ទស្សនាវដ្តីអន្តរជាតិ Global Finance ផ្តល់ចំណាត់ថ្នាក់ A-ជូនចំពោះលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារ​ជាតិនៃកម្ពុជា
បុគ្គលជោគជ័យ September 1, 2025 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ត្រូវបាន​ទស្សនាវដ្តីអន្តរជាតិ Global Finance ផ្តល់​ចំណាត់ថ្នាក់ A- ដែល​បញ្ជាក់​ពីការដឹកនាំធនាគារកណ្តាលប្រកបដោយប្រសិទ្ធភាពប្រចាំ​ឆ្នាំ២០២៥។ នេះជា​​ចំណាត់ថ្នាក់ល្អដែលលោកជំទាវទេសា​ភិបាល ទទួលបានពីរឆ្នាំជាប់គ្នា បន្ទាប់ពីលោកជំទាវត្រូវបានតែងតាំងជា ទេសាភិបាល ធនាគារជាតិនៃកម្ពុជា កាលពីខែកក្កដា ឆ្នាំ២០២៣។

ទំព័រហ្វេសប៊ុកផ្លូវការធនាគារជាតិនៃកម្ពុជានៅថ្ងៃទី៣០ ខែសីហាបាន​ឱ្យដឹងបន្ថែមទៀតថា ចំណាត់ថ្នាក់លំដាប់ខ្ពស់របស់​លោកជំទាវទេសា​ភិបាលនាពេលនេះក៏ទទួលបានទន្ទឹមគ្នានឹងឥស្សរជនជាថ្នាក់ដឹកនាំល្បីៗក្នុងវិស័យហិរញ្ញវត្ថុលើពិភពលោកដូចជា លោកជំទាវ Christine Lagarde ប្រធានធនាគារកណ្តាលអឺរ៉ុប ឯកឧត្តម Eli Remolona ទេសាភិបាល​ធនាគារកណ្តាលហ្វីលីពីន និង ឯកឧត្តម Chia Der Jiun នាយកគ្រប់គ្រងអាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) ជាដើម។

គប្បីជម្រាបថា Global Finance បានផ្តល់ចំណាត់ថ្នាក់នេះ ដោយជ្រើស​ចេញពីក្នុងចំណោមថ្នាក់ដឹកនាំធនាគារកណ្តាល​ប្រមាណ ១០០ ប្រទេសតាមរយៈការពិនិត្យលើប្រសិទ្ធភាពនៃការអនុវត្តនយោបាយ​រូបិយវត្ថុក្នុងការរួមចំណែក​ជំរុញ​កំណើនសេដ្ឋកិច្ច រក្សាស្ថិរភាពរូបិយវត្ថុ គ្រប់គ្រងអតិផរណា និងអត្រាប្តូរប្រាក់។ ក្នុងនោះមានតែឥស្សរជនដែល​ត្រូវ​បានផ្តល់ចំណាត់ថ្នាក់ A-, A, និង A+ ប៉ុណ្ណោះដែលត្រូវបាន Global Finance រាយនាមក្នុងបញ្ជីចំណាត់​ថ្នាក់កិត្តិយស​នេះ៕

ប្រភព៖ ក្រសួងព័ត៌មាន