ទិន្នផលនិងការលក់របស់តូយ៉ូតានៅទូទាំងពិភពលោកបានធ្លាក់ចុះជាង ២០% បើប្រៀបធៀបទៅនឹងឆ្នាំមុនក្នុងខែមីនា ដោយសារការស្នើសុំឲ្យស្នាក់នៅផ្ទះនៅទូទាំងពិភពលោក ដែលបង្កឡើងដោយជំងឺរាតត្បាត Covid-19 ដែលឆ្លងរាលដាលបានប៉ះពាល់ដល់សកម្មភាពផលិតកម្ម និងតម្រូវការ។
ក្រុមហ៊ុនតូយ៉ូតាបាននិយាយថា ផលិតផលរបស់ខ្លួនបានធ្លាក់ចុះ ២០.៦% ស្មើនឹង ៦៤០,៩៧៣ គ្រឿង ហើយការលក់បានធ្លាក់ចុះ ២៣.៨% ស្មើនឹង ៦៨១,៥១០ គ្រឿងក្នុងនោះរាប់បញ្ចូលទាំងផលិតផលដែលបានលក់ដោយក្រុមហ៊ុន Daihatsu Motor ដែលជាក្រុមហ៊ុនផលិតរថយន្តខ្នាតតូច និងក្រុមហ៊ុនផលិតរថយន្តដឹកទំនិញ Hino Motors ។

ស្របពេលដែលរោងចក្ររបស់តូយ៉ូតានៅប្រទេសចិនបានចាប់ផ្តើមដំណើរការកាលពីខែមុន រោងចក្ររបស់ខ្លួននៅតំបន់ជាច្រើននៃទ្វីបអ៉ឺរ៉ុប សហរដ្ឋអាមេរិក និងអាស៊ីនៅតែបិទទ្វារ ខណៈដែលនិយោជិកត្រូវស្នាក់នៅក្នុងផ្ទះស្របតាមសំណើរបស់រដ្ឋាភិបាលក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ។ ដោយឡែកការលក់ និងផលិតកម្មនៅក្នុងប្រទេសជប៉ុនក៏មានការធ្លាក់ចុះផងដែរ ដោយសារតែអ្នកចាប់អារម្មណ៍មកមើលរថយន្តពីឈ្មួញ និងនៅបន្ទប់តាំងបង្ហាញមានចំនួនតិចជាងមុន។

ជាមួយគ្នានេះដែរការលក់តាមតំបន់នៅអាស៊ីដោយមិនរាប់បញ្ចូលប្រទេសជប៉ុនបានធ្លាក់ចុះ ៣០.៤% ពីមួយឆ្នាំមុនមួយទៀត ដោយលក់បានតែចំនួន ១៧១,០២៨ គ្រឿងខណៈការលក់របស់តូយ៉ូតានៅអាមេរិកខាងជើងធ្លាក់ចុះ ៣៧% ដោយលក់បានតែ ១៥៥,៥៥២ គ្រឿង។ យ៉ាងណាមិញតួលេខត្រូវបានគេរំពឹងថានឹងធ្លាក់ចុះបន្ថែមទៀតនៅក្នុងខែមេសា បន្ទាប់ពីក្រុមហ៊ុននេះបានពង្រីកការផ្អាករោងចក្រដោយសារតែការរីករាលដាលនៃមេរោគយ៉ាងឆាប់រហ័ស ដោយការចំណាយរបស់អ្នកប្រើប្រាស់ក៏ខ្សោយទាំងនៅក្នុងស្រុក និងនៅបរទេស។

គួរឲ្យដឹងផងដែរថាក្រុមហ៊ុនតូយ៉ូតាបានបញ្ឈប់បណ្តាញផលិតកម្មជាបណ្តោះអាសន្ននៅរោងចក្រចំនួន ៦ ក្នុងប្រទេសជប៉ុន កាលពីខែមេសាដែលបណ្តាលឱ្យការផលិតមានការថយចុះប្រមាណ ៤៧,០០០ គ្រឿង។ លើសពីនេះក្រុមហ៊ុននឹងបញ្ឈប់ការផលិតជាបណ្តោះអាសន្នម្តងទៀតនៅក្នុងខែឧសភាដែលបណ្តាលឱ្យមានការថយចុះយ៉ាងហោចណាស់ប្រហែល ៧៩,០០០ គ្រឿង។ ទន្ទឹមនឹងនេះតម្រូវការនៅបរទេសប៉ះពាល់យ៉ាងខ្លាំងដល់ផលិតកម្មក្នុងស្រុករបស់តូយ៉ូតា ព្រោះកាលពីឆ្នាំ២០១៩ តូយ៉ូតាបាននាំចេញរថយន្តប្រហែល ៦០% នៃរថយន្តចំនួន ៣.៤១ លានគ្រឿងដែលផលិតនៅក្នុងស្រុក៕
ប្រភព៖ thejakartapost
អត្ថបទ៖ លីនី


