សម្ដេចធីបតី ហ៊ុន ម៉ាណែត បានអនុម័តគម្រោងតម្លៃជាង ៣០០លានដុល្លារ ដើម្បីដោះស្រាយបញ្ហាលិចទឹកនៅភ្នំពេញ
សេដ្ឋកិច្ច April 11, 2024 Khmernote

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា នៅដើមអាណត្តិថ្មីនេះសម្តេចបានសម្រេចអនុម័តនូវគម្រោងមួយ ដើម្បីដោះស្រាយបញ្ហាទឹកលិចនៅភ្នំពេញ ដែលគ្រោងនឹងចំណាយថវិកាប្រមាណ ៣០០លានដុល្លារ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ ២០២៤នេះ នាឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ទាក់ទងទៅនឹងការដោះស្រាយបញ្ហាទឹកលិច នៅតាមបណ្តាទីប្រជុំជនធំៗមួយចំនួន នៅដើមអាណត្តិនេះខ្ញុំបានដាក់ចេញនូវគោលការណ៍ និងផ្តល់នូវគោលការណ៍ និងរៀបចំផែនការមួយចំនួន ក្នុងនោះនៅក្នុងរាជធានីភ្នំពេញ ខ្ញុំបានអនុម័តនូវគម្រោងមួយនៅក្នុងមួយអាណត្តិថ្មីនេះ ដើម្បីខិតខំធ្វើយ៉ាងណាដោះស្រាយបញ្ហាទឹកជំនន់នៅភ្នំពេញ ខ្ញុំអនុម័តគម្រោងជាង ៣០០លានដុល្លារ និងបានកំពុងអនុវត្តន៍»។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា៖ « គម្រោងមួយនេះបានផ្តោតទៅលើ ២មុខព្រួញ ដែលមុខព្រួញទី១ គឺការបញ្ចៀសទឹកកុំឱ្យបុកមកក្នុងរាជធានីភ្នំពេញ, ទី២ ដោះស្រាយប្រព័ន្ធរំដោះទឹកនៅក្នុងរាជធានីភ្នំពេញដែលមានស្រាប់ ចំពោះការដោះស្រាយប្រព័ន្ធរាជធានីដែលមានស្រាប់ ស្ថាប័នទទួលខុសត្រូវ មានក្រសួងសាធារណការ និងដឹកជញ្ជូន មន្ទីសាធារណការ និងសាលារាជធានីភ្នំពេញ ហើយកិច្ចការនេះនឹងផ្តោតលើការរៀបចំការកាយប្រឡាយរំដោះទឹក ការរៀបចំស្តារដាក់លូថ្មី និងរៀបចំបង្កើតស្ថានីយបូមទឹក។ ផែនការនេះកំពុងតែចាប់ផ្តើមជាបណ្តើរៗហើយ ដែលមកដល់ពេលនេះមន្ត្រីជំនាញកំពុងសិក្សាលើផលប៉ះពាល់ផងដែរ។ ចំពោះការបញ្ជៀសទឹកពីខាងក្រៅ បានប្រគល់ភារកិច្ចទៅឱ្យក្រសួងធនធានទឹក និងឧត្តុនិយមជាអ្នកអនុវត្តន៍ ដោយខិតខំធ្វើយ៉ាងណាបណ្តោះទឹកឱ្យបានច្រើន ធ្វើយ៉ាងណាកុំឱ្យទឹកធ្លាក់ខ្លាំងទៅលើស្ទឹងព្រែកត្នោត។ អ៉ីចឹងប្រព័ន្ធនេះ ភាគច្រើនគឺពាក់ព័ន្ធទៅនឹងការស្តារប្រឡាយដែលមានស្រាប់ ក្នុងនោះមានប្រឡាយធំៗចំនួន៣ ស្ទឹងតូចៗចំនួន១០ និងកសាងស្ថានីយបូមទឹកថ្មីចំនួន ៤កន្លែង និងប្រព័ន្ធប្រឡាយពាក់ព័ន្ធមួយចំនួនទៀត ដើម្បីធ្វើយ៉ាងណាបញ្ជៀសទឹកឱ្យបានច្រើន កុំឱ្យធ្លាក់មករាជធានីភ្នំពេញ និងបញ្ជូនឱ្យហូរចុះទៅក្នុងទន្លេ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្ថែមថា៖ «ចំពោះមុខព្រួញទី២ គឺជួសជុល កែលម្អ ស្ដារប្រព័ន្ធ ស្រោចស្រម រំដោះទឹក នាភាគនិរតីភ្នំពេញ ដែលក្នុងនោះយើងស្ដារអនុគម្រោង រលាំងជ្រៃ នៅសំរោងទង ខេត្តកំពងស្ពឺ ហើយមួយទៀតអនុគម្រោងនៅកណ្ដាលស្ទឹង ខេត្តកណ្ដាល ធ្វើយ៉ាងណាឱ្យលំហូរទឹកចែក កុំឱ្យបុកមកខ្លាំងនៅភ្នំពេញ។ ពាក់ព័ន្ធទៅនឹងកិច្ចការងារនេះដែរ គឺសំដៅធ្វើយ៉ាងណា កុំឱ្យមានទឹកច្រើនពេកនៅខែវស្សា រហូតឈានដល់ការលិចលង់ និងកុំឱ្យមានការខ្វះខាតទឹកនៅខែប្រាំង ហើយកិច្ចការងារនេះគឺធ្វើឡើងដើម្បីធានាឱ្យបាននូវការគ្រប់គ្រងទឹកឱ្យបានល្អប្រសើរផងដែរ៕

អត្ថបទ៖ លីនី