ធនាគារ ABA ប្រកាសលក់បណ្ណបំណុលរបស់ខ្លួនជាផ្លូវការក្នុងតម្លៃដប់ម៉ឺនរៀល
ហិរញ្ញវត្ថុ August 23, 2019 Samrith Choung

រាជធានីភ្នំពេញ ថ្ងៃទី23 ខែសីហា ឆ្នាំ 2019 – បន្ទាប់ពីបានបោះផ្សាយលក់សញ្ញាបណ្ណសាជីវកម្មដោយជោគជ័យកាលពីដើមខែនេះ សញ្ញាបណ្ណសាជីវកម្មរបស់ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ (ធនាគារ ABA) ត្រូវបានចុះបញ្ជីលក់នៅផ្សារមូលបត្រកម្ពុជាហើយ ដែលការចុះបញ្ជីនេះ គឺជាការអនុញ្ញាតនូវការចាប់ផ្តើមសកម្មភាពជួញដូរផងដែរ។ សញ្ញាបណ្ណសាជីវកម្ម អេប៊ីអេ នឹងត្រូវបានជួញដូរក្រោមនិមិត្តសញ្ញា “ABAA22A”។

សញ្ញាបណ្ណសាជីវកម្ម អេប៊ីអេ ត្រូវបានបោះផ្សាយកាលពីថ្ងៃទី14 ខែសីហា ឆ្នាំ2019 ក្នុងទំហំទឹកប្រាក់សរុបចំនួន 84.821 ប៊ីលានរៀល (ប្រហាក់ប្រហែលនឹង 21 លានដុល្លារអាមេរិក)។ សញ្ញាបណ្ណនេះ មានរយៈពេល 3 ឆ្នាំ និងមានអត្រាគូប៉ុងប្រចាំឆ្នាំ 7.75%។ សញ្ញាបណ្ណសាជីវកម្ម អេប៊ីអេ គឺជាសញ្ញាបណ្ណដំបូងគេបង្អស់ ដែលដាក់លក់សម្រាប់វិនិយោគិនរូបវ័ន្តបុគ្គល បន្ថែមពីការលក់ទៅឲ្យវិនិយោគិនស្ថាប័ន ដែលនេះជាកត្តាជួយជំរុញសកម្មភាពជួញដូរក្នុងទីផ្សារបន្ទាប់។ សញ្ញាបណ្ណសាជីវកម្ម អេប៊ីអេ ក៏ជាមូលបត្របំណុលដំបូងគេបង្អស់ ដែលបានបោះផ្សាយដោយធនាគារពាណិជ្ជនៅក្នុងប្រទេស និងជាសញ្ញាបណ្ណសាជីវកម្មរបស់កម្ពុជាទីមួយ ដែលទទួលបានចំណាត់ថ្នាក់ “B” ពីភ្នាក់ងារវាយតម្លៃលទ្ធភាពសង S&P Global Ratings។

ធនាគារ ABA នឹងប្រើប្រាស់សាច់ប្រាក់ដែលទទួលបានពីការបោះផ្សាយសញ្ញាបណ្ណទាំងនេះ ដើម្បីជួយទ្រទ្រង់ដល់អាជីវកម្មខ្នាតតូច និងសហគ្រាសខ្នាតតូចនិងមធ្យមនៅតាមជនបទ រួមទាំងសហគ្រិនជាស្រ្តី នៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។ ក្រុមហ៊ុន អេស ប៊ី អាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី គឺជាទីប្រឹក្សាហិរញ្ញវត្ថុ និងជាក្រុមហ៊ុនធានាទិញមូលបត្រតែមួយគត់ សម្រាប់ការបោះផ្សាយសញ្ញាបណ្ណសាជីវកម្មនេះ។

អំពីធនាគារ ABA៖

ធនាគារ ABA គឺជាធនាគារមួយក្នុងចំណោមគ្រឹះស្ថានធនាគារឈានមុខគេនៅកម្ពុជា ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ 1996។ មកដល់ពេលនេះ ធនាគារ ABA ផ្តល់ជូនសេវាហិរញ្ញវត្ថុ និងដំណោះស្រាយផ្នែកធនាគារឌីជីថលយ៉ាងពេញលេញ ជូនដល់អតិថិជន រួមទាំងសហគ្រាសធុនតូច និងមធ្យម អាជីវកម្មខ្នាតតូចបំផុត និងបុគ្គលជាដើម។

គិតមកដល់ត្រឹមថ្ងៃទី 31 ឧសភា 2019 ទ្រព្យសកម្មរបស់ធនាគារ ABA មានចំនួន 3.36 ពាន់លានដុល្លារអាមេរិក ដែលធ្វើឲ្យខ្លួន ក្លាយជាធនាគារធំទីបីនៅក្នុងប្រទេសកម្ពុជា។ នៅក្នុងឆ្នាំ 2017 ធនាគារ ABA បានទទួលចំណាត់ថ្នាក់ឥណទានកម្រិត “B” ពី Standard and Poor’s (S&P) Global Ratings។ ហើយក្នុងឆ្នាំ 2018 S&P បានអះអាងជាថ្មីនូវចំណាត់ឥណទាននេះជាមួយនឹងទស្សនវិស្ស័យ “វិជ្ជមាន”។

ធនាគារ ABA ក៏បានទទួលពានរង្វាន់ “ធនាគារល្អបំផុតនៅកម្ពុជា” ពីឆ្នាំ 2015 ដល់ឆ្នាំ 2019 ពីទស្សនាវដ្ដីធំៗដូចជា The Banker, Euromoney និង Global Finance។

ម្ចាស់ភាគហ៊ុនដ៏ធំរបស់ធនាគារ ABA គឺធនាគារជាតិកាណាដា (www.nbc.ca) ដែលជាធនាគារធំជាងគេទីប្រាំមួយនៅប្រទេសកាណាដា និងជាធនាគារដែលឈានមុខគេនៅ Quebec ជាកន្លែងដែលធនាគារនេះក្លាយជាជម្រើសដៃគូសម្រាប់សហគ្រិនធុនតូចនិងមធ្យម។

អំពី ក្រុមហ៊ុន អេស ប៊ី អាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី ៖

ក្រុមហ៊ុន អេស ប៊ី អាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី គឺជាក្រុមហ៊ុនមូលបត្រឈានមុខគេនៅកម្ពុជា ដែលផ្តល់ជូននូវសេវាវិនិយោគគ្រប់បែបរួមមាន ការធានាទិញមូលបត្រ ការប្រឹក្សាយោបល់ ការរួមបញ្ចូលគ្នា និងការទិញក្រុមហ៊ុន និងឈ្មួញជើងសាមូលបត្រផងដែរ។ នៅក្នុងឆ្នាំ ២០១៨ ក្រុមហ៊ុន ក្រុមហ៊ុន អេស ប៊ី អាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី ត្រូវបានទទួលស្គាល់ជា “Best Corporate and Investment Bank” ដោយទស្សនាវដ្ដី Asiamoney។

ក្រុមហ៊ុន អេស ប៊ី អាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី ត្រូវបានបង្កើតឡើងនៅក្នុងខែកុម្ភៈ ឆ្នាំ២០១០ ហើយគឺជាក្រុមហ៊ុនមូលបត្ររបស់ជប៉ុនដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានអាជ្ញាបណ្ណពេញលេញ ពីគណៈកម្មការមូលបត្រកម្ពុជា ដើម្បីធ្វើប្រតិបតិ្តការអាជីវកម្មមូលបត្រ។

ក្រុមហ៊ុន អេស ប៊ី អាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី បានទទួលនូវជោគជ័យពីប្រតិបត្តិការជាច្រើនដែលរួមមាន IPO of the Port of Sihanoukville (CSX listing: PAS) the IPO of Phnom Penh Special Economic Zone (CSX listing: PPSP) សញ្ញាបណ្ណសាជីវកម្មដំបូងនៅកម្ពុជា ដែលបោះផ្សាយហត្ថាកសិករលីមីតធីត (CSX listing: HKL21A) និងគម្រោងហិរញ្ញវត្ថុផ្សេងៗជាច្រើនទៀត។