ចំណេះដឹង! នីតិវិធី​នៃ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ ត្រូវបានបែងចែកជា ៥​ដំណាក់កាល​សំ​ខាន់​ៗ
អចលនទ្រព្យ June 22, 2024 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ការ​ចុះបញ្ជី​ដីធ្លីនៅក្នុង​ប្រទេស​កម្ពុជា ត្រូ​វបានបែងចែកជា​ ៣​ប្រភេទ រួមមានការ​ចុះបញ្ជី​មានល​ក្ខណៈ​ជា​ប្រព័ន្ធ និងការ​ចុះបញ្ជីដីធ្លី​ដាច់ដោយដុំ​ និងការ​ចុះបញ្ជី​ដីធ្លី​បំពេញបន្ថែម ប៉ុន្តែ​នៅពេល​នេះ យើង​សូមលើ​កយក​ពី​នីតិ​វិធី​នៃការ​ចុះបញ្ជី​ដីធ្លី​មានលក្ខណៈ​ជា​ប្រព័ន្ធ។

ការ​ចុះបញ្ជីដីធ្លី​មានលក្ខណៈ​ជា​​ប្រព័ន្ធ ត្រូវ​បាន​បែងចែកជា ​៥ដំណាក់​ ក្នុងនោះ ៖

ដំណាក់​កាលទី​១ អំពី​ការរៀបចំ ​៖ អភិបាល​ខេត្ត​ ក្រុង​ ជាអ្នកប្រកាស​តំបន់ដែល​ក្រុមមន្ត្រីចុះបញ្ជីដីធ្លី​ត្រូវ​ធ្វើការ​កំណត់ វាស់វែង​ព្រំដី និងវិនិច្ឆ័យ ។ ក្រោយពីការ​កំណត់​រួចមក​ អភិបាល​ខេត្ត​ត្រូវ​ការធ្វើប្រជុំវិនិច្ឆ័យ​ ដោយ​ផ្ដល់​ព័ត៌មាន​មក​អាជ្ញាធរ​មូលដ្ឋាន​ យ៉ាង ១៥​ថ្ងៃ​និង​សាធារណជន​យ៉ាង​តិច ​៧​ថ្ងៃមុនកា​រប្រជុំ​ ។​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​ត្រូវ​ធ្វើឡើង​ក្នុង​តំបន់​ធ្វើការ​វិនិច្ឆ័យ​ ដែលមានលក្ខណៈជា​ប្រព័ន្ធ ។

ដំណាក់​កាលទី​២ អំពី​ប្រតិបត្តិការ​បច្ចេកទេស ៖ មន្ត្រីចុះបញ្ជី​ដីធ្លី​ធ្វើការ​កំណត់​កំណត់​ព្រំដី វាស់វែង​ក្បាលដី និងធ្វើកា​រវិនិច្ឆ័យ​ ទៅលើ​ឯក​សារ​ និងភស្តុតា​ង​ផ្សេងៗជាលក្ខណៈរូប​ ជា​លាយ​លក្ខណ៍​​អក្សរ​ ឬចម្លើយ​ផ្ទាល់​មាត់ទាក់ទង​នឹង​ព្រំដី ។ ​ចំណែក​​មន្ត្រី​នៅការិយាល័យ​ ប្រសិន​បើ​មិនមាន​ទំនាស់​ក្នុងការ​កំណត់​ព្រំដី​នោះទេ ទិន្ន​ន័យ​ដែល​ប្រមូលបាន​ត្រូវ​ប​ញ្ចូលក្នុង​កុំព្យូទ័រ​ ដើម្បី​កសាង​ប្លង់​សុរិយោដី​ បញ្ជី​​ឈ្មោះម្ចាស់ដី និងសៀវភៅគោល​បញ្ជីដីធ្លី ។

ដំណាក់​កាលទី​៣ ការ​បិទ​ផ្សាយ​ជា​សាធារណៈនូវ​ឯកសារ​នៃការ​វិនិច្ឆ័យ ៖ អាជ្ញាធរ​ខេត្ត​ ក្រុង ត្រូវ​ប្រកាស​ផ្សាយជាសាធារណៈ អំពីឯកសារ​​នៃការ​វិនិច្ឆ័យ​ទាំងអស់​រយៈ​ពេល​២០​ថ្ងៃ ដើ​ម្បី​ឱ្យបុគ្គលពាក់ព័ន្ធ​ទាំងអស់​ធ្វើការ​ពិនិត្យ ឬតវ៉ា ។ ប្រសិន​បើ​គ្មានទំនាស់​ទេ គណៈក​ម្មកា​រ​រដ្ឋ​បាល​ត្រូវផ្ដល់​ការ​យល់​ព្រមលើ​ឯកសារ​នៃការ​វិនិច្ឆ័យ​​ទាំងនោះ ។ បន្ទាប់មកទៀត គណៈ​ក​​ម្ម​ការ​​រដ្ឋ​បា​ល​ត្រូវ​បញ្ជូន​ឯកសារ​នៃការ​វិនិច្ឆ័យ​ទៅ​រដ្ឋ​បាលសុរិយោដី​ថ្នាក់​ខេត្ត​ ក្រុង ដើម្បី​ត្រួតពិនិត្យ​លក្ខណៈ​ប​ច្ចេក​ទេស និងចុះហត្ថលេខា​ទទួល​ស្គាល់ ។

ដំណាក់កាលទី៤ អំពីការ​សម្រេច​លើ​ឯកសារ ៖ ក្រោយពីផុត​រយៈ​ពេល​បិទផ្សាយ​ជាសាធារណៈ អភិបាល​ខេត្ត​ ក្រុង និ​ងរដ្ឋ​មន្ត្រីក្រសួង​រៀបចំដែន​ដី នគរូបនីយកម្ម និង​សំណង់​ចុះ​ហត្ថ​លេខា​សម្រេច​លើឯកសារ​​នៃការ​វិនិច្ឆ័យ​ ហើយឯកសារ​នោះ​នឹង​ចាត់ទុកជា​ឯកសារ​ផ្លូវការ​តាមច្បាប់ ។​

ដំណាក់​កាលទី​៥​ អំពីការ​ចេញ​បណ្ណ ៖ នៅពេលដែល​នីតិ​វិធី​នៃការ​វិនិច្ឆ័យ​ត្រូវបានបញ្ចប់​ជាស្ថាពរ​ ឯក​សារ​នៃ​ការ​វិនិច្ឆ័យ និងឯកសារ​រណប​​ពាក់ព័ន្ធទាំងអស់​ ត្រូវ​បាន​បញ្ជូន​ទៅ​រដ្ឋបាល​សុរិយោដី​​ដើម្បីចុះបញ្ជី​ចេញ​បណ្ណ ​។

ឯកឧត្តម​សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួង​រៀបចំដែនដីនគរូប​នីយកម្ម និង​សំណង់ បានថ្លែង​នាពេល​កន្លងមក​នេះថា តាមផែនការ​របស់ក្រសួង​រៀប​ចំ​ដែន​ដីនគ​រូប​នីយកម្ម​និងសំណង់ នឹង​ជំរុញឱ្យមន្ត្រី​ទាំងអស់​ចុះបញ្ជី​ដីធ្លី​នៅទូទាំង​ប្រទេស​ឱ្យរួចរាល់​ជា​ស្ថាពរ​នៅមុន​ឆ្នាំ ២០៣០ខាងមុខនេះ ដោយបច្ចុប្បន្ន​ មន្ត្រី​នៃក្រសួង​រៀបចំដែន​ដីន​គ​រូប​នីយកម្ម​និងសំណង់ បាននិងកំពុង​ធ្វើកិច្ច​ការ​ងារ​យ៉ាង​មមាញឹក ហើយឯកឧត្តម​ក៏បានកោតសរសើរ​ចំពោះ​កិច្ច​ខិតខំប្រឹង​ប្រែងរបស់មន្ត្រីសុរិយោដីទាំងអស់​ដែល​បាន​ធ្វើការ​ងារ​ចុះ​បញ្ជីដីធ្លីជូន​ប្រជាពលរដ្ឋ ៕

ប្រភព៖ ក្រសួងព័ត៌មាន