ក្រុមហ៊ុនបរទេសមួយ ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនផលិតស្រាម៉ាកល្បីៗ បានវិនិយោគផលិតកែច្នៃស្រាអង្ករខ្មែរតាម​ស្តង់ដានាំ​ចេញទៅ​បរទេសតាំងពីឆ្នាំ២០១៧
អាជីវកម្ម January 26, 2024 Khmernote

ក្រុមហ៊ុន Pernod Ricard Cambodge ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនផលិតស្រាម៉ាកល្បីៗ បានវិនិយោគផលិតកែច្នៃស្រាអង្ករខ្មែរតាម​ស្តង់ដានាំ​ចេញទៅ​បរទេសតាំងពីឆ្នាំ២០១៧។

យោងតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក Ong Daren នាយកគ្រប់គ្រងនៃក្រុមហ៊ុន Pernod Ricard Cambodge ដែលជាក្រុមហ៊ុនវិនិយោគលើការផលិតកែច្នៃប្រភេទស្រាអង្ករខ្មែរ។

តាមរយៈការចុះផ្សាយនៅលើផេកផ្លូវការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា Pernod Ricard Cambodge ជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Pernod Ricard ដែលជាក្រុមហ៊ុនផលិត Wine មានប្រតិបត្តិការនៅប្រមាណ ៨៦សាខា និងមានផលិតផលអន្តរជាតិជាម៉ាកល្បីៗដូចជា Absolut Vodka, Martell Cognac, Mumm Champagne, The Glenlivet និង Chivas Regal whiskey ជាដើម។

សូមជម្រាបថា ក្រុមហ៊ុន Pernod Ricard Cambodge បានចុះបញ្ជីនៅកម្ពុជាក្នុងឆ្នាំ២០១៧ ដើម្បីវិនិយោគលើការផលិត កែច្នៃ និងនាំចេញប្រភេទស្រាអង្កររបស់ខ្មែរ ស្រា-ស ដែលស្របតាមស្ដង់ដាបច្ចេកទេស មានវិធានការត្រួតពិនិត្យគុណភាព និងសុវត្ថិភាព សំដៅឱ្យតម្លៃលើផលិតផល និងរសជាតិដើមនៃស្រាអង្ករ ស្រា-ស ខ្មែរ៕

អត្ថបទ៖ លីនី