ប្រយ័ត្នត្រូវពិន័យ! អគ្គនាយកដ្ឋានពន្ធដារ បញ្ជាក់ថា នៅថ្ងៃទី៣១ ខែមីនា នេះ ការបង់​ពន្ធ ៣ប្រភេទនឹងត្រូវផុតកំណត់
សេដ្ឋកិច្ច March 22, 2024 Khmernote

អគ្គនាយកដ្ឋានពន្ធដារ បញ្ជាក់ជាថ្មីថា អ្នកជាប់ពន្ធ ៣ប្រភេទ រួមមាន ពន្ធលើប្រាក់ចំណូល ពន្ធប៉ាតង់ និងពន្ធលើផ្ទាំងផ្សព្វផ្សាយនៅសល់ពេលតែប្រមាណ ១សប្តាហ៍ទៀតប៉ុណ្ណោះ ក្នុងការដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធប្រចាំឆ្នាំ ខណៈប្រភេទពន្ធទាំងនេះសុទ្ធតែអាចប្រកាសបានតាមកម្មវិធីនិងប្រព័ន្ធអនឡាញ។

នៅក្នុងព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍ លេខៈ៥១ អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា នៅសល់ពេលប្រមាណ ១សប្តាហ៍ទៀតប៉ុណ្ណោះ ពោលគឺថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ ជាកាលបរិច្ឆេទចុងក្រោយនៃការដាក់ លិខិតប្រកាសនិងបង់ប្រាក់ពន្ធប្រចាំឆ្នាំ ដែលប្រភេទពន្ធទាំងនេះរួមមាន៖

ពន្ធលើប្រាក់ចំណូល៖ ជាកាតព្វកិច្ចរបស់បុគ្គលនិវាសនជនចំពោះប្រាក់ចំណូលប្រភពកម្ពុជា និងប្រាក់ចំណូលប្រភពបរទេស និងជាកាតព្វកិច្ចរបស់បុគ្គលអនិវាសនជនចំពោះប្រាក់ចំណូលប្រភពកម្ពុជា។ មូលដ្ឋានគិតពន្ធលើប្រាក់ចំណូល គឺជាប្រាក់ចំណេញប្រចាំឆ្នាំ ដែលកើតចេញពីប្រាក់ចំណូលកាត់កងនូវចំណាយនានាស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ស្តីពីពន្ធដារជាធរមាន ចំពោះបុគ្គល ដែលខាតពីការធ្វើសកម្មភាពអាជីវកម្ម មិនត្រូវបង់ពន្ធលើប្រាក់ចំណូលនោះទេ ប៉ុន្តែមានកាតព្វកិច្ចដាក់លិខិតប្រកាសជាធម្មតា។

ពន្ធប៉ាតង់៖ គឺជាពន្ធប្រចាំឆ្នាំដែលត្រូវបានកំណត់លើសកម្មភាពអាជីវកម្មនីមួយៗរបស់អ្នកជាប់ពន្ធដោយផ្អែកលើប្រភេទអ្នកជាប់ពន្ធ និងកម្រិតផលរបរ ដោយអ្នកជាប់ពន្ធតូច ត្រូវបង់ពន្ធប៉ាតង់ប្រចាំឆ្នាំចំនួន ៤០០ ០០០ រៀល អ្នកជាប់ពន្ធមធ្យម ត្រូវបង់ពន្ធប៉ាតង់ ប្រចាំឆ្នាំចំនួន ១ ២០០ ០០០ រៀល និងអ្នកជាប់ពន្ធធំត្រូវបង់ពន្ធប៉ាតង់ចំនួន ៣ ០០០ ០០០ រៀល ឬ ៥ ០០០ ០០០ រៀល ចំពោះអ្នកជាប់ពន្ធធំដែលមានផលរបរលើសពី ១០ ០០០ លានរៀលឡើងទៅ។

ពន្ធលើផ្ទាំងផ្សព្វផ្សាយ៖ ត្រូវប្រមូលលើបណ្ណ ស្លាក ឬផ្ទាំង ដែលមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្ម ដើម្បីឱ្យអតិថិជន ឬសាធារណជន បានស្គាល់ពីផលិតផល ឬសេវាកម្ម រួមមាន បណ្ណប្រកាសផ្សាយពាណិជ្ជកម្មធ្វើឡើងពីកៅស៊ូ ក្រដាសធម្មតា កំណាត់សំពត់ ឬវត្ថុផ្សេងៗ ស្លាកអាជីវកម្មដ្ឋានសម្រាប់សម្គាល់ឈ្មោះ ទីតាំង ទីស្នាក់ការ ការិយាល័យ ឬទីកន្លែងប្រកបអាជីវកម្មនានា និងផ្ទាំងអក្សរឬផ្ទាំងរូបភាព សម្រាប់គោលបំណងពាណិជ្ជកម្ម។

ទន្ទឹមនឹងនោះដែរ ពន្ធដារក៏បានបញ្ជាក់បន្ថែមថា ចំពោះពន្ធប្រចាំឆ្នាំទាំង ៣ ប្រភេទខាងលើនេះ សុទ្ធតែអាចធ្វើការប្រកាសនិងបង់ប្រាក់ពន្ធបានតាមប្រព័ន្ធអនឡាញ ដោយមិនតម្រូវឱ្យអ្នកជាប់ពន្ធចំណាយពេលវេលាមកផ្ទាល់នៅរដ្ឋបាលសារពើពន្ធនោះទេ ក្នុងនោះ ពន្ធលើប្រាក់ចំណូល អ្នកជាប់ពន្ធអាចវាស់ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ (Tol e-Filing) សម្រាប់អ្នកជាប់ពន្ធមធ្យមនិងធំ និងកម្មវិធី ប្រកាសពន្ធអាជីវកម្មសម្រាប់អ្នកជាប់ពន្ធតូច (GDT Tax Prefiling App)។ ពន្ធប៉ាតង់ អ្នកជាប់ពន្ធអាចប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងបង់ប្រាក់ ពន្ធតាមអនឡាញ (e-Payment) ព្រមទាំងអាចបោះពុម្ពប័ណ្ណប៉ាតង់បានដោយខ្លួនឯង ដោយឡែក ពន្ធលើផ្ទាំងផ្សព្វផ្សាយ អ្នកជាប់ពន្ធ អាចប្រកាសនិងបង់ប្រាក់ពន្ធបានតាមកម្មវិធីទូរស័ព្ទដៃអ្នកជាប់ពន្ធ (GDT Taxpayer App)៕

ប្រភព៖ អគ្គនាយកដ្ឋានពន្ធដារ