រដ្ឋបាលក្រុងបាងកកគ្រោងនឹងបើកកន្លែងអាជីវកម្មមួយចំនួនឡើងវិញ បន្ទាប់ពីត្រូវបានបិទដើម្បីបញ្ឈប់ការរីករាលដាលនៃវីរុស Covid-19 ដែលបានលុកលុយយ៉ាងចាស់ដៃនៅក្នុងប្រទេសថៃ។ យ៉ាងណាមិញគិតមកត្រឹំមពេលនេះ បន្ទាប់ពីករណីឆ្លងថ្មីមានការថមថយ អាជីវកម្មដែលរដ្ឋបាលក្រុងបាងកកគ្រោងឲ្យបើកដំណើរការឡើងវិញរួមមាន ភោជនីយដ្ឋាន ផ្សារ កន្លែងហាត់ប្រាណ ហាងកាត់សក់ គ្លីនិក ពេទ្យសត្វ ហាងសម្អាងការ និងទីលានវាយកូនហ្គោល។
អភិបាលក្រុងបាងកកលោក Aswin Kwanmuang បាននិយាយកាលពីថ្ងៃអង្គារថាការបិទទ្វារនាពេលបច្ចុប្បន្នរបស់ទីក្រុងដើម្បីទប់ស្កាត់ការរីករាលដាលនៃ Covid-19 ត្រូវបានកំណត់អស់សុពលភាពនៅពាក់កណ្តាលអធ្រាត្រថ្ងៃព្រហស្បតិ៍ខាងមុខនេះ។ ដោយរដ្ឋបាលក្រុង បានជូនដំណឹងដល់រដ្ឋាភិបាលអំពីផែនការរបស់ខ្លួនដើម្បីបើកកន្លែងជាថ្មីចំនួន ៨ ប្រភេទ ដោយមានលក្ខខណ្ឌតឹងរឹងដើម្បីធានាការគ្រប់គ្រងជំងឺ ហើយគណៈកម្មាធិជំងឺឆ្លងនឹងធ្វើការសម្រេចចិត្តនៅថ្ងៃពុធនេះផងដែរ។

អភិបាលក្រុងក៏បានឲ្យដឹងងបន្ថែមថា មុននឹងចូលទៅកន្លែងទាំងអស់នេះ អតិថិជនត្រូវត្រួតពិនិត្យសីតុណ្ហភាពរាងកាយ ពាក់ម៉ាស លាងដៃជាមួយសាប៊ូ ឬអាល់កុលហើយស្ថិតនៅចម្ងាយ ១.៥ទៅ ២ ម៉ែត្រពីគ្នាទៅវិញទៅមក។ ទោះបីជាយ៉ាងនេះក្ដីលោកមិនបានបញ្ជាក់ពីកាលបរិច្ឆេទបើកឡើងវិញនោះទេ ប៉ុន្តែមន្ត្រីរំពឹងថា ការបើកឡើងវិញអាចនឹងដំណើរការនៅថ្ងៃសុក្រនេះ។ ខណៈលោក Aswin កំពុងរង់ចាំការសម្រេចរបស់រដ្ឋាភិបាល ថាតើត្រូវដកបម្រាមហាមឃាត់ការលក់ភេសជ្ជៈមានជាតិអាល់កុល ឬយ៉ាងណា៕


ប្រភព៖ bangkokpost
អត្ថបទ៖ លីនី


