ពីវាលស្រែធំល្វឹងល្វើយ ក្លាយទៅជាសំណង់លំនៅដ្ឋាន រាប់ពាន់ខ្នង ធ្វើអោយតំលៃដីនិងផ្ទះ នៅតំបន់ឈូកវ៉ា ស្ទុះឡើងជាលំដាប់
អចលនទ្រព្យ July 23, 2019 Khmernote

បើជិះពីផ្សារទំនើប Aeon II សែនសុខ ទៅកាន់ផ្លូវឧកញ៉ាទ្រីហេង ហើយឆ្ពោះទៅកាន់ផ្លូវ ២០១១ រឺហៅវត្តក្រាំងធ្នង់ គេសង្កេតឃើញវត្តមានគម្រោងសំណង់ផ្ទះល្វែង ផ្ទះវីឡាគ្រប់ប្រភេទ នៅតាមបណ្តោយផ្លូវនោះជាមួយនឹង គម្រោងបូរីជាច្រើន ធ្វើអោយសេដ្ឋកិច្ចនិងទីផ្សារអចលនទ្រព្យមានសន្ទុះកើនថ្លៃជាលំដាប់។ ជាស្តែងនៅតំបន់បុរីពិភពថ្មីឈូកវ៉ា២ និង ឈូកវ៉ា៣ ដែលកាលពីប៉ុន្មានឆ្នាំមុនគ្រាន់តែជាវាលស្រែធំល្វឹងល្វើយ បានប្រែមុខមាត់ថ្មីក្លាយជាសំណង់លំនៅដ្ឋាន រាប់ពាន់ខ្នង ដោយមានទាំងផ្សារនិងសាលារៀនថែមទៀតផង។

គួរបញ្ជាក់ផងដែរថាលំនៅដ្ឋាននៅបុរីពិភពថ្មី ដែលស្ថិតក្នុងទឹកដីខណ្ឌពោធិសែនជ័យ ព្រំប្រទល់គ្នាជាមួយនឹងទឹកដីខណ្ឌសែនសុខ ត្រូវបានដាក់លក់ដំបូងក្នុងតំលៃចាប់ពីជិត៤ដុល្លារសហរដ្ឋអាមេរិក កាលពីអំឡុងឆ្នាំ២០១៧ ហើយបច្ចុប្បន្ននេះវាមានតំលៃខ្ទង់ជិត១០ម៉ឺនដុល្លារក៏មាន ទៅតាមប្រភេទផ្ទះនីមួយៗ ដែលប្រៀបធៀបវាហាក់ដូចជាឡើងថ្លៃខ្ពស់ហួសការរំពឹងទុក ក្រោយពេលដែលគម្រោងផ្លូវ ២០១១ នឹងត្រូវពង្រីកធំជាងមុន រហូតដល់ ២៥ម៉ែត្រដែលជាគម្រោងរបស់សាលារាជធានីភ្នំពេញ ចាប់ផ្តើមដំណើរការ៕