អំឡុងវិបត្តិ​ COVID-19 មនុស្សជាច្រើននៅផ្ទះ ចំណាយពេលលេង Facebook​​ ប៉ុន្តែក្រុមហ៊ុនបែរជាចំណេញតិច ដោយសារមូលហេតុនេះ
អាជីវកម្ម May 4, 2020 Khmernote

នៅចំពេលដែលមនុស្សនៅទូទាំងពិភពលោកកំពុងសំងំនៅតែផ្ទះ ក្នុងអំឡុងពេលមានវិបត្តិវីរុសឆ្លងជាសកល COVID-19 ពួកគេទាំងនោះនឹងចំណាយពេលវេលាក្នុងការលេងបណ្ដាញសង្គម ដើម្បីធ្វើយ៉ាងណាឱ្យពេលវេលាដើរទៅមុខបានលឿន ចែកចាយព័ត៌មាន ឬការកម្សាន្តផ្សេងៗ។ ប៉ុន្តែយ៉ាងណាក៏ដោយចំនួនអ្នកប្រើប្រាស់ច្រើនមិនមែនមានន័យថា Facebook ឬបណ្ដាញសង្គមដូចជា Twitter និង Snap កំពុងបង្កើនចំណូលរបស់ខ្លួននោះទេ។

កាលពីពេលថ្មីៗនេះ Facebook បានប្រកាសពីស្ថិតិអ្នកប្រើប្រាស់របស់ខ្លួនចាប់តាំងពីវីរុស COVID-19 បានវាយប្រហារ ដោយនិយាយថា មានអ្នកប្រើប្រាស់យ៉ាងហោចណាស់ ៣ ពាន់លានគណនី កំពុងប្រើប្រាស់ Facebook, Instagram, Messenger ឬ WhatsApp ។ វាជាការកើនឡើង ១១% បើធៀបនឹងពេលវេលាដូចគ្នានឹងឆ្នាំកន្លងទៅ និងជាការកើនឡើងខ្ពស់បំផុតសម្រាប់ក្រុមហ៊ុននេះ។ ប៉ុន្តែបើនិយាយថា តើ Facebook បានកើនចំណូលឬអត់? ពិតណាស់គឺមិនបានកើនឡើងនោះទេ។

ក្នុងត្រីមាសដំបូង Facebook កើនចំណូល ១៨%​ បានហួសពីការរំពឹងទុក ប៉ុន្តែមេក្រុមហ៊ុននេះបាននិយាយថា​ វាមានការធ្លាក់ចុះខាងសេដ្ឋកិច្ចយ៉ាងខ្លាំង។​ ទោះជាប៉ុន្មានរយៈដែលមានការបិទទ្វារនេះ​ មានការកើនឡើងចំនួនអ្នកលេងក៏ដោយ ប៉ុន្តែពួកគេមិនសូវទទួលបានចំណូលពីផ្សាយពាណិជ្ជកម្មនោះទេ​​ ជាពិសេសគឺក្នុងខែមេសាតែម្ដង។ ភាគច្រើននៃអ្នកជាវការផ្សាយពាណិជ្ជកម្ម​ គឺបានផ្អាកទៅតាមការបិទទ្វារសេដ្ឋកិច្ចទាំងនោះ។

លោក Mark Zuckerberg​ ក៏ទទួលស្គាលពីភាពមិនច្បាស់លាស់ក្នុងអំឡុងពេលនេះដែរ ប៉ុន្តែបញ្ហានេះមិនមានតែ Facebook នោះទេ​ពោលគឺ Twitter, Google និងស្ទើរតែគ្រប់ក្រុមហ៊ុនផ្សេងទៀតដែលប្រភពចំណូលសំខាន់មកពីការផ្សាយពាណិជ្ជកម្មឌីជីថល កំពុងប្រឈមមុខនឹងសម្ពាធដូចគ្នាទាំងអស់៕

អត្ថបទ៖ លីដា
ប្រភព៖ Vox