អ្នកគ្រប់គ្រងសហគមន៍កីខ្មែរ ស្នើដល់ក្រសួងពាក់ព័ន្ធ ជួយទប់ស្កាត់ការចម្លងគោមខ្មែរយកមកព្រីននៅលើក្រណាត់ ហើយយកមកដាក់លក់លើទីផ្សារក្នុងប្រទេសកម្ពុជា
អាជីវកម្ម January 16, 2024 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ការចម្លងគោមខ្មែរយកមកព្រីននៅលើក្រណាត់ ហើយយកមកដាក់លក់លើទីផ្សារក្នុងប្រទេសកម្ពុជា វាបានធ្វើឱ្យប៉ះពាល់ជាខ្លាំងចំពោះសិប្បកម្ម ដែលបងប្អូនជាសិប្បករខ្មែរយើងបានធ្វើដោយដៃ បែបបុរាណរបស់យើង ។ នេះជាការលើកឡើងរបស់អ្នកគ្រប់គ្រងសហគមន៍កីខ្មែរ លោក ផេង សុផល នៅក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកយកព័ត៌មាន របស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ស្តីពីការវិវត្តន៍ផ្នែកតម្បាញនៅកម្ពុជានាពេលបច្ចុប្បន្ន ដោយលោកបានស្នើយ៉ាងទទូចដល់ក្រសួងពាក់ព័ន្ធ ឱ្យជួយទប់ស្កាត់ចំពោះបញ្ហានេះ។

លោក ផេង សុផល មានប្រសាសន៍ថា៖ ការរក្សានូវតម្លៃគោមខ្មែរបុរាណ គឺជាកិច្ចការដ៏មានសារៈសំខាន់ សម្រាប់វប្បធម៌ប្រពៃណីខ្មែរ នៅពេលដែលយើងគិតថា វប្បធម៌របស់យើងថ្លៃ ។ ក៏ប៉ុន្តែយើងបែរទៅជាគាំទ្រការលួចចម្លងគោមរបស់ខ្មែរ យកមកព្រីនដើម្បីលក់ឱ្យខ្មែរវិញ វាហាក់បីដូចជាការលើកទឹកចិត្តអ្នកដែលលួចចម្លងវប្បធម៌ប្រពៃណីខ្មែរ ព្រីនយកមកលក់ឱ្យខ្មែរវិញអ៊ីចឹង ។ វាគឺជារឿងមួយដែលយើងត្រូវតែសហការគ្នា ដើម្បីទប់ស្កាត់ ការពារកុំឱ្យប៉ះពាល់ទៅដល់វប្បធម៌តម្បាញរបស់ខ្មែរយើង ដែលយើងបាននិងកំពុងតែឱ្យតម្លៃទៅលើការត្បាញតាមបែបបុរាណ ការឱ្យពណ៌តាមបែបធម្មជាតិ និងការប្រើប្រាស់នូវគោមបែបជារបស់ខ្មែរ នៅលើផលិតផលតម្បាញនីមួយៗរបស់យើងដើម្បីឱ្យកូនចៅយើងគ្រប់ជំនាន់បានស្គាល់ ។

អ្នកគ្រប់គ្រងសហគមន៍កីខ្មែរ លោក ផេង សុផល បានបន្តលើកឡើងថា ជាមួយគ្នានេះ យើងក៏មានការសោកស្តាយ ចំពោះការបាត់បង់នូវស្នាដៃវប្បធម៌មួយចំនួន ស្តីអំពីការងារតម្បាញនេះ ដោយសារភាគច្រើន អ្នកដែលធ្វើការងារតម្បាញសព្វថ្ងៃនេះ គឺជាមនុស្សចាស់ ពុំសូវមានក្មេងៗទេ ។ លោកថា បញ្ហានេះ គឺយើងពិបាកនិយាយណាស់ ព្រោះពលរដ្ឋម្នាក់ៗត្រូវការខាងផ្នែកជីវភាពរស់នៅប្រចាំថ្ងៃជាចាំបាច់ ។ តែបើពួកគាត់ពឹងពាក់មកលើតម្បាញនេះ ដើម្បីទ្រទ្រង់ជីវភាពប្រចាំថ្ងៃ គឺមិនអាចទៅរួចទេ កត្តានេះហើយអាចធ្វើឱ្យការងារតម្បាញ បែបបុរាណរបស់យើង បានបាត់បង់មួយថ្ងៃ បន្តិចៗ ដ៏គួរឱ្យសោកស្តាយខ្លាំងណាស់ ។ តែទោះជាបែបនេះក៏ដោយចុះ លោក ផេង សុផល ប្រាថ្នាចង់ឱ្យមានការគាំទ្រ ចំពោះកិច្ចការមួយនេះ ទៅតាមលទ្ធភាពដែលយើងទាំងអស់គ្នាអាចធ្វើទៅបាន។

លោកបានគូសបញ្ជាក់ថា ព្រោះពេលខ្លះបើយើងមិនបានគាំទ្រ ហើយយើងបែរទៅជាលើកស្ទួយនូវការលួចចម្លងគោមខ្មែរ របស់អ្នកដទៃយកមកប្រើប្រាស់យើង ទៅលើកស្ទួយនូវផលិតផលជំនួស ដែលគេលួចចម្លងនូវវប្បធម៌ប្រពៃណីរបស់យើង ហើយគេយកមកព្រីននៅលើក្រណាត់ រួចគេយកមកលក់ឱ្យយើងទិញយកមកស្លៀក ព្រោះគិតថា វាមានតម្លៃទាបជាងរបស់ដែលយើងផលិតដោយដៃ នៅក្នុងស្រុកនោះ ។ យូរៗទៅតម្លៃនៃវប្បធម៌ប្រពៃណីដ៏ផូរផង់ របស់យើងវានឹងបាត់បង់ទៅដោយឥតដឹងខ្លួន « យើងគិតថា វប្បធម៌របស់យើងថ្លៃ តែយើងបែរទៅជាគាំទ្ររបស់លួចចម្លងទៅវិញ ប្រការនេះហើយដែលធ្វើឱ្យការបាត់បង់វប្បធម៌របស់យើងកាន់តែឆាប់ផងដែរ» ។ នេះជាការបញ្ជាក់របស់លោក ផេង សុផល ដោយលោកនៅតែស្នើយ៉ាងទទូចដល់បណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ ឱ្យចូលរួមក្នុងការទប់ស្កាត់ ការលួចចម្លងគោមបុរាណខ្មែរ យកទៅព្រីននៅលើក្រណាត់ ហើយយកមកលក់នៅលើទីផ្សារខ្មែរវិញ នៅក្នុងតម្លៃទាបជាងផលិតផលពិតប្រាកដ ដែលបងប្អូនយើងត្បាញបានដោយដៃផ្ទាល់។

លោកថា ការស្នើសុំឱ្យមានការទប់ស្កាត់នេះ លោកធ្លាប់បានលើកឡើងក្នុងកិច្ចប្រជុំ ជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងបានលើកឡើងជាមួយបណ្តាដៃគូសហការនានា ។ បើតាមលោក ផេង សុផល ថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងតែធ្វើកិច្ចការនេះហើយ តែលោកពុំបានដឹងថា វាបានដំណើរការដល់ណាហើយនោះទេ ដែលលោកក៏កំពុងតែទន្ទឹងរង់ចាំមើលផងដែរ ។

ជាចុងក្រោយអ្នកគ្រប់គ្រងសហគមន៍កីខ្មែររូបនេះ បានសំណូមពរដល់ពលរដ្ឋខ្មែរ ឱ្យផ្តល់តម្លៃចំពោះវប្បធម៌របស់ខ្លួន ដោយលោកបានលើកឡើងថា ទោះបីជាយើងមិនទិញនូវវប្បធម៌របស់យើង តែយើង ក៏មិនត្រូវទិញនូវវប្បធម៌ ដែលអ្នកដទៃគេលួចចម្លងពីរបស់យើងដែរ « សូមកុំលើកទឹកចិត្តអ្នកលួចចម្លង ធ្វើឱ្យបាត់បង់អ្វីៗ ដែលជារបស់យើងឱ្យសោះ »៕

ប្រភព៖ ក្រសួងព័ត៌មាន