សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់អ្នកកួកជេដី សូមកុំទៅទិញដីតាមបណ្ដោយគម្រោងព្រែកជីកហ្វូណនតេជោ កាក់ទុកដើម្បីទារសំណងពីរដ្ឋពេលរដ្ឋចុះដោះស្រាយផលប៉ះពាល់
អចលនទ្រព្យ June 6, 2024 Khmernote

សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់អ្នកកួកជេដី សូមកុំទៅទិញដីតាមបណ្ដោយគម្រោងព្រែកជីកហ្វូណនតេជោ កាក់ទុកដើម្បីទារសំណងពីរដ្ឋពេលរដ្ឋចុះដោះស្រាយផលប៉ះពាល់។ សម្ដេចធិបតី បានធ្វើការអំពាវនាវបែបនេះនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការកំពង់ផែពហុបំណងកំពត ស្ថិតនៅក្រុងបូកគោ ខេត្តកំពត នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ « ខ្ញុំសូមបងប្អូនដែលមិនរស់នៅតំបន់សណ្ដ ជាពិសេសអ្នកវិនិយោគ អ្នកដែលចាប់ឱកាសលឿន ខ្ញុំសុំព្រោះឥលូវខ្ញុំលឺល្ហិចល្ហៀងថា មានប្រមូលគ្នាដើម្បីទិញដីកាក់ទុក សូមកុំប៉ះកន្លែងដែលយើងធ្វើតែប៉ុន្មានម៉ែត្រហ្នឹង ការអភិវឌ្ឍន៍កន្លែងផ្សេងៗនៅជាប់ហ្នឹងធ្វើចុះ បើពេលគេធ្វើហើយ ព្រោះបើសិនព្រែកជីកហ្នឹងធ្វើមិនចេញ ធ្វើយឺត យើងក៏ខាតដែរ។ ប្រជាពលរដ្ឋនៅទីនោះ គាត់មានដី គាត់វិនិយោគ គាត់ធ្វើអ្វីផ្សេងពេលបង្កើត អ្នកណាទិញ អ្នកណាលក់ ជារឿងផ្សេងៗ តែកុំប៉ះកន្លែងដែលយើងធ្វើព្រែកជីកហ្នឹង ទុកកន្លែងហ្នឹងដើម្បីយើងអាចធ្វើព្រែកជីកបានសម្រេច»​។

សម្ដេចធិបតី ក៏បានបញ្ជាក់ច្បាស់ៗថា៖ «ជាពិសេសអ្នកខាងគួកជេដី និយាយឱ្យច្បាស់តែម្ដង កុំឱ្យដល់រដ្ឋចាប់ផ្ដើមដាក់គោលនយោបាយ ស្រាប់តែដីស្រែបង្ហោះចេញមកខ្ទង់មួយការ៉េ ១ពាន់ដុល្លារ ចប់បាត់។ កន្លែងហ្នឹងទុកទៅ រដ្ឋមិនហាមឃាត់ទាំងអស់ទេ ដូចជាកន្លែងជាប់ហ្នឹង សក្ដានុពលទាំងអស់ តែនៅក្នុងរង្វង់នៃការដោះស្រាយ យើងនឹងដោះស្រាយទៅតាមផលប៉ះពាល់ សូមកុំជម្រុញនៅក្នុងការអនុវត្តបែបនេះ។ ខ្ញុំសូមអំពាវនាវឱ្យហើយ ក៏ដូចជាការបញ្ជូនសារទុកមុនឱ្យហើយ ដើម្បីរួមគ្នា បងប្អូនទាំងអស់គ្នា ជាពិសេសបងប្អូនតាមបណ្ដោយសណ្ដព្រែក ខ្ញុំឃើញថ្ងៃមុនមានវិទ្យុមួយគាត់ទៅសម្ភាសប្រជាជននៅទីនោះ គាត់រំពឹងទុក ព្រោះឥលូវគាត់ធ្វើកសិកម្មដាំស្វាយ ដាំដំណាផ្សេងៗ មានព្រែកតូចមួយអត់មានអ្នកចូលមកដឹកទេ ហើយបើដឹកទៅផ្លូវមុខវាឆ្ងាយ តែបើយកផ្លូវទឹកអន្តរជាតិមកដាក់ឱ្យគាត់នឹងកើន អ៉ីចឹងគាត់ចង់បានណាស់ ហើយអ៉ីចឹងសុំអ្នកវិនិយោគ និងអ្នកួកជេដីធ្លី សុំកុំដណ្ដើម ចាប់ទិញដីកាក់នៅកន្លែងហ្នឹងដើម្បីរដ្ឋចំណាយថវិកាដោះធ្ងន់ អ៉ីចឹងសុំជួយដើម្បីឱ្យគម្រោងនេះទទួលបានជោគជ័យ »៕

អត្ថបទ៖ លីនី