ក្រុមហ៊ុន Ford Motor បានខាតបង់ទឹកប្រាក់ចំនួន ២ ពាន់លានដុល្លារក្នុងកំឡុងត្រីមាសទី១ និងបានព្រមានវិនិយោគិនថាការខាតបង់នៅត្រីមាសទី២ នឹងកាន់តែរីកធំឡើងដោយសារវីរុសរាតត្បាតកូវីដ-១៩ បានផ្ដល់ផលប៉ះពាល់យ៉ាងខ្លាំងទៅលើការលក់ និងបង្ខំឲ្យរោងចក្ររបស់ក្រុមហ៊ុននេះត្រូវបិទទ្វារ។ ក្រុមហ៊ុនផលិតរថយន្តបានឲ្យដឹងកាលពីថ្ងៃអង្គារថា មុនពេលបង់ពន្ធហើយបន្ទាប់ពីការកែសំរួលមួយលើកៗ Ford បានខាតបង់អស់ ៦៣២ លានដុល្លារហើយចំនួននេះត្រូវគេរំពឹងថានឹងកើនដល់ ៥ ពាន់លានដុល្លារក្នុងត្រីមាសទី២ ។
ជាមួយគ្នានេះភាគហ៊ុនរបស់ក្រុមហ៊ុន Ford បានធ្លាក់ចុះប្រហែល ៦% ក្នុងកំឡុងពេលធ្វើពាណិជ្ជកម្មអស់រយៈពេលជាច្រើនម៉ោងកាលពីថ្ងៃអង្គារមកនៅត្រឹម ៥.១០ ដុល្លារ ដោយលុបចោលការចំណេញរបស់ក្រុមហ៊ុនផលិតរថយន្តនៅថ្ងៃនេះ។ ហើយនៅឆ្នាំនេះ ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តបានធ្លាក់ចុះប្រហែល ៤២%។ ទន្ទឹមនឹងនេះប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុនផលិតរថយន្តដែលរួមមាន ការលក់ និងហិរញ្ញប្បទានដោយស្វ័យប្រវត្តិបានធ្លាក់ចុះ ១៤.៩% ស្មើនឹង ៣៤.៣ ពាន់លានដុល្លារ។ ក្រុមហ៊ុន Ford បាននិយាយថា មេរោគនេះមានឥទ្ធិពលអវិជ្ជមានយ៉ាងហោចណាស់ចំនួន ២ ពាន់លានដុល្លារទៅលើប្រាក់ចំណូលរបស់ក្រុមហ៊ុនក្នុងអំឡុងពេល ៣ ខែដំបូងនៃឆ្នាំនេះ។

លោក Tim Stone ប្រធានផ្នែកហិរញ្ញវត្ថុបាននិយាយថា ក្រុមហ៊ុនផលិតរថយន្តប៉ាន់ស្មានថា នៅត្រីមាសទី២ នឹងទទួលរងផលប៉ះពាល់ខ្លាំងបំផុតពីការឆ្លងរាតត្បាតដោយសារជំងឺដ៏សាហាវមួយនេះ។ ខណៈក្រុមហ៊ុនបានឲ្យដឹងកាលពីដើមខែនេះថា ការលក់រថយន្តនៅត្រីមាសដំបូងរបស់ក្រុមហ៊ុន Ford បានធ្លាក់ចុះ ១២.៥% បើធៀបនឹងឆ្នាំមុន។ លើសពីនេះ IHS Markit រំពឹងថាការលក់រថយន្ដនៅទូទាំងពិភពលោកនឹងធ្លាក់ចុះ ២២% ក្នុងឆ្នាំនេះក្នុងចំនួន ៧០.៣ លានគ្រឿងដែលនាំមុខដោយការធ្លាក់ចុះ ២៦.៦% នៅសហរដ្ឋអាមេរិកស្មើនឹងចំនួន ១២.៥ លានគ្រឿងបើប្រៀបធៀបនឹងឆ្នាំមុន៕


ប្រភព៖ cnbc
អត្ថបទ៖ លីនី


