តម្លៃដីនៅតំបន់ឧស្សាហកម្មក្នុងប្រទេសវៀតណាមកើនឡើងស្រើតៗ បើទោះបីជាវីរុសកូវីដ-១៩ កំពុងរាតត្បាតក៏ដោយ
អចលនទ្រព្យ April 27, 2020 Chan Sreyny

តម្លៃដីឧស្សាហកម្មនៅក្នុងប្រទេសវៀតណាមបានកើនឡើង ១២% ក្នុងមួយឆ្នាំនៅត្រីមាសទី១ នេះ​ ដោយការផ្លាស់ប្ដូរផលិតកម្មមកពីប្រទេសចិនជាបន្តបន្ទាប់ បើទោះបីជាវីរុសកូវីដ-១៩ កំពុងតែរាតត្បាតនៅលើពិភពលោកក៏ដូចជាប្រទេសវៀតណាមក៏ដោយ។ នៅភាគខាងជើងតម្លៃដីបានកើនឡើង ៦.៥% ដល់ ៩៩ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងភាគខាងត្បូងកើនឡើងគឺ ១២.២% ដល់ ១០១ ដុល្លារក្នុងមួយម៉ែត្រការ៉េ នេះបើយោងតាមរបាយការណ៍ដែលចេញថ្មីៗនេះរបស់ក្រុមហ៊ុនសេវាកម្មអចលនទ្រព្យ Jones Lang LaSalle (JLL)។

របាយការណ៍ដដែលបានឲ្យដឹងថា ក្រុមហ៊ុនដែលកំពុងសម្លឹងរកមើលការធ្វើពិពិធកម្មផលិតផលរបស់ពួកគេនៅក្រៅប្រទេសចិន បានចាប់អារម្មណ៍ទៅលើប្រទេសវៀតណាមដោយសារតែប្រទេសមួយនេះនៅជិតប្រទេសចិនស្រាប់ងាយស្រួលក្នុងការផ្លាស់ប្ដូរផលិតកម្ម និងដឹកជញ្ជូនផលិតផលសម្រាប់នាំចេញ។ លោក Stephen Wyatt ប្រធានប្រចាំប្រទេសនៃក្រុមហ៊ុន JLL Vietnam មានប្រសាសន៍ថា “ អ្នកអភិវឌ្ឍន៍សួនឧស្សាហកម្មនៅតែជឿជាក់ថាតម្រូវការដីនឹងបន្តកើនឡើងដូច្នេះតម្លៃដីធ្លីត្រូវបានគេរំពឹងថានឹងកើនឡើងស្របតាមសក្តានុពលរយៈពេលវែងនៃផ្នែកឧស្សាហកម្មរបស់ប្រទេសវៀតណាម” ។

ទន្ទឹមនឹងនេះរោងចក្រដែលបានសាងសង់រួចជាស្រេចត្រូវបានដាក់ជួលក្នុងតម្លៃ ៣.៥ ទៅ ៥ ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ ដែលត្រូវបានអនុគ្រោះដោយអាជីវកម្មដែលបានបង្ហាញដោយអត្រាកាន់កាប់ខ្ពស់។ របាយការណ៍នេះក៏បានបង្ហាញផងដែរថាម្ចាស់សហគ្រាសទាំងនោះបានបង្កើតប្រតិបត្ដិការនៅប្រទេសវៀតណាមអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

បន្ថែមពីនេះ និន្នាការនេះបានកើនឡើងក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះជាមួយក្រុមហ៊ុនដែលកំពុងសម្លឹងរកមើលការធ្វើពិពិធកម្មប្រតិបត្តិការនិងបណ្តាញផ្គត់ផ្គង់របស់ពួកគេ។ យ៉ាងណាមិញទោះបីការផ្ទុះឡើងនៃវីរុស Covid-19 អាចបណ្តាលឱ្យមានការពន្យាពេលក្នុងការសម្រេចចិត្តបន្ទាប់ពីការចរចារជួលក៏ដោយ ក៏មូលដ្ឋានគ្រឹះនៃទីផ្សារនៅតែរឹងមាំហើយនឹងងើបឡើងវិញបន្ទាប់ពីការរីករាលដាលត្រូវបានបញ្ឈប់៕

ប្រភព៖ vnexpress
អត្ថបទ៖ លីនី