ខណៈមនុស្សម្នាសំងំនៅតែផ្ទះដើម្បីការពារពីវីរុសកូវីដ-១៩ ធ្វើឲ្យការចំណាយទៅលើវីដេអូហ្គេមឌីជីថលបានកើនឡើងដល់ ១០ កោដិដុល្លារ នៅក្នុងខែមីនា
អាជីវកម្ម April 27, 2020 Chan Sreyny

កាលពីពេលថ្មីៗនេះ អ្នកតាមដានទីផ្សារ SuperData បានរាយការណ៍ថា ការចំណាយទៅលើវីដេអូហ្គេមឌីជីថលបានកើនឡើងដល់ ១០ កោដិដុល្លារក្នុងខែមីនា ខណៈដែលមនុស្សម្នាបានងាកទៅរកការលេងហ្គេមវិញក្នុងអំឡុងពេលស្ថិតនៅផ្ទះ ដើម្បីបញ្ឈប់ការរីករាលដាលនៃវីរុស covid-19។ ទឹកប្រាក់ដែលបានចំណាយទៅលើឧបរកណ៍ហ្គេម (console games) បានលលោតឡើងខ្ពស់ពីចំនួន ៨៨៣ លានដុល្លារក្នុងខែកុម្ភះដល់ ១.៥ ពាន់លានដុល្លារក្នុងខែមីនា។

ជាមួយគ្នានេះដែរការចំណាយលើហ្គេមដែលលេងលើកុំព្យូទ័រផ្ទាល់ខ្លួនបានកើនឡើង ៥៦% ស្មើនឹង ៥៦៧ លានដុល្លារបើប្រៀបធៀបក្នុងរយៈពេលដូចគ្នាទៅនឹងការកើនឡើងរបស់ការចំនាយទៅលើឧបករណ៍ហ្គេម។ ឧបករណ៍ហ្គេម និងហ្គេមតាមកំព្យូទ័រពេញនិយមជាខ្លាំងនៅអឺរ៉ុប និងអាមេរិកខាងជើង ដែលជាប្រទេសមានការរឹតត្បិតការចេញទៅក្រៅយ៉ាងតឹងរឹងនៅខែមីនាដោយសារវីរុសកូវីដ-១៩ រាតត្បាតកាន់តែខ្លាំងឡើងៗ។

SuperData បានឲ្យដឹងបន្ថែមថា បុគ្គលម្នាក់ៗកំពុងតែងាកមករកហ្គេមដែលជាជំរើសកំសាន្តមួយដែលអាចទុកចិត្តបានក្នុងកំឡុងពេលមានវិបត្តិកូវីដ-១៩ ហើយកំពុងប្រើប្រាស់អ៊ីនធឺណេតច្រើនដើម្បីទាក់ទងជាមួយអ្នកដទៃ។ ប្រាក់ចំណូលសរុបពីវីដេអូហ្គេមឌីជីថលសម្រាប់ខែនេះបានកើនឡើង ១១% ពីមួយឆ្នាំទៅមួយឆ្នាំ នេះបើយោងតាមអ្នកតាមដានឧស្សាហកម្មនេះ។

ប្រភពដដែលបានបន្តថា ក្រុមហ៊ុន Nintendo ដ៏ល្បីរបស់ជប៉ុនបានលក់ហ្គេម “Animal Crossing: New Horizons” ចំនួន ៥ លាននៅក្នុងខែមីនា ដែលបានបង្កើតកំណត់ត្រានៃការលក់ច្រើនបំផុតនៃឧបករណ៍ហ្គេមឌីជីថលប្រចាំខែ។ យ៉ាងណាមិញ SuperData ក៏បានរាយការណ៍ផងដែរថា ការចំណាយបានកើនឡើង ១៥% លើហ្គេមទូរស័ព្ទដៃដែលភាគច្រើនលេងនៅលើស្មាតហ្វូនដែលឈានដល់ចំនួន ៥.៧ ពាន់លានដុល្លារនៅក្នុងខែមីនា៕

ប្រភព៖ bangkokpost
អត្ថបទ៖ លីនី