ជប៉ុន សរសើរស្វាយខ្មែរថាឆ្ងាញ់ ហើយយកស្វាយខ្មែរផលិតចេញជាភេសជ្ជៈ ដាក់លក់នៅជប៉ុនដាច់ខ្លាំងរហូតដល់អស់ពីស្តុក
អាជីវកម្ម March 16, 2024 Khmernote

ផ្លែស្វាយខ្មែរកំពុងពេញនិយម និងផ្ទុះការគាំទ្រជាខ្លាំងនៅលើទឹកដីប្រទេសជប៉ុន ក្រោយជប៉ុនបានយកស្វាយខ្មែរច្នៃចេញជាភេសជ្ជៈយកទៅដាក់លក់លើវេបសាយ shop.umenoyado ព្រមទាំងនៅតាមបណ្ដាម៉ាតនានា ទទួលបានការគាំទ្រខ្លាំងមែនទែនពីសំណាក់ប្រជាជនជប៉ុន និងពីប្រជាជនខ្មែរដែលរស់នៅទីនោះ ពោលគឺលក់រហូតដល់ដាច់ស្តុកតែម្ដង។

បើតាមការបង្ហោះនៅលើគណនីផ្លូវការរបស់អ្នកស្រី សែម ណាវី ម្ចាស់ក្រុមហ៊ុន​ Sisyphus.inc បានឱ្យដឹងថា ភេសជ្ជៈដែលច្នៃចេញពីស្វាយខ្មែរ មានរសជាតិឆ្ងាញ់ណាស់ នេះដាច់ស្តុករហូត រកទិញទម្រាំតែបាន។

ទន្ទឹមនឹងនេះ អ្នកស្រីបានឱ្យដឹងបន្ថែមថា ខាង​ក្រុមហ៊ុនដែលច្នៃ បាន​មក​ពិភាក្សា​ជាមួយ​អ្នកស្រី ដេីម្បី​រក​វីធីសាស្រ្ត​ យក​ស្វាយ​ខ្មែរ​មក​ប្រទេស​ជប៉ុនឱ្យបាន​កាន់​តែ​ច្រើន​ ដេីម្បី​ឱ្យ​ស្វាយ​ខ្មែរ​​លេច​ធ្លោ​ជាង​ប្រទេស​ថៃ​ និង​ហ្វីលីពីន​ ដោយ​សារ​ស្វាយ​ខ្មែរ​មាន​រសជាតិ​ឆ្ងាញ់​ជាង​ប្រទេស​ជិត​ខាង​ដាច់​។ លើសពីនេះទៅទៀត ក្រុមហ៊ុនចង់ឱ្យស្វាយ​ខ្មែរ​ក្លាយជាស្វាយ​ប្រេន​មួយ​សម្រាប់​ប្រទេស​ខ្មែរ​ ដែលមានផ្លាក​សញ្ញា​ប្រចាំ​ផលិត​ផល​ ដែល​អាច​សម្គាល់​ថា​ជា​ផលិតផល​ខ្មែរ​ ដែល​ទទួល​ស្គាល់​ពី​រដ្ឋាភិបាល​ ផងដែរ។

អ្នកស្រីបានបន្ថែមទៀតថា កាលពីឆ្នាំ​មុន ក្រុមហ៊ុន នាំ​ស្វាយ​ខ្មែរ​មក​ជប៉ុន​ចំនួន ២០០តោន​ ហេីយ​ឆ្នាំ​ថ្មី​នេះ ​ក្រុមហ៊ុន​មាន​គំរោង​នាំ​ចូលស្វាយចូល​ប្រទេស​ជប៉ុន​ចាប់​ពី ៣០០តោន​ ទៅ ៥០០តោន​ រឺ​ច្រេីន​ជាង​នេះ​ទៅ​ទៀត​ បើសិនជាអាច​ទទួល​បាន​ការ​សហការ​ណា​មួយ​ពី​ប្រទេស​ខ្មែរ​៕