ចាយទុនរាប់លានដុល្លារ សាងសង់សណ្ឋាគារប្រណិតលំដាប់ផ្កាយ៥ តែសុខចិត្ត អភិរក្សវីឡាសម័យអាណានិគមបារាំងអាយុប្រមាណ ១០០ឆ្នាំ នៅចំកណ្តាលសណ្ឋាគារ
អចលនទ្រព្យ February 7, 2020 Khmernote

វិស័យអចលនទ្រព្យកាន់តែរីកចំរើនពីមួយថ្ងៃទៅមួយថ្ងៃដោយយើងសង្កេតឃើញថា សំណង់អាគារខ្ពស់កាន់តែរីកច្រើនឡើងៗ បង្កើនសម្រស់ដល់ទីក្រុងសម័យទំនើបយើងនាពេលសព្វថ្ងៃនេះ។ ប៉ុន្តែសំណង់សណ្ឋាគារលំដាប់ផ្កាយ៥ មួយកន្លែងដែលស្ថិតនៅតំបន់ សាកលវិទ្យាល័យភូមិន្ទវិចត្រសិល្បៈ បានអភិរក្សវីឡាសម័យអាណានិគមបារាំងអាយុប្រមាណ១០០ឆ្នាំ នៅចំកណ្តាលសណ្ឋាគារ ទៅវិញ។ បើតាមការអោយដឹងពីក្រុមហ៊ុន ជីបម៉ុង គ្រុប បានអោយដឹងថា៖

សណ្ឋាគារ ហាយ៉ាត់ រីជិស៊ី ភ្នំពេញ លំដាប់ផ្កាយប្រាំ ដែលនឹងដាក់ឱ្យដំណើរការនៅត្រីមាសទី៣ បានចូលរួមចំណែកយ៉ាងសំខាន់មួយក្នុងការអភិរក្សសំណង់អគារបេតិកភណ្ឌសម័យអាណានិគមបារាំង។ សណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ ដែលស្ថិតនៅចំកណ្តាលសង្កាត់ពាណិជ្ជកម្ម វប្បធម៌ និងប្រវត្តិសាស្ត្រនៃខណ្ឌដូនពេញ បានអភិរក្សវីឡាសម័យអាណានិគមបារាំង នៅចំកណ្តាលសណ្ឋាគារ ដែលវីឡានេះត្រូវបានកែលម្អឡើងវិញ ដើម្បីរក្សានូវភាពរឹងមាំរបស់សំណង់ ប៉ុន្តែរក្សាទម្រង់ និងរចនាបថដើមទាំងស្រុង។

ក្រុមហ៊ុនវិនិយោគរបស់កូនខ្មែរខ្នាតយក្សមួយនេះបានបន្តថា៖ ការអភិរក្សវីឡាសម័យអាណានិគមបារាំងនៅចំកណ្តាលសណ្ឋាគារនេះ មានគោលបំណងរក្សាប្រវត្តិនៃការវិវឌ្ឍរបស់សំណង់ស្ថាបត្យកម្មរបស់កម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ លើកកម្ពស់តម្លៃស្ថាបត្យកម្មកម្ពុជា និងចូលរួមចំណែកអភិរក្សសំណង់នាសម័យអាណានិគមបារាំង។ មួយវិញទៀត ការអភិរក្សអគារសម័យអាណានិគមបារាំងរបស់សណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ គឺជាផ្នែកមួយនៃរក្សាអត្តសញ្ញាណរបស់តំបន់នេះផងដែរ ដោយសារអគារសណ្ឋាគារបានផុសត្រដែតឡើងនៅក្នុងតំបន់ពាណិជ្ជកម្ម សារមន្ទីរជាតិ ព្រះបរមរាជវាំង សាកលវិទ្យាល័យភូមិន្ទវិចត្រសិល្បៈ វត្តអារាម និងទន្លេចតុមុខ ដែលមានប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏សម្បូរបែប។

វីឡានេះត្រូវបានគេជឿថា សាងសង់ក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩០០ ដែលអាចជាកម្មសិទ្ធិខ្សែរាជ្យវង្ស ឬមន្ត្រីរាជការជាន់ខ្ពស់ ដែលបម្រើការងារក្នុងព្រះបរមរាជវាំង ពីព្រោះនៅសម័យនោះ មានតែខ្សែរាជ្យវង្ស ឬមន្ត្រីរាជការជាន់ខ្ពស់ទេ ដែលរស់នៅក្នុងតំបន់បរិវេណនោះ៕