យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ដើម្បីជាគន្លាស់សកម្មភាពនៅខេត្តជាប៉ូលសេដ្ឋកិច្ចរបស់កម្ពុជា គម្រោងវិនិយោគអគារជាប់គាំងនានានៅក្នុងខេត្តព្រះសីហនុដែលបានសាងសង់ហើយ និងបានផ្អាក ពន្យារពេល ឬបញ្ឈប់ការសាងសង់ចាប់ពីឆ្នាំ២០១៦ រាជរដ្ឋាភិបាលបានលើកទឹកចិត្តផ្នែកពន្ធដារចំនួនប្រាំបីចំណុចដើម្បីទាក់ទាញនិងជំរុញការវិនិយោគនៅខេត្តព្រះសីហនុបន្ថែម ។
លោក ត្រាំង ឡៃ អនុប្រធាននាយកដ្ឋានសវនកម្មសហគ្រាសនៃអគ្គនាយកដ្ឋានពន្ធដារ រាជរដ្ឋាភិបាលបានលើកទឹកចិត្តផ្នែកពន្ធដារចំនួន៨ចំណុចសំខាន់ៗក្នុងនោះ៖
១. លើកលែងពន្ធលើប្រាក់ចំណូល រួមទាំងប្រាក់រំដោះពន្ធលើប្រាក់ចំណូលប្រចាំខែ និងពន្ធអប្បបរមាប្រចាំឆ្នាំ រយៈពេល ៣ឆ្នាំ
២.លើកលែងអាករលើតម្លៃបន្ថែម ចំពោះសហគ្រាសដែលផ្ដល់ការផ្គត់ផ្គង់ទំនិញ ឬសេវាដល់ការវិនិយោគដើម្បីសាងសង់បន្ត និងបញ្ចប់អគារជាប់គាំង
៣.ការលើកលែងពន្ធកាត់ទុក លើការជួលអចលនទ្រព្យរយៈពេល ៥ឆ្នាំ ក្នុងករណីវិនិយោគិនមកវិនិយោគលើអគារជាប់គាំងដែលទីតាំងនោះជួលពីរូបវន្តបុគ្គល
៤. លើកលែងពន្ធលើអចលនទ្រព្យ និងលើកលែងទណ្ឌកម្មរដ្ឋបាលរួមទាំងពន្ធបន្ថែម និងការប្រាក់ទាំងអស់ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ ២០២៥
៥.លើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យចាប់ពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៥
៦.លើកលែងពិន័យ និងការប្រាក់ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ ២០២៤ សម្រាប់គម្រោងដែលស្នើសុំ ក្នុងករណីអគ្គនាយកដ្ឋានពន្ធដារពុំទាន់ធ្វើសវនកម្មពន្ធដារ ឬកំណត់ពន្ធ
៧.អនុញ្ញាតឱ្យសហគ្រាសជាអ្នកអភិវឌ្ឍលំនៅឋាន អាចបង់ពន្ធជាកញ្ចប់តាមដំណាក់កាល ប៉ុន្តែមិនលើសពី៣៦ខែ គិតចាប់ពីឆ្នាំ២០២៤
៨.ផ្ដល់ការលើកទឹកចិត្ត ដោយពន្ធអាករ ជាបន្តុករបស់រដ្ឋ លើការផលិត ឬការផ្សព្វផ្សាយអំពីផលិតផលទេសចរណ៍ គោលដៅទេសចរណ៍ ក្នុងខេត្តព្រះសីហនុ ( សម្រាប់ឆ្នាំ២០២៤ និងឆ្នាំ ២០២៥ ) ។
មន្រ្តីដដែលបញ្ជាក់ថា កម្មវិធីនេះផ្ដល់ការលើកទឹកចិត្តជាច្រើនរួមទាំងការលើកទឹកចិត្តផ្នែកពន្ធដារផង និងសម្រួលនីតិវិធីផ្សេងទៀតផង ជូនដល់វិនិយោគិន ឬធុរជន ដែលមានបំណងវិនិយោគនៅខេត្តព្រះសីហនុ ទាំងវិនិយោគិនខ្មែរ និងបរទេស ។
ជាការកត់សម្គាល់រហូតមកដល់ពេលនេះ អគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុ ត្រូវបានដោះស្រាយ និងរកឃើញអ្នកវិនិយោគថ្មីមកបន្តវិនិយោគលើអគារជាប់គាំងទាំងនោះជាបន្តបន្ទាប់ ហើយរាជរដ្ឋាភិបាលក៏បាន និងកំពុងស្វែងរកវិនិយោគិនថ្មីៗបន្ថែមទៀតមកបន្តដំណើរការវិនិយោគលើអគារជាប់គាំងទាំងនោះផងដែរ៕
ប្រភព៖ ក្រសួងព័ត៌មាន