ក្រុមហ៊ុន Nokia ដែលមានមូលដ្ឋាននៅប្រទេសហ្វាំងឡង់ កាលពីពេលថ្មីៗនេះបានរាយការណ៍ពីប្រាក់ចំណេញចំនួន ១១៦ លានអឺរ៉ូ ( ១២៥.៧៩ លានដុល្លារអាមេរិក) នៅត្រីមាសទី១ នៃឆ្នាំ២០២០នេះ ផ្ទុយពីត្រីមាសទី១ ឆ្នាំ២០១៩ ដែលខាតបង់ ៥៩ លានអឺរ៉ូ (៦៣.៩ លានដុល្លារ)។ នាយកប្រតិបត្តិក្រុមហ៊ុនលោក Rajeev Suri បានកត់សម្គាល់ថាក្រុមហ៊ុន Nokia មិនបានមើលឃើញពីការធ្លាក់ចុះនៃតំរូវការផលិតផលនៅក្នុងត្រីមាសទី ១ នោះទេ ហើយក្រុមហ៊ុនបានកត់សម្គាល់ឃើញថា មានការកើនឡើងនូវតម្រូវការបណ្តាញ។
យោងតាមលោក Suri ការកាត់បន្ថយដែលបណ្តាលមកពីវិបត្ដិ Covid-19 នៅក្នុងចំណូលត្រីមាសទី១ មានចំនួន ២០០ លានអឺរ៉ូ (២១៦.៥៨ លានដុល្លារអាមេរិក)។ លោកបានបន្តឲ្យដឹងថា វិស័យនេះមិនមានភាពស៊ាំនឹងវិបត្តិសេដ្ឋកិច្ចនោះទេ ប៉ុន្តែជឿជាក់ថាវានឹងស៊ូទ្រាំបានល្អប្រសើរនៅពេលនេះ។ ទន្ទឹមនឹងនេះដែរលោក Kauppalehti ដែលជាអ្នកជំនួញហ្វាំងឡង់បាននិយាយថា ក្រុមហ៊ុន Nokia ទទួលបានប្រាក់ចំណេញលើសពីការរំពឹងទុករបស់អ្នកវិភាគ ខណៈដែលពួកគេបានព្យាករណ៍ប្រាក់ចំណេញ ត្រឹមតែ ១០២ លានអ៉ឺរ៉ូ (១១០.៥២ លានដុល្លារ)។

ទោះយ៉ាងណាក្រុមហ៊ុន Nokia បានព្រមានថា លទ្ធផលសរុបរបស់ខ្លួននៅឆ្នាំ២០២០ នឹងធ្លាក់ចុះតិចជាងការរំពឹងទុកពីពេលមុន ខណៈក្រុមហ៊ុននេះបានរំពឹងថានឹងទទួលបានប្រាក់ចំណេញ ៩% ដែលតិចជាងការប៉ាន់ស្មានក្នុងខែមករា ០.៥% ក្នុងរយៈពេលមួយឆ្នាំពេញ។ ដោយក្រុមហ៊ុនបានទទួលស្គាល់ថា បញ្ហាប្រឈមនៃការផ្គត់ផ្គង់ និងការចែកចាយនៅក្នុងប្រទេសមួយចំនួនអាចជួបប្រទះ ហើយអតិថិជនអាចផ្លាស់ប្តូរការចំណាយ។

គួរបញ្ចាក់ផងដែរថា លទ្ធផលដ៏ល្អប្រសើរឡើងនេះ គឺបានមកពីអាជីវកម្មទូរស័ព្ទចល័តនៅក្នុងអាជីវកម្មបណ្តាញ និងកំរិតខ្ពស់នៅក្នុងបណ្ដាញ Nokia Software ជាពិសេសការចំណាយខ្ពស់ក្នុងការស្រាវជ្រាវនៅក្នុងបណ្ដាញ 5G។ ខណៈក្រុមហ៊ុន Nokia បានឲ្យដឹងថា សន្ទុះនៃកិច្ចព្រមព្រៀង 5G នៅតែបន្តដោយមានកិច្ចព្រមព្រៀងពាណិជ្ជកម្មចំនួន ៧០ និងបណ្តាញផ្សាយបន្តផ្ទាល់ (live networks) ចំនួន ២១៕
ប្រភព៖ xinhuanet
អត្ថបទ៖ លីនី


