សមាជិករដ្ឋសភាជប៉ុន៖ ក្រុមហ៊ុនជប៉ុនជាច្រើន បន្ថែម​ទៀត​ ចាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគ នៅកម្ពុជា
បុគ្គលជោគជ័យ May 5, 2025 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នារសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម NISHIMURA Yasutoshi សមាជិករដ្ឋសភា និងជាអតីតរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួបនេះ, ឯកឧត្តមសមាជិករដ្ឋសភាជប៉ុន បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានមកបំពេញទស្សនកិច្ចជាថ្មីម្ដងទៀតនៅកម្ពុជា និងបានវាយតម្លៃខ្ពស់អំពីវឌ្ឍនភាពនៃការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា នាគ្រប់ឱកាសដែលឯកឧត្តមមកទស្សនកិច្ចកម្ពុជា។ ឯកឧត្តមក៏បានបង្ហាញនូវការពេញចិត្តជាខ្លាំងចំពោះទំនាក់ទំនងជប៉ុន-កម្ពុជា ដែលកាន់តែមានភាពរីកចម្រើន និងសកម្មបន្ថែមទៀតផងដែរ។ ឯកឧត្តម​សមាជិករដ្ឋសភាក៏បាន​គូសរំលេចអំពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ​ លើវិស័យការពារជាតិ និងសន្តិសុខ ក៏ដូចជាកិច្ចសហប្រតិបត្តិការល្អក្នុងក្របខ័ណ្ឌកងកម្លាំងថែរក្សាសន្តិភាព (PKO) ក្រោមឆ័ត្រអង្គការសហប្រជាជាតិ និងសកម្មភាពបោសសម្អាតមីន ព្រមទាំងការបណ្ដុះបណ្ដាលលើការបោសសម្អាតមីនមនុស្សធម៌។ ជាមួយគ្នានោះ, ឯកឧត្តមសមាជិករដ្ឋសភា​ ក៏បានគូសបញ្ជាក់ផងដែរថា កម្ពុជា គឺជាប្រទេសប្រកបដោយសក្ដានុពល ជាពិសេស​ លើផលិតផលកសិកម្ម ដែលអាចកែច្នៃសម្រាប់បម្រើដល់ការនាំចេញ និងកម្លាំងពលកម្មដែលខិតខំប្រឹងប្រែង​ និងមានជំនាញដ៏ប៉ិនប្រសប់ ក្នុងការផលិតផលិតផលនានាប្រកបដោយគុណភាព​ ដែលការណ៍នេះនឹងអាចប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលកណ្ដាលមួយរបស់អាស៊ាន។ ឯកឧត្តមសមាជិករដ្ឋសភា​ ក៏បានបន្ថែមថា សក្ដានុពលទាំងនេះបានទាក់ទាញក្រុមហ៊ុនជប៉ុនធំៗជាច្រើន មកធ្វើការវិនិយោគនៅកម្ពុជា ដូចជាក្រុមហ៊ុន Toyota, AEON,​ និង Minebea ជាដើម ខណៈពេលដែលមានក្រុមហ៊ុនជប៉ុនជាច្រើនបន្ថែមទៀត​ កំពុងចាប់អារម្មណ៍ក្នុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ ឯកឧត្តមក៏បានបង្ហាញអំពីការប្ដេជ្ញាចិត្តក្នុងការកៀរគរ, ជំរុញ និងលើកទឹកចិត្តវិនិយោគិនជប៉ុនមកវិនិយោគនៅកម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀតផងដែរ។

ជាការឆ្លើយតប, សម្ដេចបវរធិបតី បានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អលើគ្រប់វិស័យ រវាងកម្ពុជា-ជប៉ុន។ សម្ដេចបវរធិបតី ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានរួមចំណែកនៅក្នុងការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា ហើយកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យទាំងនេះ នឹងបន្តពង្រឹង និងពង្រីកបន្ថែមទៀត។ ទន្ទឹមនឹងនោះ, សម្ដេចបវរធិបតីក៏បានថ្លែងអំណរគុណចំពោះកងកម្លាំងស្វ័យការពារជប៉ុន ដែលបានរួមចំណែកក្នុងដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា តាមរយៈកងកម្លាំងថែរក្សាសន្តិភាពរបស់ជប៉ុន ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ សម្ដេចបវរធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះការដាក់ចេញនូវសសរស្ដម្ភនៃកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ ដែលនឹងចូលរួមចំណែកនៅក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។ សម្ដេចបវរធិបតី បានគូសរំលេចអំពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងជប៉ុន នៅក្នុងការអភិវឌ្ឍកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ។

មុននឹងបញ្ចប់, សម្ដេចបវរធិបតី បានគូសបញ្ជាក់ថា កម្ពុជាស្វាគមន៍ និងលើកទឹកចិត្តដល់វិនិយោគិនជប៉ុន មកវិនិយោគនៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត៕