និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ជូនដំណឹងពីការលើកលែងការផាកពិន័យផ្សេងៗ ចំពោះគម្រោងអភិវឌ្ឍលំនៅឋានជាបុរី ឬ អគារសហកម្មសិទ្ធិ (ខុនដូ) រយៈពេល១ឆ្នាំ
អចលនទ្រព្យ July 2, 2024 Khmernote

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ នាថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ នេះ បានជូនដំណឹងពីការលើកលែងការផាកពិន័យផ្សេងៗ ចំពោះគម្រោងអភិវឌ្ឍលំនៅឋានជាបុរី ឬ អគារសហកម្មសិទ្ធិ (ខុនដូ) រយៈពេល ១ឆ្នាំ។

នៅក្នុងសេចក្ដីជូនដំណឹង ដែលចុះផ្សាយដោយនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានឱ្យដឹងថា តាមសេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃវេទិការាជរដ្ឋាភិបាល កម្ពុជា-ផ្នែកឯកជន លើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ពាក់ព័ន្ធវិធានការគាំទ្រដល់វិស័យសំណង់និងអចលនទ្រព្យ និងតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះការអនុវត្តប្រកាសលេខ ០៤៧ អ.ស.ហ.ប្រក ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ស្តីពី វិធាន និងនីតិវិធីនៃការផ្តល់អាជ្ញាបណ្ណ និងលិខិតអនុញ្ញាត អាជីវកម្មអភិវឌ្ឍអចលនវត្ថុ និងបទប្បញ្ញត្តិពាក់ព័ន្ធ និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ នៃអាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារ សូមជម្រាបជូនដូចខាងក្រោម÷

១. លើកលែងការផាកពិន័យផ្សេងៗ ចំពោះគម្រោងអភិវឌ្ឍលំនៅឋានជាបុរី ឬអគារសហកម្មសិទ្ធិ (ខុនដូ) ប៉ុន្តែ ក្រុមហ៊ុនអភិវឌ្ឍលំនៅឋានជាបុរី ឬអគារសហកម្មសិទ្ធិ (ខុនដូ) ចាំបាច់ត្រូវបំពេញកាតព្វកិច្ចស្របតាមប្រកាសលេខ ០៤៧ អ.ស.ហ.ប្រក ខាងលើ និងបទប្បញ្ញត្តិពាក់ព័ន្ធ។ ដោយឡែក ចំពោះគម្រោងអភិវឌ្ឍលំនៅឋានជាបុរី ឬអគារសហកម្មសិទ្ធិ (ខុនដូ) ដែលគ្មានអាជ្ញាបណ្ណ ត្រូវមកដាក់ពាក្យស្នើសុំអាជ្ញាបណ្ណនៅនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ។

២. ការលើកលែងការផាកពិន័យនេះមានសុពលភាពរយៈពេល ០១ (មួយ) ឆ្នាំ ចាប់ផ្តើមអនុវត្តពីថ្ងៃចេញ សេចក្តីជូនដំណឹងនេះ និងអាចបន្តទៀតតាមការសម្រេចរបស់រាជរដ្ឋាភិបាល។

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖

ប្រភព៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ