ភ្នំពេញៈ បច្ចុប្បន្នវិស័យអចលនទ្រព្យនៅកម្ពុជា បាននឹងកំពុងរីកចម្រើនយ៉ាងលឿន តាមរយៈការវិនិយោគដោយផ្ទាល់ពីវិនិយោគិនបរទេស ដែលនឹងនាំអោយវិស័យនេះ ក្លាយជាវិស័យអាទិភាពខ្ពស់ ក្នុងការទាញចំណូលបានច្រើនចូលសេដ្ឋកិច្ចជាតិ។ ការវិនិយោគវិស័យសំណង់នៅកម្ពុជានឹងកើនឡើងប្រមាណពី២០-៣០ភាគរយថែមទៀតនៅក្នុងឆ្នាំ២០១៩ ខណៈទឹកប្រាក់វិនិយោគក្នុងវិស័យនេះ គិតត្រឹមដើមឆ្នាំ២០១៨ មានការកើនឡើងប្រមាណជា២០ភាគរយ បើធៀបទៅនឹងឆ្នាំ២០១៧។
ទន្ទឹមនឹងកំណើនសេដ្ឋកិច្ចថេរ និងការរីកលូតលាស់វិស័យអចលនទ្រព្យនៅកម្ពុជា ក្រុមហ៊ុនលំដាប់អន្តរជាតិមួយ បានសម្រេចចិត្តបោះទុនវិនិយោគប្រមាណជិត១០០លានដុល្លារលើការសាងសង់អគារពាណិជ្ជកម្មមួយ នៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស ខណ្ឌចំការមន។ អគារពាណិជ្ជកម្ម កម្ពស់៤០ជាន់ឈ្មោះឈីហ្វថូវ័រ (Chief Tower) មានទីតាំងនៅម្តុំបឹងកេងកង ដែលជាតំបន់មានសក្តានុពលខ្លាំងខាងអចលនទ្រព្យ។ គម្រោងចាប់ផ្តើមបើកការដ្ឋាន បុកគ្រឹះសាងសង់កាល ខែមីនាឆ្នាំ២០១៩។ បច្ចុប្បន្នសាងសង់បានប្រមាណ៤០ភាគរយហើយនឹងចំណាយពេលសាងសង់ប្រមាណបីឆ្នាំ ដែលនឹងបញ្ចប់នៅឆ្នាំ២០២២។
ឈីហ្វថូវ័រ គីជាគម្រោងអភិវឌ្ឍន៍ផ្នែកអចលនទ្រព្យរបស់ក្រុមហ៊ុន JS Property International ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាមួយរបស់ JS & Partner និង ឈីហ្វ ថូវ័ររៀលអេសស្តេតខេមបូឌៀខូអែលធីឌី (Chief Real Estate Development Cambodia Ltd)។ ក្រុមហ៊ុនទាំងពីរនេះជាក្រុមហ៊ុនក្នុងស្រុក ដែលមានដៃគូសហការក្នុងស្រុក និងបរទេសដូចជា កម្ពុជា, ម៉ាទ្បេស៊ី, និងហុងកុងជាដើម។គម្រោងនេះនឹងចំណាយប្រមាណ៩៥លានដុល្លារអាមេរិក។
ឈីហ្វថូវ័រ គីជាអគារពាណិជ្ជកម្មមួយ ដែលមាន២៥ជាន់ជាការិយាល័យ, ប្រាំជាន់ជាកន្លែងពាណិជ្ជកម្មសំរាប់ជួល និង១០ជាន់ផ្សេងទៀតជាបន្ទប់សណ្ធាគារ។ នៅក្នុង Chief Tower យើងមានកន្លែងជាច្រើនសំរាប់ផ្តល់ជូននូវសេវាដូចជាៈ បន្ទប់ប្រជុំដែលអាចមើលឃើញទិដ្ធភាពទីក្រុង, បន្ទប់រាំ, ក្លឹបហាត់ប្រាណ, និងកន្លែងធុរកិច្ចទំនើបដែលផ្តល់ជំនួយដល់អាជីវកម្មបរទេសជាលក្ខណៈឯកជន។ ជាពិសេសថែមទៀតនោះ ឈីហ្វ ថូវ័រ (Chief Tower ) ក៏មានប្រព័ន្ធចតរថយន្តក្រោយដីដោយស្វ័យប្រវត្តិ៕


អត្ថបទ៖ សុផល


