ថៃ៖ ថ្មីៗនេះប្រទេសថៃបានដាក់បង្ហាញ ភោជនីយដ្ឋានលើឡានក្រុងដំបូងគេបង្អស់ប្រចាំ ប្រទេសថៃ ដែលមានឈ្មោះថា «Thai Bus Food Tour» ដោយយើងអាចជិះគយគន់ទស្សនាទេសភាពជុំវិញទីក្រុងបាងកក និងតំបន់ជាច្រើនទៀតជាមួយនឹងអាហារឆ្ងាញ់ៗបែបថៃ ដែលធ្វើដោយចុងភៅជំនាញ។ Thai Bus Food Tour ឬ ភោជនីយដ្ឋានលើឡានក្រុងទេសចរណ៍នេះ គឺជាភោជនីយដ្ឋានដំបូង ដែលបានរៀបចំឡើងនៅលើឡានក្រុងពីរជាន់ ក្នុងគោលបំណងផ្សារភ្ជាប់ទេសចរណ៍ ជាមួយរសជាតិអាហារថៃ និងការគយគន់ទេសភាពប្រចាំតំបន់។
យើងអាចទទួលយកបទពិសោធន៍ថ្មីដោយផ្ទាល់ ដោយគ្រាន់តែជ្រើសរើសយកកញ្ចប់ណាមួយដ៏សក្តិសមសម្រាប់យើងពី Thai Bus Food Tour។ មួយថ្ងៃនឹងមានការចេញដំណើរបីជើង ដោយជើងទីមួយហៅថា Wonder Lunch (ពីម៉ោង ១២:៣០ នាទី – ២:៣០ នាទី) តម្លៃចំនួន ១,៦៩០ បាត ប្រមាណ ៥៥ ដុល្លារ ជើងទី២ហៅថា Afternoon Tea (ពីម៉ោង ២:៣០ នាទី – ៤:៣០ នាទី) តម្លៃចំនួន ១,៤៩០ បាត ប្រមាណ ៤៨ ដុល្លារ និងចុងក្រោយគឺ Dinner Thai Set (ពីម៉ោង ៥:៣០ នាទី – ៨:០០ នាទីយប់) តម្លៃចំនួន ១,៨៩០ បាត ប្រមាណ ៦១ ដុល្លារ។ ក្រៅពីនេះអ្នកក៏អាចជ្រើសរើសផ្លូវ ឬទីតាំងដែលអ្នកចូលចិត្ត ដើម្បីកក់សេវាកម្មនេះក្នុងការរៀបចំពិធីផ្សេងៗដូចជាជប់លៀង ឬក៏ជួបជុំក្រុមគ្រួសារ តម្លៃគឺស្ថិតទៅលើការចរចារ និងទីតាំងដែលអ្នកជ្រើសរើស៕
អត្ថបទ៖ មេសា



















