ក្រុមហ៊ុន Mitsubishi Motors ដ៏ល្បីមួយរបស់ជប៉ុនបានគិតរំពឹងថានៅក្នុងឆ្នាំនេះក្រុមហ៊ុនរបស់ខ្លួននឹងខាតបង់ប្រាក់ចំណូលសុទ្ធប្រចាំឆ្នាំ ចំនួន ២៤០ លានដុល្លារអាមេរិកដោយសាតែផលប៉ះពាល់នៃការឆ្លងរាលដាលនៃវីរុស Covid-19។ ខណៈក្រុមហ៊ុនដែលប្រតិបត្តិការក្នុងសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Nissan និងក្រុមហ៊ុន Renault កាលពីពេលមុនបានព្យាករថានឹងទទួលបានប្រាក់ចំណេញ ៥ ពាន់លានយ៉េន (៤៦.៥ លានដុល្លារអាមេរិក) សម្រាប់ឆ្នាំសារពើពន្ធរហូតដល់ខែមីនា នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពីក្រុមហ៊ុនផលិតរថយន្តជប៉ុន។
ប៉ុន្តែដោយសារវីរុស Covid-19 ប្រាក់ចំណូលត្រូវបានរារាំងដោយការធ្លាក់ចុះនៃតម្រូវការរថយន្តសកល និងផលប៉ះពាល់នៃការរីករាលដាលនៃវីរុសបានធ្វើឲ្យក្រុមហ៊ុនកាត់បន្ថយការព្យាករណ៍ប្រាក់ចំណេញប្រតិបត្តិការពី ៦០% ដល់ ១២ ពាន់លានយ៉េន។ ជាមួយគ្នានេះប្រភពដដែរលបានបន្តថា លោក Osamu Masuko និងនាយកប្រតិបត្តិដទៃទៀតនឹងកាត់បន្ថយប្រាក់ឈ្នួលរហូតដល់ ៣០% ហើយក្រុមហ៊ុនផលិតរថយន្តគ្រោងនឹងប្រកាសពីប្រាក់ចំណូលក្នុងមួយឆ្នាំរបស់ខ្លួននៅខែក្រោយនេះ។

គួរបញ្ជាក់ឲ្យដឹងផងដែរថា ជំងឺរាតត្បាតនេះមិនត្រឹមតែធ្វើឲ្យក្រុមហ៊ុនលក់រថយន្តបាត់បង់ប្រាក់ចំណូលប៉ុណ្ណោះទេ តែក៏បានបង្ខំឲ្យក្រុមហ៊ុនអាកាសចរណ៍ធំៗ កាត់បន្ថយការព្យាករណ៍ប្រចាំឆ្នាំរបស់ពួកគេផងដែរនៅពេលមានការបិទទ្វារទូទាំងពិភពលោកដើម្បីជួយទប់ស្កាត់វីរុសដែលបានធ្វើឱ្យតម្រូវការធ្វើដំណើរថយចុះ។ ជាក់ស្ដែងក្រុមហ៊ុនអាកាសចរណ៍ជប៉ុនកាលពីថ្ងៃពុធបាននិយាយថា ខ្លួនបានកាត់បន្ថយការព្យាករប្រាក់ចំណេញសុទ្ធចំនួន ៤៣% ខណៈក្រុមហ៊ុនអាកាសចរណ៍គូប្រជែង ANA បានទម្លាក់ការព្យាករណ៍ប្រាក់ចំណេញសុទ្ធប្រចាំឆ្នាំចំនួន ៧១%៕
ប្រភព៖ channelnewsasia
អត្ថបទ៖ លីនី


