កូវីដ-១៩​ បង្ខំឲ្យក្រុមហ៊ុនចាស់វស្សា McDonald’s ផ្អាករាល់ប្រតិបត្តិការទាំងអស់នៅក្នុងប្រទេសសិង្ហបុរី បន្ទាប់ពីចំនួនអ្នកឆ្លងកើនឡើងឥតដាច់
អាជីវកម្ម April 20, 2020 Chan Sreyny

យោងតាមសេចក្ដីប្រកាសព័ត៌មានមួយរបស់ក្រុមហ៊ុនចាស់វស្សា McDonald’s បានឲ្យដឹងថា ខ្លួននឹងផ្អាករាល់ប្រតិបត្តិការទាំងអស់នៅក្នុងប្រទេសសិង្ហបុរីរហូតដល់ថ្ងៃទី៤ ខែឧសភា នៅពេលដែលវិធានការរបស់រដ្ឋាភិបាលសិង្ហបុរីក្នុងការទប់ស្កាត់ការរីករាលដាលនៃវីរុស Covid-19 ត្រូវបានបញ្ចប់។ តាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia អាជីវកម្មលំដាប់ពិភពលោកមួយនេះ​ បានផ្អាកដំណើរចាប់តាំងពីថ្ងៃទី១៩ ខែមេសា ហើយការផ្លាស់ប្ដូរនេះដែររួមទាំងសេវាកម្មកម្ម៉ង់អាហារដោយស្វ័យប្រវត្តិ (drive-through) និងសេវាកម្មដឹកជញ្ជូន។

បន្ថែមពីនេះតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុនបានឲ្យដឹងបន្ថែមថា ក្រសួងសុខាភិបាលបានណែនាំឲ្យក្រុមហ៊ុនចូលរួមជាសកម្មភាពបង្ការក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩ នៅក្នុងប្រទេសសិង្ហបុរី ដែលជាហេតុធ្វើឲ្យក្រុមហ៊ុនសម្រេចផ្អាកប្រតិបត្តិការជាបណ្ដោះអាសន្ន។ ជាមួយគ្នានេះដែរនាយកគ្រប់គ្រងក្រុមហ៊ុន McDonald’s Singapore លោក Kenneth Chan មានប្រសាសន៍ថា ​នេះជាពេលវេលាដែលមិនធ្លាប់មានពីមុនមកសម្រាប់យើងទាំងអស់គ្នា យើងបានប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីធ្វើឱ្យមានវិធានការប្រុងប្រយ័ត្នជាមុន ដើម្បីរក្សាសុវត្ថិភាពដល់និយោជិក និងអតិថិជនរបស់យើង ហើយយើងនឹងបន្តប្រតិបត្តិការឲ្យបានល្អជាងមុនទៅទៀត។

គួរបញ្ជាក់ផងដែរថា ហាងលក់អាហាររហ័ស McDonald’s មានជាង ១៣៥ កន្លែងនៅទូទាំងប្រទេសសិង្ហបុរី ប្រតិបត្តិការដោយបុគ្គលិកច្រើនជាង ១០,០០០ នាក់។ បន្ថែមពីនេះ McDonald’s ក៏មានប្រតិបតិ្តការកម្ម៉ង់អាហារដោយស្វ័យប្រវត្តិ (drive-through) ចំនួន ១៧ កន្លែង ហាងបង្អែមចំនួន ៤២ កន្លែង និងហាង McCafé ចំនួន ៤៨ កន្លែងដែលបម្រើអតិថិជនជាង ៦ លាននាក់។ បន្ថែមពីនេះកាលពីថ្ងៃសៅរ៍កាសែត TODAY បានរាយការណ៍ថាក្រុមហ៊ុន McDonald បានបិទភោជនីយដ្ឋានរបស់ខ្លួននៅអាកាសយានដ្ឋាន Changi Airport Terminal 3 និងហាងទំនិញនៅហ្គារាស់សាំងមួយនៅតាមបណ្តោយ Tampines Ave 2 បន្ទាប់ពីបុគ្គលិកពីរនាក់បានធ្វើតេស្តិ៍វិជ្ជមានសម្រាប់កម្មវិធី COVID-19។

យ៉ាងណាមិញគិតមកទល់ពេលនេះ ក្រសួងសុខាភិបាលបានបញ្ជាក់ជាបឋមនូវករណីឆ្លងវីរុស COVID-19 ចំនួន ១,៤២៦ករណី ដែលធ្វើឲ្យចំនួនសរុបនៅក្នុងប្រទេសសិង្ហបុរីកើនឡើងដល់ ៨,០១៤ នាក់៕

ប្រភព៖ channelnewsasia
អត្ថបទ៖ លីនី