ក្រុមហ៊ុន Tesla ទទួលផលចំណេញច្រើនសន្ធឹកបើទោះបីជារោងចក្រត្រូវបិទទ្វារ ខណៈក្រុមហ៊ុនតូចធំជាច្រើនប្រកាសពីការខាតបង់ក្នុងពេលមានវិបត្តិកូវីដ
អាជីវកម្ម April 30, 2020 Chan Sreyny

ខណៈដែលបណ្ដាក្រុមហ៊ុនជាច្រើនបានប្រកាសពីការខាតបង់នៅក្នុងត្រីមាសទី១ នេះដោយសារតែការរាតត្បាតពីវីរុសកូរ៉ូណាក៏ដោយក្ដី ក្រុមហ៊ុន Tesla ដែលជាក្រុមហ៊ុនផលិតរថយន្តឈានមុខគេមួយរបស់មហាសេដ្ឋីកាណាដា Elon Mask ទទួលបានប្រាក់ចំណេញគួរឱ្យភ្ញាក់ផ្អើលក្នងត្រីមាសដំបូងនៃឆ្នាំ២០២០ បើទោះបីជាវីរុសកូរ៉ូណា​បានបង្ខំឱ្យក្រុមហ៊ុនត្រូវបិទរោងចក្រធំរបស់ខ្លួនក៏ដោយ នេះបើយោងតាមការឲ្យដឹងពីក្រុមហ៊ុនរថយន្តអេឡិចត្រូនិក។

យ៉ាងណាមិញតាមរយៈការចុះផ្សាយរបស់ Business Insider បានបង្ហាញពីតួលេខសំខាន់ៗ ដោយ Tesla ប្រាក់ចំណូលក្នុងមួយហ៊ុន ១.២៤ ដុល្លារ ខណៈក្រុមហ៊ុននេះរំពឹងថានឹងធ្លាក់ចុះ ០.៣៤ដុល្លារ។ ទន្ទឹមនឹងនេះដែរក្រុមហ៊ុទទួលបានប្រាក់ចំណូល ៥.៩៩ ពាន់លានដុល្លារ ខណៈការរំពឺងរបស់ខ្លួនត្រឹមចំនួន ៥.៨ ពាន់លានដុល្លារនៅត្រីមាសទី១ នេះ។ បន្ថែមពីនេះទៅទៀតតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានកើនឡើង ៨% នៅពេលត្រូវបានដាក់ឲ្យដេញថ្លៃក្នុងរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ។ ប៉ុន្តែ ភាគហ៊ុនរបស់ក្រុមហ៊ុនបានធ្លាក់ចុះប្រហែល ១៣% ពីកម្រិតខ្ពស់កាលពីពេលថ្មីៗនេះនៅថ្ងៃយប់ថ្ងៃពុធ ដោយឆ្លុះបញ្ចាំងពីការលក់ស្រដៀងគ្នានៅក្នុងសន្ទស្សន៍ភាគហ៊ុនធំៗ។

យ៉ាងណាមិញក្រុមហ៊ុនបាននិយាយថា ការកើនឡើងនូវចំនួននៃប្រាក់ចំណេញមួយផ្នែកត្រូវបានជំរុញដោយសារការបង្កើនផលិតកម្មនៅរោងចក្រសៀងហៃរបស់ក្រុមហ៊ុន Tesla ។ ខណៈមួយផ្នែកទៀតជំរុញដោយប្រាក់ចំណូលចាស់ពីឥណទានបទប្បញ្ញត្តិដែលក្រុមហ៊ុន Tesla លក់ទៅឱ្យក្រុមហ៊ុនផលិតរថយន្តបុរាណក៏បានកើនឡើងពី ១៣៣ លានដុល្លារនៅត្រីមាសទី ៤ នៃឆ្នាំ ២០១៩ ដល់ ៣៥៤ លានដុល្លារនៅត្រីមាសទីមួយ។

លើសពីនេះ ក្រុមហ៊ុនបានបន្តថា ទោះបីជាមានបញ្ហាប្រឈមផ្នែកប្រតិបត្តិការជាសកលក៏ដោយ ប៉ុន្តែយើងអាចសម្រេចបាននូវត្រីមាសទីមួយដ៏ល្អបំផុតសម្រាប់ទាំងផលិតកម្ម និងការចែកចាយ។ ក្រុមហ៊ុនបានបន្ថែមថា ទោះយ៉ាងណាការចែកចាយរថយន្ត Tesla Semi នឹងត្រូវពន្យារពេលរហូតដល់ឆ្នាំ ២០២១ ខណៈដែលក្រុមហ៊ុនផលិតរថយន្តនេះផ្តោតលើការបង្កើនផលិតកម្មម៉ូដែល Y ៕

ប្រភព៖ businessinsider
អត្ថបទ៖ លីនី