​ខេត្តក្រចេះ – គោលដៅទី១៣នៃសិក្ខាសាលាតាមបណ្ដាខេត្តឆ្នាំ២០១៩ ក្រោមប្រធានបទ​”អ្វី​ជា​ការ​ជួញ​ដូរ​ឧបករណ៍​និស្សន្ទ”
ហិរញ្ញវត្ថុ December 16, 2019 Samrith Choung

នាថ្ងៃ​ទី១៥​​ ​ខែ​ធ្នូ ​ឆ្នាំ​២​០​១​៩​ ​ក្រុមហ៊ុន​ ហ្គោ​ល​ដេ​ន​ អេហ្វអិ​ក​ស៍ ​លីង​ ឃែ​ភី​ថល​ ​បានចូលរួមក្នុងសិក្ខាសាលាតាមបណ្ដាខេត្តនៅខេត្តក្រចេះ ក្រោម​ប្រធាន​បទ”អ្វី​ជា​ការ​ជួញ​ដូរ​ឧបករណ៍​និស្សន្ទ”​ ​៖​ ​ការ​ត្រៀម​ខ្លួន​ ​ការ​វិនិយោគ​ ​និង​ការយល់​ដឹង​ពាក់ព័ន្ធ​?​»​។ ការចូលរួមលើកនេះ គឺជាលើកទី១៣ក្នុងឆ្នាំ២០១៩ និងជាលើកទី១៨បើគិតចាប់ពីការកើតឡើងនៃសិក្ខាសាលាតាមបណ្ដាខេត្តក្នុងឆ្នាំ២០១៨មក។ គោលបំណងសំខាន់នៃការចូលរួមនេះ គឺដើម្បី​ចែករំលែក​ចំណេះ​ដឹង​ ​ជំនាញ ​បទពិសោធន៍ ក៏ដូចជាគន្លឹះល្អៗ​សម្រាប់ការវិនិយោគ​ដល់សាធារណៈជននៅគ្រប់ខេត្តក្រុងទាំងអស់នៃព្រះរាជាណាចក្រកម្ពុជា។

​​

លោក ជា បុល្លិកា អនុប្រធាននាយកដ្ឋានត្រួតពិនិត្យអន្តរការីមូលបត្រនៃគណៈកម្មការមូលបត្រកម្ពុជា ​បាន​ផ្ដល់​មតិស្វាគមន៍ក្នុង​សិក្ខាសាលា​នៅខេត្តក្រចេះនេះ ហើយ​បាន​បង្ហាញពីស្ថានភាពបច្ចុប្បន្ននៃទីផ្សារឧបករណ៍និស្សន្ទនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាគោលជំហររបស់​គណៈកម្មការ​មូលបត្រ​កម្ពុជាក្នុងការ​ពង្រីកការអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទបន្ថែមទៀត។ លោក បុល្លិកា ក៏បាន​លើកទឹកចិត្ត​ឱ្យវិនិ​យោគិន​បង្កើន​ចំណេះ​ដឹង​ និង​ត្រៀម​ខ្លួន​រួចរាល់​សម្រាប់ការវិនិយោគលើឧបករណ៍និស្សន្ទ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

បន្ទាប់មក ឯកឧត្តម ប៉ែន លីណាត អភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ បានផ្ដល់កិត្តិយសប្រកាសបើកកម្មវិធីសិក្ខាសាលាជាផ្លូវការ និងបានលើកឡើងពីសក្ដានុពលនៃខេត្តរបស់លោក និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍគ្រប់វិស័យ ជាពិសេសវិស័យសេដ្ឋកិច្ចដែលស្ដែងឱ្យឃើញ តាមរយៈការធ្វើកំណែទម្រង់សេដ្ឋកិច្ច ដែលជួយឱ្យព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងមានកំណើនសេដ្ឋកិច្ចនៅក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ។ តាមរយៈសិក្ខាសាលានេះ ឯកឧត្តម ប៉ែន លីណាត ក៏រំពឹងថា សិក្ខាកាមនឹងទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថុបន្ថែម ជាពិសេសលើទីផ្សារឧបករណ៍និស្សន្ទ។
​ ​

ក្នុងនាមជាវាគ្មិន​កិត្តិយស លោក ឡុង សំណាង​ ​ប្រធានផ្នែកប្រឹក្សាយោបល់​ហិរញ្ញវត្ថុ​ នៃ​ក្រុមហ៊ុន​ ហ្គោ​ល​ដេ​ន​ អេហ្វអិ​ក​ស៍ ​លីង​ ឃែ​ភី​ថល​ ​បានធ្វើបទបង្ហាញដើម្បី​ឱ្យសិក្ខាកាមងាយយល់និងទទួលបាន​ចំណេះ​ដឹង​អំពី​ការ​វិនិយោគលើ​ផលិតផល​ឧបករណ៍​និស្សន្ទ ​ការ​ទប់​ស្កាត់​និង​ការ​កាត់បន្ថយ​ហា​និ​ភ័យ​ពី​ការ​វិនិយោគ​ ​និង​យុទ្ធ​សា​ស្រ្ត​ល្អ​ៗ​ដើម្បី​ទាញ​យក​ផល​គាប់ប្រសើរ​ពី​ការ​វិនិយោគ​។​ ក្រោមការដឹកនាំរបស់គណៈកម្មការ​មូលបត្រ​កម្ពុជា លោកសំណាង ក៏បានបង្ហាញពីការប្ដេជ្ញារបស់ក្រុមហ៊ុនក្នុងការបន្តរួមអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជាឱ្យល្អប្រសើរដូចប្រទេសរីកចម្រើនផ្សេងទៀតផងដែរ ។
​​

ចាប់តាំងពីឆ្នាំ២០១៨មក ​ក្រុមហ៊ុន​ ហ្គោ​ល​ដេ​ន​ អេហ្វអិ​ក​ស៍ ​លីង​ ឃែ​ភី​ថល​ បានចូលរួមសិក្ខាសាលាតាមបណ្ដាខេត្តនៅខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តតាកែវ ខេត្តកំពត ខេត្តកែប ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន ខេត្តកណ្ដាល ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺ ខេត្តកោះកុង និងខេត្តត្បូងឃ្មុំរួចមកហើយ ហើយក្រុមហ៊ុននឹងបន្តដំណើរនិងចែករំលែកចំណេះជំនាញវិនិយោគដល់សាធារណៈជននៅគ្រប់ខេត្តក្រុងទាំងអស់នៃព្រះរាជាណាចក្រកម្ពុជា។

*ប្រសិនបើលោកអ្នកចង់ដឹងព័ត៌មានបន្ថែម ឬចុះឈ្មោះចូលរួមសិក្ខាសាលាតាមបណ្ដាខេត្តនេះ សូមទំនាក់ទំនងមកក្រុមហ៊ុនយើងខ្ញុំតាមរយៈគេហទំព័រ www.goldenfxlink.com ឬទំព័រហ្វេសប៊ុក Golden FX Link Capital Co., Ltd. ឬទូរស័ព្ទមកលេខ 023 22 6666។