើម្បីចិញ្ចឹមគ្រួសារបានឆ្លងវីរុស Covid-19 ពីអ្នកដំណើរហើយត្រូវផ្លាស់ទៅនៅកន្លែងព្យាបាលជំងឺភ្លាមៗ។
ការបាត់បង់វត្តមានរបស់ប្ដីដែលជំហររកចំណូល អ្នកស្រី May Lim ដែលជាស្រ្តីមេផ្ទះមិនដែលធ្វើការងារអ្វីសោះបានសម្រេចចិត្តបង្កើតគំនិតមួយ បន្ទាប់ពីគ្រួសាររងផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុយ៉ាងខ្លាំង ដែលបង្ខំឲ្យកូនស្រីវ័យ ១៣ឆ្នាំត្រូវផ្អាកការសិក្សាជាបណ្ដោះអាសន្ន។ បញ្ហាចេះតែចាក់ស្រេះជារៀងរាល់ថ្ងៃ លោកស្រីបាននឹកឃើញគំនិតមួយគឺការលក់គ្រឿងទេសនៅលើអ៉ីនធឺណេត។

លោកស្រីបានឲ្យដឹងថា ពីដំបូងឡើយគាត់ និងកូនស្រីបានចូលរៀនវគ្គសិក្សាស្តីពីភាពជាសហគ្រិន និងបង្វឹកម្ចាស់អាជីវកម្មដែលមានសេចក្តីប្រាថ្នាអស់រយៈពេលជាច្រើនឆ្នាំ កាលពីខែមេសា។ ក្នុងអំឡុងពេលសិក្សាម្ដាយ និងកូនបានរិះរកគំនិតជាមួយស្ថានភាពបច្ចុប្បន្នដើម្បីបង្កើតអាជីវកម្មមួយរកចំណូលផ្គត់ផ្គង់គ្រួសារ។ ដោយយល់ឃើញថាមនុស្សគ្រប់គ្នាកំពុងត្រូវបានជាប់គាំងនៅផ្ទះដោយសារបញ្ជារដ្ឋាភិបាល ដូច្នេះពួកគេនឹងមិនអាចចេញក្រៅដើម្បីទិញគ្រឿងទេសដែលប្រើប្រាស់ប្រចាំថ្ងៃបានទេ ចំពេលដែលអាជីវកម្មនេះមិនសូវពេញនិយមនៅលើអ៉ីនធឺណេត។

ដូច្នេះម្ដាយ និងកូនបានបង្កើតគេហទំព័ររបស់ពួកគេគឺ Claude & Clari តាមប្រព័ន្ធអ៉ីនធឺណេតមានការជ្រោមជ្រែងពី Pamela Lim ដែលជាស្ថាបនិកសាលាដែលពួកគេបានរៀន ហើយបានចាប់ផ្តើមទទួលការបញ្ជាទិញតាំងពីថ្ងៃទី ១ ឧសភា។ ចំពោះឧបសគ្គនៅពេលចាប់ផ្ដើមដំបូងលោកស្រី May Lim បាននិយាយថា៖ « អ្វីដែលពិបាកបំផុតគឺការបញ្ចុះបញ្ចូលអ្នកលក់ឲ្យជឿជាក់លើខ្ញុំ ដោយអ្នកលក់ខ្លះរាក់ទាក់ដាក់ខ្ញុំ ខ្លះក៏មិនរាក់ទាក់នោះទេ ដោយសារពួកគេមិនស្គាល់ខ្ញុំ ពួកគេគិតថាខ្ញុំកំពុងព្យាយាមបោកប្រាស់ពួកគេ »។

យ៉ាងណាមិញចាប់តាំងពីចាប់ផ្ដើមអាជីវកម្មមក ឃើញថាទទួលបានការបញ្ជាទិញយ៉ាងច្រើនពីអតិថិជននៅលើ អ៉ីនធឺណេត ដោយកូនស្រីរបស់នាងកំពុងមមាញឺកនឹងការបញ្ជាទិញ និងវេចខ្ចប់បន្លែ អាហារសមុទ្រ សាច់ និងទំនិញស្ងួតដល់អតិថិជនរបស់ពួកគេ។ គ្រឿងទេសទាំងនោះត្រូវបានដឹកជញ្ជូនដោយតាក់ស៊ី ឬអ្នកជួលឯកជនដែលត្រូវការការងារនៅពេលមានវិបត្តិនេះ។

ជាមួយគ្នានេះដែរលោកស្រីសង្ឃឹមថា នឹងធ្វើឱ្យអាជីវកម្មតាមអ៉ីនធឺណតដំបូងទទួលបានជោគជ័យ ហើយទីបំផុតអាចជួយដល់ប្រជាជនក្នុងស្ថានភាពស្រដៀងគ្នាដោយផ្តល់ការងារឯករាជ្យដល់ពួកគេ។ ដោយលោកស្រីបានលើកឡើងថា៖ « ដំបូងខ្ញុំមិនមានទំនុកចិត្តទេ ព្រោះគិតថាធ្វើជាស្ត្រីមេផ្ទះអស់រយៈពេល ៨ ទៅ ៩ ឆ្នាំហើយមិនដែលរកស៊ី ខ្លាចធ្វើមិនកើត »។ ប៉ុន្តែដោយសារទទួលបានកម្លាំងចិត្តជាច្រើន អ្នកស្រីអាចធ្វើវាបាន ដោយមានចក្ខុវិស័យយ៉ាងមុតមាំ គឺអាជីវកម្មនេះមិនត្រឹមតែសំរាប់គ្រួសាររបស់គាត់ប៉ុណ្ណោះទេ គាត់សង្ឃឹមថាគាត់ក៏អាចជួយមនុស្សដទៃទៀតដែលស្ថិតក្នុងពេលមានវិបត្តិនេះផងដែរ៕

ប្រភព៖ channelnewsasia
អត្ថបទ៖ លីនី


