ក្រុមហ៊ុន Toyota Motor នៅតែរក្សាបានតំណែងរបស់ខ្លួនជាក្រុមហ៊ុនផលិតរថយន្តដែលលក់ដាច់បំផុតរបស់ពិភពលោក សម្រាប់រយៈពេល ៤ឆ្នាំជាប់ៗគ្នា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នេះ។
ក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុនមួយនេះ បានប្រកាសពីការលក់ប្រចាំឆ្នាំចំនួន ១១.២ លានគ្រឿងក្នុងឆ្នាំ២០២៣ ខណៈការលក់ជាក្រុមនៅទូទាំងពិភពលោក ដែលក្នុងនោះរួមទាំងការលក់របស់ក្រុមហ៊ុនផលិតរថយន្តខ្នាតតូច Daihatsu និងក្រុមហ៊ុនផលិតរថយន្តដឹកទំនិញ Hino Motors មានការកើនឡើង ៧.២%។
ជាមួយគ្នានេះដែរ បើយោងតាមទិន្នន័យនៅថ្ងៃអង្គារនេះ បានបង្ហាញពីការលក់រថយន្តសម្រាប់តែក្រុមហ៊ុន Toyota តែឯង និងរាប់បញ្ចូលទាំងម៉ាកយីហោ និងម៉ាក Lexus បានឈានដល់កំណត់ត្រាចំនួន ១០.៣ លានគ្រឿងក្នុងឆ្នាំ២០២៣។ ដោយឡែក ក្រុមហ៊ុនរបស់អាល្លឺម៉ង់ Volkswagen Group ដែលជាគូប្រជែងរបស់ Toyota បានឈរនៅលំដាប់ទី២ ដោយការលក់ឈានដល់ ៩.២ លានគ្រឿង កើនឡើង ១២% ក្នុងឆ្នាំ២០២៣៕
អត្ថបទ៖ លីនី
ប្រភព៖ VNExpress