សម្តេចតេជោ សុំអោយម្ចាស់បូរី និង ម្ចាស់ផ្ទះបង់រំលោះ ពន្យារការបង់ និងកុំផ្តាច់កុងត្រាក្នុងរយៈពេលកម្មករព្យួរការងារ
អចលនទ្រព្យ March 9, 2020 Khmernote

ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ តភ្ជាប់ពីផ្លូវជាតិលេខ៥ ក្នុងទីរួមខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ព្រំដែនថ្មដា ជាប់ជាមួយខេត្តត្រាត ប្រទេសថៃ និងបើកការដ្ឋានសាងសង់ផ្លូវជាតិ១០ តភ្ជាប់ពីសំឡូត ទៅខេត្តកោះកុង។ ព្រឹកថ្ងៃចន្ទ ១រោច ខែផល្គុន ឆ្នាំកុរ ឯកស័កព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ ២០២០។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើឡើងពីបញ្ហាប្រឈមមួយចំនួន ដែលបង្ករការលំបាកដល់កម្មកររោងចក្រ និងបុគ្គលិកធ្វើការតាមសណ្ឋាគារនានា ដែលត្រូវបានព្យួរការងារ ដោយក្នុងនោះសម្តេច តេជោ បានសុំអោយម្ចាស់បូរី រឺ ម្ចាស់ផ្ទះបង់រំលោះនានា ពន្យារការបង់ កុំផ្តាច់កុងត្រាក្នុងរយៈពេលនឹង។ សម្តេចបានមានប្រសាសន៍ថា៖

“ឯទី៣ សុំអោយម្ចាស់បូរី រឺ ម្ចាស់ផ្ទះដែលលក់ផ្ទះបង់រំលោះអោយកម្មករ អោយអ្នកដែលមានការងារធ្វើនៅតាមសណ្ឋាគារ នានា រឺតាមរោងចក្រនានា ដែលព្យួរការងារនេះ ពន្យារការបង់ៗ កុំផ្តាច់កុងត្រា ក្នុងរយៈពេលនឹង ព្រោះអញ្ចេះ បើតាមដឹង អាកុងត្រាសម្រាប់អាបង់រំលោះនេះ កាលណាពេលណាមួយមិនបានបង់អោយគេក្នុងរយៈពេលប៉ុន្មានគឺគេផ្តាច់តែម្តង ដេញយើងចុះពីផ្ទះៗៗ អញ្ចឹងទេសូមអោយមានការយោគយល់ ទៅលើបញ្ហានេះ សូមអោយមានការយោគយល់លើបញ្ហានេះ”